សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ស៊ី ៖ ចិន នៅតែចាត់ទុកអាស៊ានជាអាទិភាពនៃទំនាក់ទំនងការទូតប្រទេសជិតខាង
27, Nov 2020 , 10:29 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ថ្លែងនៅក្នុងវីដេអូថតទុក នៅក្នុងពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំជំនួញ និងវិនិយោគចិន-អាស៊ាន លើកទី១៧ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ថ្លែងនៅក្នុងវីដេអូថតទុក នៅក្នុងពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំជំនួញ និងវិនិយោគចិន-អាស៊ាន លើកទី១៧ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Xinhua
ចិន នៅតែបន្តចាត់ទុកអាស៊ានជាអាទិភាពនៅក្នុងនយោបាយការទូតប្រទេសជិតខាង និងជាដៃគូដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិផ្លូវ និងខ្សែក្រវាត់។ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា។

 
ថ្លែងនៅក្នុងវីដេអូថតទុកទៅកាន់ពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំជំនួញ និងវិនិយោគចិន-អាស៊ាន លើកទី១៧ នៅក្នុងទីក្រុង Nanning នៃតំបន់ស្វយ័ត Guangxi Zhuang លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានលើកឡើងយ៉ាងដូច្នេះថា៖ « ចិន នៅតែបន្តចាត់ទុកអាស៊ាន ជាដៃគូអាទិភាពនៃទំនាក់ទំនងការទូតប្រទេសជិតខាង»។ 
 
បើតាមលោកប្រធានាធិបតីចិន អាស៊ាន ក៏ជាដៃគូដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការផ្លូវ និងខ្សែក្រវាត់ផងដែរ ដែលធ្វើឲ្យចិន និងអាស៊ាន អាចសហការជាមួយគ្នា ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក៏ដូចជាការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់។ ក្នុងន័យនេះ ប្រមុខរដ្ឋចិន បានទទូចឲ្យអាស៊ាន និងចិន បង្កើនទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត និងភាពស៊ីសង្វាក់គ្នានៅក្នុងការអភិវឌ្ឍគម្រោងជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។ 
 
ការលើកឡើងរបស់លោក ស៊ី ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិន បានប្រកាសថា របៀបវារៈនៃគោលនយោបាយការបរទេសអាមេរិកថ្មី នឹងធ្វើឲ្យអាមេរិក ក្លាយជាប្រទេសកាន់កាប់ភាពជាអ្នកដឹកនាំពិភពលោកម្តងទៀត និងពង្រឹងចំណងទំនាក់ទំនងជាមួយប្រទេសម្ព័ន្ធមិត្តនៅក្នុងតំបន់-អាស៊ី-បាស៊ីហ្វិក។ 
 
នៅក្នុងពិព័រណ៍ ដែលប្រព្រឹត្តិឡើងតាមប្រព័ន្ធវីដេអូដដែលនេះ ប្រមុខរដ្ឋចិន បានយល់ថា ទំនាក់ទំនងចិន និងអាស៊ាន បានរីកចម្រើនឡើងយ៉ាងជោគជ័យបំផុត និងជាគំរូដ៏ល្អមួយសម្រាប់កិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងតំបន់អាស៊ី-បាស៊ីហ្វិក និងជាឧទាហរណ៍ នៃកិច្ចខិតខំ ក្នុងកសាងសន្តិភាពរួមគ្នាសម្រាប់មនុស្សជាតិ។ 
 
ទន្ទឹមនេះ លោក ស៊ី បានសន្យាថា ចិននឹងសហការជាមួយអាស៊ានបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងដៃគូជាយុទ្ធសាស្រ្តឲ្យទៅក្នុងកម្រិតខ្ពស់ជាងមុន ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២១ ដែលជាខួបលើកទី៣០ នៃដៃគូសន្ទនារវាងចិន និងអាស៊ាន។ 
 
ក្រៅពីសេដ្ឋកិច្ច និងការរឹតចំណងទំនាក់ទំនង ប្រធានាធិបតីចិន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើបញ្ហាកូវីដ-១៩, សេដ្ឋកិច្ចឌីជីថល, ទីក្រុងឆ្លាត, ប្រព័ន្ធសុខាភិបាល និងបញ្ហាផ្សេងទៀតរវាងចិន និងអាស៊ានផងដែរ៕ 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com