ជាតិ
​​​ន​យោ​បាយ​ជាតិ​
សវនាការលើអ្នកប្រឆាំងជាង១០០នាក់ ត្រូវទូតអាមេរិក ចោទសួរថា «នេះឬ ជាផ្លូវល្អបំផុតដើម្បីពង្រឹងប្រជាធិបតេយ្យ?»
27, Nov 2020 , 6:19 pm        
រូបភាព
លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ជុំវិញទំនាក់ទំនងកម្ពុជានិងអាមេរិក។
លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ជុំវិញទំនាក់ទំនងកម្ពុជានិងអាមេរិក។
ដោយ: ថ្មីៗ
«នេះឬ ជាផ្លូវល្អបំផុតដើម្បីពង្រឹងប្រជាធិបតេយ្យ?»។ វា ជាសំណួររបស់ឯកអគ្គរដ្ឋទូតអាមេរិក ដែលចោទសួរឡើងពេលឃើញតុលាការកម្ពុជា បើកសវនាការលើមនុស្សជាង១០០នាក់ ដែលពាក់ព័ន្ធជាមួយអតីតគណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា តបថា រឿងផ្លូវច្បាប់នៅតុលាការ មិនពាក់ព័ន្ធអ្វីជាមួយប្រជាធិបតេយ្យនោះទេ។


 
ស្ថានទូតអាមេរិក ក៏មិនខុសពីស្ថានទូតបរទេសផ្សេងទៀតដែរ ដែលបង្ហាញការចាប់អារម្មណ៍និងតាមដានមើលសវនាការទ្រង់ទ្រាយធំកម្រមានមួយនៅកម្ពុជា គឺសវនាការរបស់តុលាការរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះលើមនុស្ស១២៩នាក់ ក្នុងបន្ទប់សវនាការតែមួយនិងក្នុងពេលតែមួយ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ ជាក់ស្តែង មានជនជាប់ចោទតែ៣៤នាក់ប៉ុណ្ណោះ ដែលបានចូលរួមសវនាការ ខណៈជិត១០០នាក់ទៀត អវត្តមាន។ ពួកគេ ជាប់ចោទពីបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ 
 
លោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមធ្វីតធឺ (Twitter) ថា អ្នកសង្កេតការណ៍របស់ស្ថានទូតអាមេរិក បានទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចូលរួមធ្វើជាសាក្សី ក្នុងការបើកសវនាការជំនុំជម្រះក្តីទ្រង់ទ្រាយធំលើសកម្មជននយោបាយនិងសកម្មជនសង្គមស៊ីវិលទាំងនោះ។ 
 
លោកឯកអគ្គរដ្ឋទូត អះអាងថា ក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ បានដឹងថា ពួកគេ ត្រូវបានចោទពីបទអ្វីឡើយ ដែលជាហេតុធ្វើឲ្យមានក្តីបារម្ភបន្ថែមពីការខ្វះចន្លោះនៃនីតិវិធីត្រឹមត្រូវ។ លោក ចោទជាសំណួរបែបនេះថា៖«នេះឬ ជាផ្លូវល្អបំផុត ដើម្បីពង្រឹងប្រជាធិបតេយ្យ?»។



លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បកស្រាយថា អ្នកណា ដែលត្រូវជាប់ទោស គឺនឹងត្រូវជាប់ទោសហើយ។ លោក បញ្ជាក់ថា បញ្ហាផ្លូវច្បាប់នៅតុលាការ និងប្រជាធិបតេយ្យ អត់មានអ្វីពាក់ព័ន្ធគ្នាទេ។ 
 
អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«វា អត់មានពាក់ព័ន្ធគ្នាទេ។ មិនមែនបានសេចក្តីថា ប្រជាធិបតេយ្យហ្នឹង មិនមានតុលាការ មិនមានគោលការណ៍យុត្តិធម៌ មិនមែនអ៊ីចឹងទេ»។
 
ក្រោយសវនាការពេញមួយព្រឹកត្រូវបានបញ្ចប់ កាលពីម្សិលមិញ (២៦វិច្ឆិកា) ក្រុមប្រឹក្សាជំនុំជម្រះ មិនទាន់សម្រេចសេចក្តីអ្វីឡើយ ដោយគ្រាន់តែសម្រេចច្របាច់សំណុំរឿងចូលគ្នាជា២សំណុំរឿង។ លោក សំ សុគង់ មេធាវីការពារក្តី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា សំណុំរឿងទី១ មានមនុស្សជាង៥០នាក់ និងសំណុំរឿងទី២ មានមនុស្សជាង៧០នាក់ តាមការបែងចែករបស់ក្រុមប្រឹក្សាជំនុំជម្រះ។ 
 
លោក បន្ថែមថា ក្រុមប្រឹក្សាជំនុំជ្រះ កំណត់បន្តបើកសវនាការលើសំណុំរឿងទី១ ដែលមានមនុស្សជាង៥០នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងកំណត់បន្តបើកសវនាការលើសំណុំរឿងទី២ ដែលមានមនុស្សជាង៧០នាក់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ 
 
លោកមេធាវី ផ្តល់ព័ត៌មានថា ក្នុងសវនាការ លោក បានស្នើទៅក្រុមប្រឹក្សាជំនុំជម្រះ ឲ្យចេញដីកានីមួយៗដាច់ដោយឡែកពីគ្នា ហើយបញ្ជូនទៅគ្រប់កូនក្តីរបស់លោក។ កន្លងមក តុលាការ បានចេញដីកាអម ដែលមានឈ្មោះមនុស្សជាង១០០នាក់នោះរួមគ្នាតែម្តង ហើយយកទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ដើម្បីជូនដំណឹងដល់ពួកគេ អំពីការបើកសវនាការលើពួកគេ។ លោក ថ្លែងថា៖«អាចនឹងចេញដីកាថ្មី តាមការពិចារណារបស់ចៅក្រម»។ 

ក្នុងចំណោមមនុស្ស៣៤នាក់ ដែលបានទៅចូលរួមសវនាការ គ្មានអ្នកណាម្នាក់ ត្រូវឃាត់ខ្លួនឡើយ ដោយក្រុមប្រឹក្សាជំនុំជម្រះ សម្រេចឲ្យពួកគេទាំងអស់គ្នា ត្រឡប់ទៅលំនៅឋានវិញ។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានបញ្ចេញមតិជុំវិញការបើកសវនាការលើមនុស្ស១២៩នាក់នោះដែរ។ ដ្បិតមិនសំដៅចំទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក ឬមេធាវី តែលោក បានបកស្រាយជាទូទៅថា ដីការបស់តុលាការ មិនបានទៅដល់ដៃអ្នក ដែលត្រូវកោះហៅទាំងនោះ គឺដោយសារពួកគេ គ្មានទីលំនៅពិតប្រាកដ ហើយដូរទីលំនៅនិងរស់នៅចល័ត។
 
អ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាលរូបនេះ សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមទៅកាន់ក្រុមអ្នកកាសែតថា៖«ត្រឹម១៥០នាក់ មិនច្រើនទេ។ [បើ] នៅតែមានការចូលដៃជើងជាមួយក្រុមឧទ្ទាម ការចាប់នៅតែមានថែមទៀត»។ (ចំនួន១៥០នាក់ ប្រហែលជាលោក ចង់សំដៅលើក្រុមមនុស្ស ដែលត្រូវដោះហៅជាបន្តបន្ទាប់)។
 
ចំពោះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌វិញ លោក ចាត់ទុកការបើកសវនាការលើមនុស្សច្រើនបែបនេះ ថាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ។ លោក លើកឡើងថា សំណុំរឿងមួយចំនួន អាចមានមនុស្សច្រើននាក់ជាប់ពាក់ព័ន្ធ បើកាលណា វាជាសំណុំរឿង ដែលមានអង្គការចាត់តាំងនិងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ។
 
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿនដំណើរការនីតិវិធីរបស់តុលាការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ»។
 
សាររបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនមែនជាការឆ្លើយតបនឹងឯកអគ្គរដ្ឋទូតអាមេរិកឡើយ តែជាការឆ្លើយតបនឹងអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបង្ហាញការភ្ញាក់ផ្អើលនិងក្តីកង្វល់យ៉ាងខ្លាំង អំពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំនេះ។ អ្នកស្រី សន្និដ្ឋានថា ការជំនុំជម្រះក្តីទ្រង់ទ្រាយធំនេះ ទំនងជាកើតចេញពីហេតុផលនយោបាយ និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។
 
អ្នកស្រី យល់ថា ដំណើរការក្តីរបស់តុលាការ ទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យនិងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស មន្រ្តីជាប់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ សរសេរថា៖«លំហប្រជាពលរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា បានបន្តធ្លាក់ចុះ ហើយមានសញ្ញាតិចតួចប៉ុណ្ណោះ ដែលបង្ហាញពីការបង្រួបបង្រួមនិងការផ្សះផ្សារនយោបាយ»។
 
មនុស្សជាង១០០នាក់ខាងលើ ត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់ ដោយសារតែពួកគេ បង្ហាញការគាំទ្រគម្រោងធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែលោក សម រង្ស៊ី ពុំបានធ្វើមាតុភូមិនិវត្តតាមការគ្រោងទុកឡើយ។ រដ្ឋាភិបាល ចាត់ទុក គម្រោងធ្វើមាតុនិវត្តរបស់លោក សម រង្ស៊ី នាកាលនោះ ថាដើម្បីធ្វើរដ្ឋប្រហារ៕
 
 

Tag:
 Patrick Murphy
  អាមេរិក
  កម្ពុជា
  ផៃ ស៊ីផាន
  CNPR
© រក្សាសិទ្ធិដោយ thmeythmey.com