ចិន នឹងដំឡើងពន្ធលើស្រារបស់អូស្រ្តាលីរហូតដល់ ២១២ភាគរយ
សង្គមជាតិ
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន នឹងដំឡើងពន្ធលើស្រារបស់អូស្រ្តាលីរហូតដល់ ២១២ភាគរយ
28, Nov 2020 , 10:29 am        
រូបភាព
ស្រាអូស្រ្តាលី ដែលត្រូវបានដាក់លក់នៅក្នុងទីក្រុងប៉េកាំង។​ រូបភាព៖ AFP
ស្រាអូស្រ្តាលី ដែលត្រូវបានដាក់លក់នៅក្នុងទីក្រុងប៉េកាំង។​ រូបភាព៖ AFP
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថា ចិន នឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្រ្តាលីរហូតដល់ ២១២ភាគរយ ដោយគិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា តទៅ។ វិធានការនេះ ធ្វើឡើងដើម្បីការពារមិនឲ្យស្រាអូស្រ្តាលី លក់ក្នុងតម្លៃទាបជាងស្រាក្នុងស្រុករបស់ចិន។

 
ទំនាក់ទំនងចិន-អូស្រ្តាលី ក្នុងវិបត្តិកូវីដ-១៩ មិនសូវមានស្ថានភាពល្អប៉ុន្មានឡើយ ដោយភាគីអូស្រ្តាលី បានទាមទារឲ្យស្រាវជ្រាវរកប្រភពដើមកូរ៉ូណាវីរុស ខណៈពេលចិន បានដាក់ពន្ធជាច្រើនលើ ធ្យូងថ្ម ស្ករ ស្រូវបាលី និងបង្កងរបស់អូស្រ្តាលី។។ យ៉ាងណាក៏ដោយ ចិននៅតែបន្តដាក់ពន្ធលើទំនិញរបស់អូស្រ្តាលី ដោយសំអាងថា ទំនិញអូស្រ្តាលី មានតម្លៃថោកជាងទំនិញក្នុងស្រុកចិន។ 
 
ទាក់ទិននឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសដំឡើងពន្ធបណ្តោះអាសន្នលើស្រាអូស្រ្តាលី ដែលចិនអះអាងថា មានមួយចំនួន បានលក់ក្នុងតម្លៃទាបជាងស្រារបស់ចិន និងលក់ក្នុងតម្លៃទាបជាងនៅអូស្រ្តាលីទៅទៀត។ បើសិនគ្មានការប្រែប្រួលទេ ពន្ធលើស្រាអូស្រ្តាលី នឹងត្រូវដំឡើងចាប់ពី ១០៧ភាគរយ ដល់ ២១២ភាគរយ គិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា តទៅ។ ទីក្រុងប៉េកាំង មិនបានបញ្ជាក់ឡើយ ថាតើពេលណានឹងទម្លាក់ចោលពន្ធនាំចូលស្រាអូស្រ្តាលី។ 
 
ចិន ជាទីផ្សារនាំចេញស្រាធំបំផុតរបស់អូស្រ្តាលី។ បើតាមអាជ្ញាធរទទួលបន្ទុកលើស្រា អូស្រ្តាលី បាននាំចេញស្រាទៅចិនរហូតដល់ ៣៩ភាគរយ នៃចំនួននាំចេញសរុបក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២០។ បន្ទាប់ពីការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ក្រុមហ៊ុន Treasury Wine Estates ដែលជាក្រុមហ៊ុនផលិតស្រាធំមួយរបស់អូស្រ្តាលី បានធ្លាក់ចុះតម្លៃហ៊ុនរបស់ខ្លួនច្រើនជាង ១៣ភាគរយ។ 
 
នៅក្នុងខែសីហាកន្លងទៅ ចិន អះអាងថា ខ្លួនបើកការស៊ើបអង្កេតលើតម្លៃស្រាអូស្រ្តាលី បន្ទាប់ពីខ្លួនបានទទួលបានពាក្យត្អូញត្អែររបស់សមាគមឧស្សាហកម្មស្រានៅក្នុងស្រុក ជុំវិញតម្លៃស្រាអូស្រ្តាលីលក់ក្នុងតម្លៃទាប។ ពេលនោះ សមាគមឧស្សាហកម្មស្រាចិន បានស្នើឲ្យចិនដំឡើងពន្ធ ២០២,៧ ភាគរយ។ 
 
ជុំវិញការដំឡើងពន្ធស្រានេះ ភាគីអូស្រ្តាលី មិនពេញចិត្តឡើយ និងច្រានចោលការចោទប្រកាន់របស់ចិន។ រដ្ឋមន្រ្តីកសិកម្មអូស្រ្តាលី លោក David Littleproud បានប្រតិកម្មតាមបណ្តាញសង្គម Twitter ថា រដ្ឋាភិបាលអូស្រ្តាលី ខកបំណងជាខ្លាំងលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលចិនបែបនេះ ហើយអូស្រ្តាលី នឹងចេញវិធានការតបវិញ។ បើតាមសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្រ្តីកសិកម្ម ស្រាអូស្រ្តាលី គឺល្បីណាស់នៅក្នុងប្រទេសចិន និងក្នុងពិភពលោកទាំងមូល ហើយអូស្រ្តាលី ក៏មិនបានលក់បន្ទាបតម្លៃដែរ៕ 
 

Tag:
 ចិន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com