អាជ្ញាធរអប្សរា រកឃើញឡដុតភាជន៍នៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គធំ
ជាតិ
សង្គមជាតិ
អាជ្ញាធរអប្សរា រកឃើញឡដុតភាជន៍នៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គធំ
28, Nov 2020 , 11:07 am        
រូបភាព
ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើតំណាយឡដុតភាជន៍នៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ
ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើតំណាយឡដុតភាជន៍នៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ
មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយស្រាវជ្រាវ ប្រទេះឃើញឡដុតភាជន៍នៅជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ ដោយសង្ស័យថាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។ លោក ឆាយ រចនា ប្រធានការិយាល័យអង្គរភាពកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរអះអាងថា ឡផលិតភាជន៍នេះប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំង ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរអប្សរា។

 
ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបាន ធ្វើកំណាយស្រាវជ្រាវនៅទួលត្រពាំងបុស្ស ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្តសៀមរាប ដែលស្ថិតនៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ បានប្រទះឃើញឡដុតកុលាលភាជន៍បុរាណមួយកាលពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២០។ ជាមួយគ្នាដែរ ក្រុមជំនាញបានសន្និដ្ឋានបឋមថាឡនេះ ប្រហែលជាស្ថិតក្នុងសម័យអង្គរឬសម័យក្រោយអង្គរ។
 
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនិងជាប្រធានក្រុមកំណាយថា ការជ្រើសរើសទីតាំងធ្វើកំណាយនៅទួលត្រពាំងបុស្ស គឺដើម្បីឲ្យច្បាស់ថាពិតជាមានកន្លែងផលិតភាជន៍នៅសម័យបុរាណឬយ៉ាងណា ដោយសារកន្លងមកអ្នកស្រាវជ្រាវមួយចំនួនប្រទេះឃើញបំណែកភាជន៍ជាច្រើននៅតីនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកថាពុំទាន់មានការធ្វើកំណាយស្រាវជ្រាវបញ្ជាក់ថាតាំងនេះជាឡដុតភាជន៍សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍និងបំណែកដីដុតដែលបន្សល់ទុកនៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណនៅទីតាំងនោះ។ 
 
ទន្ទឹមនឹងនេះ លោកបន្ថែមថា ក្រុមការងារបានរកឃើញជញ្ជាំងឡមនិងភាជន៍ជាច្រើនមាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែគ្មានស្រទប់រលោងទេ។ គម្រោងស្រាវជ្រាវនេះ នឹងបញ្ចប់នៅថ្ងៃទី១០ធ្នូ ហើយក្រុមការងារនឹងសុំគោលការណ៍ស្រាវជ្រាវបន្តទៀត ដើម្បីចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនានិងការសិក្សារបស់អ្នកស្រាវជ្រាវផង។
 
ចំណែក លោក ឆាយ រចនា ប្រធានការិយាល័យអង្គរភាពកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរក៏បានបញ្ជាក់ដែរថា ឡដែលប្រទេះឃើញនេះ ពិតជាអស្ចារ្យ ដោយសារមានភាជន៍នៅទីនោះមានក្បាច់លម្អ ខុសពីឡបុណរាណផលិតនៅគោកព្នៅ និងគោកបី។ លោកសន្និដ្ឋានថា ឡដុតភាជន៍នេះ កើតឡើងនៅចុងសម័យអង្គរព្រោះក្បឿងប្រភេទនេះមិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។
 
«យើងមិនទាន់ដឹងរូបរាងឡពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់ឧស មានអង្កត់ផ្ចិតត្រឹម៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេសនៃរចនាសម្ពន្ធឡដីឆ្នាំងនេះពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។ ចំណែកភាជន៍នៅទីនេះក៏គ្មានស្រទាប់រលោងដែរ តែមានក្បាច់លម្អ ហើយភាគច្រើនគឺឆ្នាំងដី និងក្បឿង ដែលខុសពីការផលិតនៅគោកព្នៅ និងគោកបី។ តាមរយៈបំណែកក្បឿង យើងអាចសន្និដ្ឋានថា ឡដុតភាជន៍នេះប្រហែលកើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះមិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន»។ នេះបើតាមការលើកឡើងរបស់លោក ឆាយ រចនា។ 
 
រីឯ លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាថា ក្រុមការងារផ្ដោតយកចិត្តទុកលើបច្ចេកទេសកំណាយនេះណាស់ដើម្បីកាត់បន្ថយហានីភ័យដល់សំណង់បុរាណ ដោយបែងចែកជាក្រឡាដើម្បីងាយស្រួលប្រមូលទិន្នន័យនិងថតរូបរចនាសម្ព័ន្ធនៃទីតាំងវត្ថុបុរាណ។ តាមរយៈវត្ថុដែលប្រទះឃើញនៅទីនេះ លោកក៏ធ្លាប់ឃើញនៅតាមការដ្ឋានកំណាយលើទីតាំងមនុស្សរស់នៅដែរ។ ដូច្នេះវានឹងក្លាយជាភស្តុតាងខ្លះៗ សម្រាប់ការស្រាវជ្រាវរកប្រភពនៃឡនិងភាជន៍ដែលប្រើប្រាស់នាសម័យមុន ថាមានប្រភពមកពីឡមួយណាឲ្យច្បាស់លាស់៕ 
 

Tag:
 ឡដុតភាជន៍
© រក្សាសិទ្ធិដោយ thmeythmey.com