ដើម្បីចិញ្ចឹមត្រីបានទិន្នផលខ្ពស់ ត្រូវគិតពីគុណភាពទឹក ពូជ បច្ចេកទេស និងចំណី
ជាតិ
សង្គមជាតិ
ដើម្បីចិញ្ចឹមត្រីបានទិន្នផលខ្ពស់ ត្រូវគិតពីគុណភាពទឹក ពូជ បច្ចេកទេស និងចំណី
28, Nov 2020 , 2:51 pm        
រូបភាព
ដើម្បីចិញ្ចឹមត្រីទទួលបានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយការប្រឈម អ្នកចិញ្ចឹមត្រូវគិតដល់ចំណុចសំខាន់ ៤យ៉ាងគឺ ប្រភពទឹក,ការជ្រើសរើសពូជត្រី,បច្ចេកទេសចិញ្ចឹម និងចំណី។ នេះបើតាមលោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។

 
មានបទពិសោធប្រមាណ ១០ឆ្នាំក្នុងការងារចិញ្ចឹមត្រី ប្រធានសមាគមរូបនេះបានពន្យល់ថា ទម្រាំទទួលបានទិន្នត្រីដែលលក់លើទីផ្សារ មិនមែនជារឿងងាយទេ។ លោកថា ទឹកដែលល្អគឺជាទឹក ដែលគេមិនទាន់ប្រើប្រាស់ បើសិនជាយកទឹកដែលប្រើប្រាស់ហើយ ជាពិសេសទឹកដែលគេបូម ចេញពីស្រែ វានឹងធ្វើអាចប៉ះពាល់ ដល់ការចិញ្ចឹមត្រីរបស់យើង ព្រោះថា ទឹកទាំងនោះ មានថ្នាំដែលបាញ់ ដើម្បីស្រែរបស់គេ។ ដូច្នេះហើយទើបប្រភពទឹកពិតជាសំខាន់ក្នុងការចិញ្ចឹមត្រី។
 


ចំពោះកូនពូជត្រីវិញ យើងត្រូវជ្រើសរើសកូនពូជត្រីណា ដែលមានប្រភពពិតប្រាកដ ដើម្បីឲ្យយើងដឹងថា កូនពូជត្រីរបស់យើង មានការលូតលាស់ ឬអត់ ពេលខ្លះវាអាចប៉ះចំពូជត្រីមិនងាយធំធាត់។ រីឯការជ្រើសរើសយកចំណី ត្រូវមានប្រភពច្បាស់លាស់ បើជ្រើសរើសចំណីខុស អាចប៉ះពាល់គុណភាពត្រី និងមិនមានភាពរីកលូតលាស់។
 
ទាក់ទងបច្ចេកទេសចិញ្ចឹម ប្រធានសមាគមវារីវប្បករកម្ពុជា ក៏បានគូសបញ្ជាក់ថា ចិញ្ចឹមអ្វីក៏ដោយ សូមកុំលោភ បើសិនជាយើងលោភ ត្រូវដាក់ចំនួនកូនត្រីទៅតាមលក្ខណៈបច្ចេកទេស មិនអាចដាក់លើសចំនួននោះទេ ព្រោះវាមិនអាចធំធាត់។ ហើយនេះ ជាកត្ដាសំខាន់បំផុត ដើម្បីចិញ្ចឹមត្រី ឲ្យមានភាពលូតលាស់បានឆាប់រហ័ស។
 
ដោយឡែកកត្តាទីផ្សារ នៅតែជាបញ្ហាប្រឈមសម្រាប់អ្នកចិញ្ចឹមត្រី កត្តាទីផ្សារជារឿងដែលអ្នកចិញ្ចឹម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រូវដឹងថាតំបន់ដែលយើងចិញ្ចឹមមានតម្រូវការត្រីប្រភេទអ្វី ទើបមិនមានបញ្ហាប្រឈមការធ្លាក់ថ្លៃ និងគ្មានទីផ្សារ។ ដ្បិតរដ្ឋបាលជលផល មានស្ថានីយផលិតកូនត្រីពូជ តែការផ្គត់ផ្គង់ពូជត្រីមិនទាន់គ្រប់តម្រូវការនោះទេ ហើយសកម្មភាពការនាំចូលត្រីពីប្រទេសជិតខាង ក៏នៅតែបន្តកើតមានដែរ។ នេះជាការបញ្ជាក់របស់លោក សុខ រ៉ាដែន៕


រូបភាពីពីហ្វេសប៊ុករដ្ឋបាលជលផល


 លោក សុខ​ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា

Tag:
 ចិញ្ចឹមត្រី
 វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com