ជាតិ
ក្រសួងទេសចរណ៍ផ្តល់អាហារូបករណ៍១៧៥កន្លែងលើជំនាញសេវាកម្មសណ្ឋាគារ និងភាសាចិន
28, Nov 2020 , 4:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសផ្ដល់អាហាររូបករណ៍១០០ភាគរយចំនួន១៧៥កន្លែងដល់យុវជន សិស្សានុសិស្ស លើជំនាញសេវាកម្មសណ្ឋាគារ និងភាសាចិន នៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច (WYTHS) សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

 
ក្នុងចំណោមអាហារូបករណ៍ទាំង១៧៥កន្លែង មានលើមុខវិជ្ជា ជំនាញការិយាល័យជួរមុខ ចំនួន ៥០កន្លែង, ជំនាញគេហកិច្ច ចំនួន២៥កន្លែង, ជំនាញសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ចំនួន៥០កន្លែង និង ភាសាចិន ចំនួន៥០កន្លែង ហើយគ្រប់មុខជំនាញ មានបន្ថែមនូវភាសាអង់គ្លេស កុំព្យូទ័រ និងភាសាចិន។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា។
 
ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជន ឬបេក្ខនារីត្រូវមានអាយុពី ១៨ ដល់ ២៥ឆ្នាំ។ ត្រូវមានលិខិតបញ្ជាក់ក្រីក្រពីអាជ្ញាធរ ភូមិ ឃុំ ឬសង្កាត់។ ចំពោះកម្រិតសិក្សាយ៉ាងហោចណាស់មានសញ្ញាបត្របឋមភូមិ (ថ្នាក់ទី៩) បញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា និងត្រូវមានចំណេះដឹងអង់គ្លេសកម្រិតមូលដ្ឋាន ព្រមទាំងអត្តចរិកល្អ សុភាពរាបសារ។ ចំណែកឯថ្នាក់ភាសាចិនតម្រូវឲ្យមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)។
 
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្ត និងវាយតម្លៃពីគណៈកម្មការជ្រើសរើស។ ថ្នាក់សិក្សានឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។ ចំពោះព័ត៌មានបន្ថែមលោក អ្នកនាង អាចធ្វើការទំនាក់ទំនងទៅកាន់ នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក៏ដូចជាសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត ផ្ទាល់៕
 

Tag:
 ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com