ជាតិ
ប៉ូលទេសចរណ៍ធំ៦ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍មណ្ឌលគិរី
28, Nov 2020 , 11:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

គណៈកម្មការអន្តរក្រសួងកំណត់ជ្រើសរើស ព្រមទាំងដាក់បញ្ជូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥ នូវប៉ូលទេសចរណ៍ធំចំនួន ៦ ដោយផ្អែកលើសក្ដានុពល និងទីតាំងភូមិសាស្រ្តផ្សេងៗគ្នា។ នេះបើតាម លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍។

 
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី បែងចែកប៉ូលទេសចរណ៍ធំៗចំនួន ៦ ទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងៗ។ ប៉ូលទេសចរណ៍ចំនួន៦ ក្នុងនោះប៉ូលទេសចរណ៍ចំនួន៣ រួមមាន តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងចំនួន ៥ ដែលមានសក្ដានុពលក្នុងវិស័យអេកូទេសចរណ៍។ 
 
ចំណែកឯប៉ូលសំខាន់ទី២គឺ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច ដែលត្រូវតភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ។ ប៉ូលទី៣គឺ តំបន់ក្រុងសែនមនោរម្យ ដែលនឹងត្រូវអភិវឌ្ឍន៍ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដោយមានលក្ខណៈសម្បូរបែបក្នុងសកម្មភាពកម្សាន្តនានា។
 
ប៉ូលទី៤ គឺតំបន់ប្រជុំជនស្រុកកោះញែក ដែលនឹងត្រូវរៀបចំទៅជាចំណតយន្តហោះលើផ្ទៃទឹក (Water Plan) នៅលើទន្លេស្រែពក ក្នុងស្រុកកោះញែក ដោយអាចឲ្យយន្តហោះហោះហើរទៅកាន់តំបន់ទន្លេសាប និងកោះរុង ខណៈដែលតំបន់នេះមានសក្ដានុពលលើវិស័យកសិទេសចរណ៍។ 
 
ចំណែកឯប៉ូលទេសចរណ៍ទី៥ គឺជាតំបន់អាកាសយានដ្ឋានមណ្ឌលគិរី ក្នុងស្រុកអូររាំង ដែលនឹងត្រូវអភិវឌ្ឍន៍ជាតំបន់រណបនៃក្រុងដែនមនោរម្យ និង ប៉ូលទេសចរណ៍សំខាន់ទី៦ គឺតំបន់សមាហរណកម្មច្រកទ្វារព្រំដែន គឺជំរុញឲ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែនចំនួន ៤ រវាងខេត្តមណ្ឌលគិរី និងប្រទេសវៀតណាម។ 
 
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងយ៉ាងមុតមាំពីទេសចរណ៍ខេត្តមណ្ឌលគិរីក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិនឹងកើនឡើងប្រមាណ ៩០ម៉ឺននាក់ និងភ្ញៀវជាតិប្រមាណជា ២លាននាក់ ក្នុងឆ្នាំ២០៣៥ ជាមួយនឹងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ស្របតាមស្មារតីនៃផែនការមេនេះ។
 
បន្ទាប់ពីការផ្ដល់យោបល់ខាងលើនេះហើយ ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុសំខាន់ៗមួយចំនួនទៀតពីអន្តរក្រសួង និងស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងចុងក្រោយ និងបន្តដាក់ជូនគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់មកនឹងដាក់បន្តឆ្លងរាជរដ្ឋាភិបាលនាដើមឆ្នាំ២០២១៕ 
 

Tag:
 ក្រសួងទេសចរណ៍
  មណ្ឌលគិរី
  អភិវឌ្ឍន៍ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com