ជាតិ
ជប៉ុនបើកជើងហោះហើរ ជាមួយកម្ពុជាវិញ ចាប់ពីថ្ងៃទី១ធ្នូទៅ រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រុមហ៊ុន អាកាសចរណ៍ ជប៉ុន ANA (ALL Nippon Airway) នឹងបើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ទៅ ក្រោយផ្អាកដោយសារជំងឺកូវីដ-១៩។ នេះបើតាម លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។
ចាប់ពីថ្ងៃទី១ ខែធ្នូ ក្រុមហ៊ុននឹងមានជើងហោះហើរត្រង់ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ ដោយក្នុងខែធ្នូ មានជើងហោះហើរចំនួន៦ គឺនៅថ្ងៃទី ២, ៥,៩,១២,១៥,១៩ខែធ្នូ និងខែមករា មានចំនួន ២ គឺនៅថ្ងៃទី៩ ទី១០ ខែមករា ឆ្នាំ២០២១។
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា មិនមែនតែក្រុមហ៊ុនប្រទេសជប៉ុនទេ ក្រុមហ៊ុនប្រទេសផ្សេងៗមួយចំនួនទៀតក៏បានបើកជើងហោះហើរឡើងវិញដែរ។ «ជប៉ុនមានតែANA ហ្នឹងមួយទេ ក្រៅពីហ្នឹង ក្រុមហ៊ុនប្រទេសផ្សេងទៀត»។ នេះជាការអះអាងរបស់លោក ជា អូន ដោយលោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ដែលបើកហោះហើរឡើងវិញ មានដូចជា ក្រុមហ៊ុនហោះហើរមក ពីប្រទេសសិង្ហបុរី , ជប៉ុន, កូរ៉េខាងត្បូង និង ប្រទេសចិន។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានសម្ដែងការត្រេកអរចំពោះ ការបើកដំណើរការហោះហើរមកកម្ពុជាវិញរបស់ក្រុមហ៊ុន ANA (ALL NIPPON Airway) ។ បើតាមក្រសួងទេសចរណ៍ កម្ពុជាចាត់ទុកជាប្រទេសដែលមានសុវត្ថិភាពទេសចរណ៍ ក្នុងការធ្វើដំណើរទស្សនកិច្ច និងមកកម្សាន្តក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ព្រោះថាកម្ពុជា បានគ្រប់គ្រងការឆ្លងនៃជំងឺនេះបានយ៉ាងល្អ៕
Tag:
អាកាសចរណ៍
ទេសចរណ៍
ជើងហោះហើរ
© រក្សាសិទ្ធិដោយ thmeythmey.com