COVID-19
ជាតិ
ករណីវិជ្ជមានកូវីដ-១៩ ចំនួន​៧នាក់ ដែល​ក្នុងនោះ៦នាក់ឆ្លងមិន​ដឹងប្រភពច្បាស់
29, Nov 2020 , 7:21 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នា​ថ្ងៃនេះ បាន​ប្រកាសពីករណី​ឆ្លង​កូវីដ-១៩ ចំនួន​៧ករណី និងសះស្បើយ២ករណី។ ក្នុងចំណោម​ករណីឆ្លង៧ករណី មាន​៦ករណី មិន​ដឹងប្រភពច្បាស់ រីឯ១ករណីទៀតជាករណីនាំចូល។



ស្ត្រីអាយុ​៥៦​ឆ្នាំ ជាភរិយា​របស់អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ បានតេស្តឃើញវិជ្ជមាន​កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយអាការមិនស្រួលខ្លួន និងផ្តាសាយ​៣ថ្ងៃ។ ក្រោយ​មក ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រ បាន​តេស្តសំណាកអ្នកពាក់ព័ន្ធ ហើយក៏បាន​រកឃើញវិជ្ជមាន​៥នាក់ទៀត គឺស្វាមី​របស់ស្ត្រី (អគ្គនាយកពន្ធនាគារ) រួមទាំងស្ត្រីអាយុ៣៦ឆ្នាំ, កុមារាអាយុ១២ឆ្នាំ, បុរសអាយុ៣៦ឆ្នាំ និ​ងបុរសអាយុ​៣០​ឆ្នាំ ដែលនៅផ្ទះជាមួយគ្នា។

ក្រសួងមិនទាន់រកឃើញពីប្រភពចម្លងច្បាស់លាស់នោះឡើយ ប៉ុន្តែស្នើឲ្យ​ពលរដ្ឋទាំងអស់​ការពារខ្លួន ដោយសារតែអ្នកជំងឺ និងក្រុមគ្រួសារ បាន​ដើរទៅជាច្រើន​កន្លែង រួមមាន ក្រុងសៀមរាប, បុរីប៉េងហួតផ្លូវ៦០ម៉ែត្រ, ផ្សារអ៊ីអន១, រាជធានីភ្នំពេញ, បន្ទាយមានជ័យ, ស្ទឹងត្រែង, មណ្ឌលគិរី និងទីតាំងផ្សេងទៀត។

បើតាមសារសំឡេង​របស់សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ស្ថិតក្នុងចំណោម​មនុស្សដែលបាន​ប្រជុំការងារជាមួយ​អគ្គនាយកពន្ធនាគារផងដែរ។

រីឯករណីមួយទៀតដែលជាករណីនាំចូល អ្នកជំងឺជាស្ត្រីខ្មែរអាមរិក អាយុ​៣៣ឆ្នាំ ដែលមកដល់កម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយមនុស្ស​៥៦នាក់ទៀត។

មកដល់ពេលនេះ កម្ពុជា មាន​៣១៥ករណី ក្នុងនោះសះស្បើយ​៣០១នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com