ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
បរិបទកូវីដ-១៩ យុវជនកាន់តែអានសៀវភៅច្រើនជាងមុន ខណៈការបោះពុម្ពសៀវភៅក៏កើនឡើងដែរ
29, Nov 2020 , 9:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងបរិបទកូវីដ-១៩នេះ យុវជនខ្មែរកាន់តែចាប់អារម្មណ៍អានសៀវភៅបានច្រើនជាងមុន។ ពួកគេអានសៀវភៅជាងមុន ដោយសារពួកគេយល់ថា ការអានសៀវភៅគឺផ្តល់ចំណេះដឹង និងបទពិសោធក្នុងការអនុវត្តការងាររបស់ពួកគេប្រកបដោយគុណភាព។ ទន្ទឹមនឹងមានកំណើននៃការអានសៀវភៅ ក៏ជាកត្តានាំឲ្យមានការបោះពុម្ពសៀវភៅកើនឡើងជាងមុនផងដែរ។

 
ទទួលបានចំណេះដឹង ពាក្យគន្លឹះ វេយ្យាករណ៍ និងស្គាល់ពីខ្លួនឯងច្បាស់តាមរយៈការអានសៀវភៅ
 
កញ្ញា ចាន់ សុគន្ធី ដែលមានទម្លាប់លេងទូរសព្ទនៅពេលយប់មុនពេលចូលគេង និងក្រោកពីគេងវិញ បានប្រែមកជាកាន់សៀវភៅអានវិញ ដោយគិតថាការអានសៀវភៅធ្វើឲ្យកញ្ញាទទួលបានចំណេះដឹង និងស្គាល់ពីខ្លួនឯងបានច្បាស់។ កញ្ញា សុគន្ធីបាននិយាយដូច្នេះថា៖«ពីមុនខ្ញុំគ្រាន់តែកាន់សៀវភៅខ្ញុំមានអារម្មណ៍ថាងងុយគេង។ មួយរយៈនេះខ្ញុំអត់សូវប៉ះពាល់ជាមួយទូរសព្ទប៉ុន្មានទេ ពីព្រោះវាអត់សូវល្អជាមួយយើងប៉ុន្មានទេ។ ខ្ញុំគិតថាបើខ្ញុំអត់មានទម្លាប់អានសៀវភៅសោះ វាធ្វើឲ្យខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃមិនដឹងធ្វើអ្វីទេ ហើយអត់ស្គាល់ពីខ្លួនឯង។ ពេលដែលខ្ញុំអានសៀវភៅទៅវាធ្វើឲ្យខ្ញុំមានអ្វីគិតច្រើន»។ 
 
ស្ថិតនៅក្នុងបណ្ណាល័យបញ្ញវន្តដែលមានសៀវភៅគ្រប់កម្រិតដែលកញ្ញា ចាន់ សុគន្ធី ចូលចិត្តមកអាននិងស្វែងរកសៀវភៅមួយចំនួនបានបញ្ជាក់ថា នៅពេលដែលកញ្ញាអត់បានអានសៀវភៅមួយថ្ងៃ ហាក់បីជាធ្វើឲ្យចិត្តរបស់កញ្ញានៅមិនស្ងប់ឡើយ។ «ថ្ងៃណាអត់បានកាន់សៀវភៅមានអារម្មណ៍ថាដូចខ្វះអ្វីម្យ៉ាង ពេលខ្ញុំមានពេលទំនេរពីធ្វើការ ខ្ញុំយកសៀវភៅមកអាន អានបានប៉ុនណាយកប៉ុណ្ណឹង»។ នេះជាការលើកឡើងរបស់កញ្ញា សុគន្ធី ដែលតែងតែយកសៀវភៅមកអានបន្តពីពេលយប់ និងពេលព្រឹកដែលអានមិនទាន់ចប់ យកមកអាននៅកន្លែងធ្វើការនៅពេលសម្រាកពីការងារ។
 
ក្នុងដៃកំពុងតែកាន់សៀវភៅបែបអាជីវកម្មមួយក្បាល កញ្ញា សុគន្ធី បានបញ្ជាក់ថានៅពេលដែលកញ្ញាកាន់សៀវភៅអានពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យកញ្ញានៅពេលទៅកន្លែងណាក៏នឹកឃើញសៀវភៅដែរ។ «ពេលថ្ងៃសម្រាកខ្ញុំចុះខេត្ត ឬទៅដើរលេងក៏ខ្ញុំយកវាទៅតាមដើម្បីអានដែរ។ ខ្ញុំព្យាយាមធ្វើទម្លាប់ហ្នឹង គឺត្រូវតែមានសៀវភៅមកជាមួយខ្ញុំ»។ នេះជាការលើកឡើងរបស់កញ្ញា សុគន្ធី ដែលចូលចិត្តអានសៀវភៅបែបប្រលោមលោក អប់រំចិត្ត បែបអាជីវកម្ម និងបែបអភិវឌ្ឍខ្លួនឯង។ 
 
ចំពោះយុវជន សុវណ្ណ វុធ្ធី ដែលតែងតែឆ្លៀតពេលទំនេរពីការងារ មកអានសៀវភៅនៅក្នុងបណ្ណាល័យជាតិបានបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩នេះ លោកក៏បានអានសៀវភៅជាច្រើនក្បាលដែលភាគច្រើនជាសៀវភៅអប់រំចិត្ត។ លោក វុធី្ធ យល់ថាការអានសៀវភៅបានជួយឲ្យលោកទទួលបានចំណេះដឹងថ្មីៗ ដឹងពាក្យគន្លឹះពិបាក វេយ្យាករណ៍ខ្មែរ និងយល់ច្បាស់ពីដំណើរជីវិតប្រចាំថ្ងៃ។ 
 
ដៃកំពុងកត់ត្រាខ្លឹមសារក្នុងសៀវភៅដែលខ្លួនកំពុងអាន លោក វុធ្ធីបាននិយាយដូច្នេះថា៖«ខ្ញុំអានហើយ ខ្ញុំតែងតែកត់ត្រាចំណុចសំខាន់ និងដកស្រង់ដើម្បីជាប្រយោជន៍ និងចំណេះដឹង យកមករៀនសូត្រ និងគិត។ រួមទាំងពាក្យពេចន៍ ពាក្យគាត់សរសេរតែងតែគិតពីអក្ខរាវិរុទ្ធត្រឹមត្រូវ ដើម្បីឲ្យយើងងាយអាន និងងាយយល់»។ 
 
ការអានសៀវភៅក្នុងបរិបទកូវីដ-១៩ក៏ជាទម្លាប់របស់យុវសិស្សថ្នាក់ទី១១ ហេង ម៉េងឡូត នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល ខេត្តកណ្តាលផងដែរ។ យុវសិស្ស ហេង ម៉េងឡូត បានបញ្ជាក់ថាខ្លួនមានពេលអានសៀវភៅបានច្រើនជាងមុនអំឡុងការរាតត្បាតជំងឺកូវីដ-១៩ ដោយសារខ្លួនមិនសូវមមាញឹកនឹងការសិក្សាឡើយ។
 
«សម័យកូវីដនេះខ្ញុំមានពេលអានសៀវភៅបានច្រើនជាងកាលខ្ញុំនៅរៀន។ ពេលខ្ញុំនៅរៀន គ្រូដាក់លំហាត់ឲ្យខ្ញុំធ្វើ។ ជួនណាជំពាក់មេរៀនគ្រូ គឺត្រូវកត់ជូនគ្រូ អ៊ីចឹងខ្ញុំអត់សូវមានពេលអានទេ។  ដល់ពេលកូវីដ អត់សូវបានកត់មេរៀនឲ្យគ្រូ អ៊ីចឹងបានខ្ញុំមានពេលអានសៀវភៅច្រើន»។ នេះជាការរៀបរាប់របស់យុវសិស្ស ម៉េងឡូតដែលចូលចិត្តអានសៀវភៅបែបទស្សនវិជ្ជា និងប្រលោមលោកនៅពេលយប់មុនពេលចូលគេង។ 
 


យុវតីម្នាក់​កំពុងតែ​កាន់សៀវភៅមួយ​ក្បាលនៅ​ក្នុងបណ្ណាល័យបញ្ញវន្ត
 
បច្ចុប្បន្នការអប់រំនៅកម្ពុជាកំពុងឆ្ពោះទៅរកបច្ចេកវិទ្យា ដែលជំរុញឲ្យបណ្ណាល័យ ឬស្ថាប័នមួយចំនួនបង្កើតApp ឬវេបសាយសម្រាប់រក្សាទុកនូវសៀវភៅជាច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកអាន។ ការអានសៀវភៅបែបបច្ចេកវិទ្យាគឺជាទម្លាប់ថ្មីរបស់កញ្ញា ឃុន វត្តីស្រីល័ក្ខណ៍ អនុប្រធាន ផ្នែកអប់រំនិងផ្លាស់ប្តូរវប្បធម៌របស់CJCC។ 
 
ក្នុងបរិបទកូវីដ-១៩នេះ ការងារ និងការសិក្សារបស់កញ្ញា វត្តីស្រីល័ក្ខណ៍គឺត្រូវប្តូរមកអនុវត្តតាមអនឡាញវិញ។ ដូច្នេះទម្លាប់កាន់សៀវភៅអានដែលកញ្ញាធ្លាប់តែអាននោះក៏ប្តូរមកជាអានសៀវភៅតាមអនឡាញវិញផងដែរ។ កញ្ញា វត្តីស្រីល័ក្ខណ៍ មានទម្លាប់អានសៀវភៅបែបនេះក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩។  
 
«នៅពេលមានកូវីដ-១៩ យើងប្តូរសកម្មភាពធ្វើការ និងរៀនតាមអនឡាញ។ អ៊ីចឹងយើងត្រូវផ្តោតលើបច្ចេកវិទ្យាថ្មីៗ។ ដោយសារបច្ចេកវិទ្យាទំនើបខ្ញុំអានសៀវភៅតាមAppវិញ។ ពេលខ្ញុំជិះឡានម្នាក់ឯងខ្ញុំចូលចិត្តចាក់សំឡេងគេអាន ប៉ុន្តែបើខ្ញុំមានបងស្រីខ្ញុំឌុបភាគច្រើនខ្ញុំអានសៀវភៅតាមApp។ អ្នកនិពន្ធចូលចិត្តសង្ខេបសាច់រឿងខ្លីៗក្នុងសៀវភៅដើម្បីអប់រំផ្លូវចិត្ត ពេលយើងអានទៅយើងចាប់អារម្មណ៍ក៏យើងចូលទៅរកទិញសៀវភៅរបស់គាត់»។ នេះជាការលើកឡើងរបស់កញ្ញា ស្រីល័ក្ខណ៍ ក្រៅពីអានសៀវភៅបែបឌីជីថល កញ្ញាក៏ចំណាយពេលអានសៀវភៅប្រលោមលោក និងសៀវភៅវិធីសាស្ត្រដឹកនាំដើម្បីទទួលបានបទពិសោធការងារបន្ថែមនៅថ្ងៃចុងសប្តាហ៍ផងដែរ។  
 
លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ាដែលបោះពុម្ពសៀវភៅអំណានបន្ថែម បានបញ្ជាក់ថាអំឡុងកម្ពុជារាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យសិស្សានុសិស្សនៅតាមសាលារៀនកាន់តែអានសៀវភៅច្រើនជាងមុន។ លោក សុទ្ធិបញ្ជាក់ថា កំណើននៃការអាននេះ ក៏ជំរុញឲ្យអង្គការស៊ីប៉ារបស់លោកកើនឡើងនូវការបោះពុម្ពសៀវភៅកុមារជាងមុនផងដែរ។ លោកបាននិយាយថា៖«ភាគច្រើនសិស្សបឋមសិក្សា និងមធ្យមសិក្សា អត់បានទៅសាលារៀនរាល់ថ្ងៃ មានពេលទំនេរអានសៀវភៅច្រើន»។ 
 
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ស្នាដៃសៀវភៅ«កំណត់ហេតុពណ៌ស្វាយ»ដែលទើបតែបោះពុម្ព និងចែកចាយសៀវភៅជិត៤០០០ក្បាលលើកដំបូងកាលពីខែកញ្ញាកន្លងទៅនេះ ក៏ទទួលបានការកម្ម៉ង់ទិញច្រើនពីបណ្តាបណ្ណាគារ និងកន្លែងលក់សៀវភៅនានាផងដែរ។ 
 
«សៀវភៅជិត៤០០០ក្បាលនេះ យើងលក់ជិតអស់ហើយ នៅសល់តែសៀវភៅតែប៉ុន្មានរយក្បាលនៅក្នុងស្តុកទៀត ខណៈខាងខ្ញុំគ្រោងនឹងបោះពុម្ពជាលើកទី២ទៀត»។ នេះជាការរៀបរាប់របស់កញ្ញាចាន់រស្មីដែលមិននឹកស្មានថាមានការកើនឡើងនូវចំនួនការគាំទ្រ និងចំនួនអ្នកអានសៀវភៅរបស់កញ្ញាដែលជាស្នាដៃនិពន្ធដំបូងគេបង្អស់បែបនេះទាល់តែសោះ។ 

ដោយឡែក ម្ចាស់ស្នាដៃសៀវភៅ«មនុស្សបាក់ទឹកចិត្ត» កញ្ញា គឹម ឌីណា ក៏បានតែងនិពន្ធសៀវភៅនិងបោះពុម្ពសៀវភៅបានច្រើនជាងមុនផងដែរក្នុងបរិបទកូវីដ-១៩នេះ។

កញ្ញា គឹមឌីណា បាននិយាយដូច្នេះថា៖«ក្នុងឆ្នាំនេះ ខ្ញុំបានបញ្ចប់ការតែងនិពន្ធសៀវភៅច្រើនជាងឆ្នាំកន្លងទៅ ដោយសៀវភៅទាំងនោះគឺមានសៀវភៅ«ផ្ការីកវិញទេ? និងសៀវភៅ ថាម៉េចយើងស្រឡាញ់គ្នា?» ការបោះពុម្ពសៀវភៅមួយឆ្នាំបានតែ១ ទៅ២ចំណងជើង។ ប៉ុន្តែឆ្នាំនេះ បានបោះពុម្ពសៀវភៅដល់ទៅ៣ចំណងជើង។ សៀវភៅមនុស្សបាក់ទឹកចិត្ត បោះពុម្ពជាលើកទី៤,  សៀវភៅភរិយាខ្ញុំអាយុ១៨ឆ្នាំ បានបោះពុម្ពជាលើកទី២ និងនៅចុងឆ្នាំនឹងរៀបបោះពុម្ពសៀវភៅ«ផ្ការីកវិញទេ?»។

កញ្ញា ឌីណា បានបញ្ជាក់ថា ដោយសារតែកញ្ញាមានការគាំទ្រពីម្ចាស់ហាងបោះពុម្ព និងអ្នកចែកចាយ ទើបធ្វើឲ្យកញ្ញាមានកម្លាំងចិត្តក្នុងការតែងនិពន្ធ និងបោះពុម្ពសៀវភៅ។ «កាលពីផ្ទុះកូវីដដំបូង ខ្ញុំមានអារម្មណ៍ស្មុគស្មាញច្រើន ព្រោះតាមដានតែតួលេខនៃអ្នកឆ្លងក្នុងមួយថ្ងៃៗ ថាមានប៉ុន្មានហើយ។ តែក្រោយមកគិតថាបើខ្ញុំយកពេលដែលខ្វាយខ្វល់នោះ មកផ្តោតលើការសរសេររឿងវិញ គឺល្អជាង ព្រោះជីវិតទៅវិញពេលណាក៏មិនដឹង។ ហេតុដូច្នេះហើយ សម្រាប់ខ្ញុំផ្ទាល់ នៅក្នុងរដូវកាលកូវីដ ខ្ញុំទៅជាមានកម្លាំងចិត្តសរសេរជាងពេលណាៗ ទាំងអស់។ នេះជាការរៀបរាប់របស់កញ្ញា ឌីណា ដែលអះអាងថាសៀវភៅ«ភរិយាខ្ញុំអាយុ១៨ឆ្នាំ»កំពុងតែទទួលបានការគាំទ្រច្រើន។
 
ចំពោះបណ្ណាល័យជាតិវិញ ក្នុងមួយថ្ងៃៗមានការធ្លាក់ចុះនៃអ្នកមកចូលអានសៀវភៅនៅក្នុងបណ្ណាល័យជាតិ ដោយសារបារម្ភពីជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិ បើទោះបីមានការធ្លាក់ចុះចំនួនអ្នកមកអានផ្ទាល់ ប៉ុន្តែអត្រាអ្នកខ្ចីសៀវភៅយកទៅអាននៅតាមផ្ទះគឺមានការកើនឡើងទៅវិញ។ 
 
«អ្នកមកខ្ចីសៀវភៅ គឺមកខ្ចីជាធម្មតា។ អ្នកដែលមកខ្ចីអានចប់ហើយ គឺមកខ្ចីអានទៀត។ អ្នកមកខ្ចីគឺអត់មានការធ្លាក់ចុះទេ ប៉ុន្តែអ្នកមកអង្គុយអានគឺថយចុះច្រើន គឺត្រឹមតែ២០ ទៅ៣០នាក់ប៉ុណ្ណោះ ដែលខុសពីកាលមិនទាន់មានជំងឺកូវីដ ក្នុងមួយថ្ងៃមានអ្នកអានដល់៦០នាក់។ នេះជាការរៀបរាប់របស់លោកស្រី ខ្លូត វិបុលឡា៕ 
 

Tag:
 សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com