ជាតិ
អ្នកជំនាញ ស្នើឱ្យបញ្ឈប់ការសរសេរអក្សរនៅតាមប្រាសាទ
29, Nov 2020 , 4:27 pm        
រូបភាព
សៀមរាប៖ ក្រៅពីសិលាចារឹកដែលចារក្នុងសម័យអង្គរ ភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទអង្គរវត្ត ច្បាស់ជានឹងឃើញវត្តមានអក្សរមួយចំនួន ដែលសរសេរមិនត្រូវទីតាំង ឬតាមប្លង់នៃប្រាសាទនោះ។ ពិតណាស់ គឺអក្សរទាំងនោះ ត្រូវបានសរសេរនាសម័យក្រោយៗ ហើយការសរសេរទាំងនោះខ្លះក៏មានប្រយោជន៍ និងឥតប្រយោជន៍ផង ដូចជាការសរសេរឈ្មោះ និងគូសវាសផ្ដេសផ្ដាសជាដើម។ អ្នកជំនាញស្នើឱ្យបញ្ឈប់ការសរសេរអក្សរ ឬគូសវាស ដោយគ្មានប្រយោជន៍បន្តទៀត ព្រោះវានឹងធ្វើឱ្យបាត់បង់នៃតម្លៃបេតិកភណ្ឌ។

 
លោកបណ្ឌិត អ៊ា ដារិទ្ធិ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ការសរសេរអក្សរនៅប្រាសាទអង្គរវត្ត ចែកជា៣សម័យកាល ក្នុងនោះមានសម័យអង្គរ សម័យកណ្ដាល និងថ្មីៗដូចជានៅក្នុងសតវត្សទី២០នៃគ.ស។សិលាចារឹកនៅសម័យអង្គរមានចារនៅថែវខាងត្បូងនៃរោងទងទី៣ នៅកន្លែងប្រវត្តិសាស្រ្ដ របស់ព្រះបាទសូរ្យវរ្ម័នទី២ និងថែវនរកនិងសួគ៌។ ចំណែកសិលាចារឹកដែលចារនៅសម័យកណ្ដាលចន្លោះពីសតវត្សទី១៦ដល់ទី១៨ នៃគ.ស ជាភាសាខ្មែរមានចំនួនជាង ៤០ផ្ទាំង មាននៅតាមសសរជាន់ព្រះពាន់ ជាន់បាកាណ និងថែវរោងទងទី៣ ជ្រុងឦសាន ដែលនិយាយ រៀបរាប់ពីការប្រោសខ្ញុំបម្រើ ការបួងសួង សច្ចាប្រណិធាន ការមកធ្វើបុណ្យ និងការកសាង សមិទ្ធផលផ្សេងៗជាដើម។ 


 
រីឯសំណេរមួយទៀត គឺធ្វើឡើងនៅសម័យទំនើបនេះ មានអក្សរខ្មែរនិងបរទេសមួយចំនួនដូចជា ចិន ភូមា ថៃ ចាម និងវៀតណាម ជាដើម។ សំណេរភាសាបរទេសខ្លះ និយាយអំពីការ មកគោរពបូជានៅអង្គរវត្ត និងខ្លះសរសេរឈ្មោះ ឬថ្ងៃខែឆ្នាំដែលគេមកអង្គរវត្ត។ នេះជាការពន្យល់របស់លោកបណ្ឌិត អ៊ា ដារិទ្ធ។
 
តាមការលើកឡើងរបស់លោកបណ្ឌិត ការសរសេរអក្សរទាំងនោះផ្តល់ជាសារប្រយោជន៍ផង និងមិនមានប្រយោជន៍ផង។ លោកពន្យល់ថា សារប្រយោជន៍ អក្សរដែលគេសរសេរនៅសម័យកណ្ដាលអាចឱ្យអ្នកស្រាវជ្រាវបានដឹងពីថា នៅសម័យក្រោយអង្គរ នៅតែមានមនុស្សមកអង្គរវត្ត រីឯភាសាបរទេស អាចឱ្យគេដឹងពីទំនាក់ទំនងខ្មែរនិងជាតិសាសន៍ទាំងនោះ។ ចំណែកការសរសេរ និងគូសវាសមិនមានអត្ថន័យទាំងអម្បាលម៉ាន គឺប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ និងសោភ័ណផង។ 
 
ក្នុងន័យខាងលើនេះ បុរាណវិទូ និងអ្នកស្រាវជ្រាវរូបនេះ ចង់ឱ្យមានការយល់ដឹងដល់បុគ្គលមួយចំនួនដែលលួចសរសេរអក្សរមួយចំនួននៅតាមថ្មប្រាសាទអង្គរវត្ត។ លោក ដារិទ្ធ ចាត់ទុកទង្វើទាំងនោះ ថាកំពុងបំផ្លាញតម្លៃបេតិកភណ្ឌ និងសោភ័ណភាពប្រាសាទទាំងនោះ។
ជុំវិញករណីនេះដែរ កាលពីថ្ងៃទី២១ វិច្ឆិកា កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទអង្គរវត្ត  សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានធ្វើការណែនាំ និងអប់រំបុរសម្នាក់ មានទីលំនៅនៅរាជធានីភ្នំពេញ បានលួចយកកូនសោរសរសេរឈ្មោះនៅលើថ្មប្រាសាទ។ ក្រោយធ្វើកិច្ចសន្យា អាជ្ញាធរបានអនុញ្ញាតឱ្យបុរសខាងលើត្រឡប់ទៅផ្ទះវិញ៕




 

Tag:
 ការសរសេរអក្សរនៅប្រាសាទ
  បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com