ជាតិ
យុវជនសកម្ម សេវាល្អ
សិក្ខាកាម២៥រូបនៅខេត្តកំពង់ធំ យល់ដឹងបន្ថែមពីតម្លៃសារព័ត៌មាន ការផលិតវីដេអូ និងព័ត៌មានតាមទូរសព្ទដៃ
16, Jan 2021 , 5:06 pm        
រូបភាព
ក្រុមអ្នករៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាកាម​មួយចំនួនថតរូបអនុស្សាវរីយ៍ជាមួយគ្នា ក្រោយបញ្ចប់ការសិក្សា​រយៈពេល​៤ថ្ងៃ
ក្រុមអ្នករៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាកាម​មួយចំនួនថតរូបអនុស្សាវរីយ៍ជាមួយគ្នា ក្រោយបញ្ចប់ការសិក្សា​រយៈពេល​៤ថ្ងៃ
ដោយ: ថ្មីៗ
យុវជន និងអ្នកធ្វើការជាមួយយុវជនចំនួន២៥នាក់ពីបណ្តាសហគមន៍នៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានយល់ដឹងបន្ថែមពីជំនាញសារព័ត៌មាន ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅក្រុងស្ទឹងសែន។ វគ្គសិក្សានេះ ជាផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាយរបស់ស្ត្រីវ័យក្មេង ក្នុងការធ្វើការសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឲ្យកាន់តែមានគណនេយ្យភាព» ដែលសហការរៀបចំដោយសារព័ត៌មានថ្មីៗ អង្គការអាក់សិនអេតកម្ពុជា អង្គការតម្លាភាពអន្តរជាតិ រួមទាំងអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា។





នៅថ្ងៃទីមួយ សិក្ខាកាម បានសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះ  តម្លៃស្នូល និងឥទ្ធិពលរបស់សារព័ត៌មាននៅក្នុងសង្គម ដែលបង្ហាញដោយលោក Pierre Gillette អតីតនិពន្ធនាយកកាសែតបារាំងកំបូដស័រ អ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ។ បន្ទាប់មក លោក Gerry Flynn ការីនិពន្ធនៃគេហទំព័រ Cambodianess.com បានបង្រៀនពីរបៀបស្វែងរកព័ត៌មាន និងការជ្រើសរើសមុំសម្រាប់ស្ថាប័នសារព័ត៌មាន។

នៅរសៀល តាមរយៈវីដេអូខនហ្វើរិន អ្នកស្រី លួង ដាវី មន្ត្រីកម្មវិធីជាន់ខ្ពស់នៃអង្គការអាក់សិនអេតប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញស្តីពីការឆ្លើយតបនឹងសមភាពយេនឌ័រ និងការផ្តល់សេវាធារណៈ។



ឈានដល់ថ្ងៃទីពីរ លោក អ៊ឹង ចំរើន ពីសារព័ត៌មានថ្មីៗ បានបង្រៀនមេរៀនទាក់ទងនឹងក្រមសីលធម៌សារព័ត៌មាន រួមទាំងតួនាទីសារព័ត៌មានប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយពីសកម្មភាពនានានៅមូលដ្ឋានដែលពួកគាត់រស់នៅ។ បន្ទាប់មក លោក សៅ ផលនិស្ស័យ និពន្ធនាយក Cambodianess.com ដែលជាគេហទំព័រព័ត៌មានជាភាសាអង់គ្លេសរបស់សារព័ត៌មានថ្មីៗ បង្រៀនពីរបៀបសរសេរព័ត៌មានសម្រាប់សារព័ត៌មានអនឡាញ និងដឹកនាំសិក្ខាកាមធ្វើលំហាត់អនុវត្តនូវអ្វីដែលពួកគាត់បានរៀន។



នៅព្រឹកថ្ងៃទី៣ លោក នួន កក្កដា ប្រធានផ្នែកព័ត៌មានវិទ្យា នៃសារព័ត៌មានថ្មីៗ បានលើកយកមេរៀនស្តីពីសុវត្ថិភាពនៅលើបណ្តាញសង្គម និងការផ្សព្វផ្សាយនៅលើបណ្តាញសង្គមឲ្យមានប្រសិទ្ធភាព។ នៅរសៀល និងឈានដល់ថ្ងៃទី៤ សិក្ខាកាមបានសិក្សាពីគន្លឹះនៃការថតរូប និងការផលិតព័ត៌មានតាមទូរសព្ទដៃ ក្រោមការដឹកនាំរបស់ លោក សែម វណ្ណា និពន្ធនាយករង ThmeyThmey25 និងកញ្ញា អ៊ុត រស្មី ដែលជាសហការី។

សិក្ខាកាមទាំងអស់ បានអនុវត្តផ្ទាល់ទាំងការសរសេរព័ត៌មាន និងការថតរូប។ ទោះបីជាសិក្ខាកាមមិនអាចឈានដល់កម្រិតដូចជាអ្នកកាសែតអាជីពក៏ដោយ ប៉ុន្តែពួកគាត់អាចយល់ដឹងបន្ថែមពីការងារ និងក្រមសីលធម៌របស់អ្នកកាសែតអាជីព កាន់តែច្បាស់ជាងមុន។ អ្នកនាង សរ ពិសី មន្ត្រីទំនាក់ទំនងនៃអង្គារអាក់សិអេត ប្រចាំកម្ពុជា លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ ក៏ដូចជាកញ្ញា សឿន សុខនឿន មន្ត្រីគម្រោងនៃអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា សុទ្ធតែបានវាយតម្លៃវិជ្ជមានចំពោះវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃកន្លងមកនេះ។



សូមបញ្ជាក់គម្រោងវគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយកញ្ញា ខន ចំប៉ា និពន្ធនាយករងសារព័ត៌មានថ្មីៗ។ គម្រោងនេះទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានឬយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមចាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ កំពង់ធំជាខេត្តគោលដៅដំបូងនៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ឧត្តរមានជ័យ កំពត ពោធិ៍សាត់ និងកោះកុង៕



© រក្សាសិទ្ធិដោយ thmeythmey.com