ជាតិ
ធនាគារអភិវឌ្ឍន៍ជនបទស្នើដល់មន្រ្តីនៅខេត្តចំនួន៣ ចុះជួយច្រូតកាត់ស្រូវរបស់កសិករ ដែលកំពុងរងគ្រោះ
29, Nov 2020 , 10:59 pm        
រូបភាព
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ បានស្នើដល់កម្លាំងអាជ្ញាធរខេត្ត និងកម្លាំងមូលដ្ឋាន ឱ្យចុះជួយច្រូតកាត់ស្រូវរបស់ ប្រជាកសិករ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ដែលកំពុងជួបបញ្ហាខ្វះកម្លាំងច្រូតស្រូវ និងម៉ាស៊ីនច្រូតកាត់ ខណៈឆ្នាំនេះការប្រមូលផលស្រូវមានការយឺតយ៉ាវ។


 
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្នុងរដូវប្រមូលផលនេះ កសិករកំពុងមមាញឹកប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ ប៉ុន្តែដោយសារ រដូវប្រាំងឆ្នាំនេះ មានការអូសបន្លាយ ធ្វើឱ្យស្រូវមួយចំនួនរងការប៉ះពាល់ ដែលនាំឱ្យការប្រមូលផលស្រូវជាន់គ្នា។ លោកបន្តថា ការសម្រុកប្រមូលផលស្រូវនេះ ធ្វើឱ្យខ្វះកម្លាំង និងខ្វះម៉ាស៊ីនច្រូតស្រូវ ជាពិសេសតម្លៃឈ្នួលច្រូតកើនឡើងទ្វេគុណ។ 
 
បើតាម អគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បើបញ្ហានេះ នៅតែអូសបន្លាយទៀតនោះ  នឹងធ្វើឱ្យស្រូវក្នុងស្រែទុំជ្រុល ធ្វើឱ្យបាត់បង់គុណភាពស្រូវ ព្រមទាំងតម្លៃធ្លាក់ចុះ។  
អគ្គនាយធានាគារអភិវឌ្ឍន៍ជនបទរូបនេះ បានស្នើដល់អាជ្ញាធរខេត្ត មន្រ្តីមូលដ្ឋាន និងយុវជនស្ម័គ្រចិត្ត ចុះជួយច្រូតកាត់ស្រូវរបស់ពលរដ្ឋដែលកំពុងជួយផលលំបាកឱ្យទាន់ពេល ជាពិសេសអ្នកមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមរក្សាតម្លៃដដែល កុំដំឡើងថ្លៃឈ្នួលពេក៕
 

Tag:
 ស្រូវ
 
© រក្សាសិទ្ធិដោយ thmeythmey.com