COVID-19
ជាតិ
រកឃើញអ្នកកើតកូវីដ-១៩ ចំនួន​៨នាក់ទៀតក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
30, Nov 2020 , 9:07 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន​៨ករណីបន្ថែមទៀតពីព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុបឡើង​ដល់​១៤នាក់ រីឯលទ្ធផល២២៣៤នាក់អវិជ្ជមាន។



តាមក្រសួងសុខាភិបាល ករណីវិជ្ជមានកូវីដ-១៩ ទាំង៨នាក់នោះ គឺមានស្រ្តីខ្មែរអាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលស្វាមីជាអនុប្រធានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ស្ត្រីខ្មែរអាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែល​មាន​ស្វាមីបម្រើការនៅនាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃ ស្ត្រីខ្មែរអាយុ ៤៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ​ជាម្តាយមីងរបស់អ្នក​ជំងឺកូវីដ-១៩ ​ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ស្ត្រីខ្មែរអាយុ ៣០ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាគ្រសារអ្នកបើកបរដែលវិជ្ជមាន​កូវីដ-១៩​​ ​ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ស្ត្រីខ្មែរម្នាក់ទៀត រស់នៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប៉ះពាល់ជាមួយអ្នក​ជំងឺកូវីដ-១៩ ​ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។  បុរសខ្មែរ រស់នៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប៉ះពាល់ជាមួយអ្នក​ជំងឺកូវីដ-១៩ថ្មី ដែលឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ កុមារា អាយុ៧ឆ្នាំ ត្រូវជាក្មួយរបស់​អ្នក​ជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ បុរសខ្មែរ អាយ៣៤ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប៉ះពាល់ជាមួយអ្នក​ជំងឺកូវីដ-១៩ថ្មី ដែលឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ អ្នក​ទាំង​៨នាក់នេះ ត្រូវបានដាក់​ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ​វៀត។ នេះបើតាមក្រសួងសុខាភិបាល។

​ក្រៅពីប្រកាសករណីឆ្លងថ្មី ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃ ២៩វិច្ឆិកា ក្រសួងបានធ្វើតេស្តអ្នក​ប៉ះពាល់បានចំនួន ៣,៣៣២នាក់ ប៉ុន្តែទើបតែវិភាគសំណាក បានចំនួន ២,២៤៨សំណាកប៉ុណ្ណោះ គិតត្រឹមម៉ោង ១ និង៣០ព្រឹកថ្ងៃទី៣០វិច្ឆិកា។ សំណាក ចំនួន ១,០៨៤ ទៀត នឹងត្រូវធ្វើវិភាគជាបន្តទៀត។ 

ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ឆ្នាំវិច្ឆិកា ដូចជានៅផ្សារទីអ៊ីអន១ សាលារៀនមួយចំនួន និងកន្លែងផ្សេងៗដែល​បានប៉ះពាល់ជាមួយអ្នក​ជំងឺ ដូចជានៅរាជធានីភ្នំពេញ ​ខេត្តបន្ទាយមានជ័យ បាត់ដំបង ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ និងសៀមរាបជាដើម ទៅធ្វើ​តេស្តរកកូវីដ-១៩ នៅបរិវេណក្រសួងមហាផ្ទៃ ផ្សារអ៊ីអន១ មន្ទីរមិត្តភាពខ្មែរ-សូវៀត និងនៅបរិវេណពន្ធនាគារព្រៃស។ តាមក្រសួងសុខាភិបាល ការធ្វើតេស្តលើកទី១ ធ្វើនៅថ្ងៃទី២៩ និង៣០វិច្ឆិកា ហើយតេស្តលើកទី២ នៅថ្ងៃទី៨ធ្នូ និងតេស្តលើកទី៣ នៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ក្រសួងស្នើដោយទទូចឲ្យអ្នកដែលពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះរបស់ខ្លួន​ឲ្យត្រឹមត្រូវផងដែរ។ 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០វិច្ឆិកា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣២៣នាក់ ក្នុងនោះ មាន៣០១នាក់ បានព្យាបាលជាសះស្បើយ។ ក្នុងចំណោមអ្នកជំងឺ ២២នាក់ ដែលនៅសល់ មាន១៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com