ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
សហគ្រិនក្តោបក្ដាប់ជំនួញច្រើន គង់ សូរីតា ប្រាប់ស្រ្តីឱ្យហ៊ានបង្កើតក្ដីសុបិន
30, Nov 2020 , 1:00 pm        
រូបភាព
ភ្នំពេញ៖ លោកស្រី គង់ សូរីតា ជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកសេដ្ឋកិច្ច និងសហគ្រិនភាព។ ក្រៅពីតួនាទីក្នុងស្ថាប័នរដ្ឋ លោកស្រី សូរីតា ក៏ជាសហគ្រិនស្រ្តីម្នាក់ ដែលកំពុងកាន់កាប់អាជីវកម្មជាច្រើន ដូចជាក្រុមហ៊ុន​បច្ចេកវិទ្យាផ្នែក GPS  សាលារៀន ភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ស្រ្តីមានផ្ទៃពោះផងដែរ។ មានបទពិសោធជាង១០ឆ្នាំ ក្នុងការធ្វើអាជីវកម្ម លោកស្រី សូរីតា ចង់ឱ្យស្រ្តីហ៊ានបង្កើតក្ដីសុបិនឱ្យធំ និងពង្រឹងចំណេះដឹង ដើម្បីជោគជ័យក្នុងអាជីវកម្ម។



ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នក​នាង ទស្សនាវីដេអូកិច្ចសម្ភាសរវាង កញ្ញា អ៊ុត រស្មី នៃសារព័ត៌មានថ្មីៗ និងលោកស្រី គង់​ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកសេដ្ឋកិច្ច និងសហគ្រិនភាព និងជាសហគ្រិនដ៏លេចធ្លោមួយរូបនៅកម្ពុជា ដូចតទៅ ៖




សហគ្រិនស្រ្ដីដ៏ឆ្នើម គង់ សូរីតា កំពុងគ្រប់គ្រងអាជីវកម្មជាច្រើន ដែលសុទ្ធសឹងស្ថិតក្នុងវិស័យខុសៗគ្នា។ ក្នុងគ្រួសារដែលមានជីវភាពធូរធារ តាមពិតទៅគ្រួសាររបស់លោកស្រី សូរីតាមិនបានគាំទ្រឱ្យ លោកស្រីប្រកបអាជីវកម្មនោះឡើយ ពោលគឺចង់ឱ្យលោកស្រីធ្វើការងារក្នុងស្ថាប័នរដ្ឋ។ ប៉ុន្តែដោយមានក្ដីសុបិន និងគោលដៅច្បាស់លាស់ សហគ្រិនវ័យ៣៣ឆ្នាំរូបនេះ បានចាប់ផ្ដើមបើកអាជីវកម្មដំបូងរបស់ខ្លួន លើក្រុមហ៊ុន Ocean Technology ដែលកាលណោះទុនរកស៊ីបានមកពីលុយចំណងដៃអាពាហ៍ពិពាហ៍ប៉ុណ្ណោះ  ហើយរហូតដល់ពេលនេះលោកស្រី បានពង្រីកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ក្នុងវិស័យខុសៗគ្នា។

ជាមនុស្សឯករាជ្យលើខ្លួនឯង លោកស្រី សូរីតា រៀបរាប់ដូច្នេះថា៖«ដោយសារនាងខ្ញុំអត់សូវចូលចិត្តធ្វើអីដដែលៗ អីចឹងនាងខ្ញុំមើលឃើញឱកាសច្រើនជាង ​កាលហ្នឹងយើងគិតថា យើងជាសហគ្រិនវ័យក្មេង។ យើងចង់ធ្វើអ្វីដែលស្រុកខ្មែរអត់សូវមាន អីចឹងក្រុមហ៊ុនទី២​ ដែលចែកចាយនូវសម្ភារ កូនក្មេងជាមួយនឹងសម្លៀកបំពាក់ស្រ្តីមានផ្ទៃពោះ។ អីចឹងនាងខ្ញុំមើលឃើញ ថានៅក្នុងស្រុកខ្មែរអត់សូវមាន ហើយមានតែនៅផ្សារធម្មតា សម្លៀកបំពាក់មួយចំនួនអត់ស្អាត។ នាងខ្ញុំចូលចិត្តមើលចក្ខុវិស័យវែងឆ្ងាយច្រើន ក្នុងនាមជាសហគ្រិនគឺយើងតែងមើលឃើញថា តម្រូវការគឺមានខ្ពស់ ប៉ុន្តែអ្នកផ្គត់ផ្គង់គឺអត់សូវមានទេ។ អីចឹងបាននាងខ្ញុំសិក្សា ស្វែងយល់ ក៏យក យីហោហ្នឹង មកពីប្រទេសសាំងហ្គាពួរ។ ហើយបន្ថែមលើហ្នឹងទៀត ខ្ញុំក៏គិតថា នាងខ្ញុំចង់រកស៊ីផ្នែកវិស័យអប់រំ ព្រោះដោយសារនាងខ្ញុំស្រលាញ់តាំងពីក្មេងមក ព្រោះនាងខ្ញុំគិតថា វិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ»។

តាមពិតទៅ ការគ្រប់គ្រង់អាជីវកម្មខុសៗគ្នា ឱ្យដំណើរការរលូន ហាក់មិនងាយស្រួលទេ សម្រាប់អ្នកជំនួញរូបនេះ។ តាមលោកស្រី សូរីតា អ្វីដែលលោកស្រីដើរដល់គោលដៅនេះ ដោយសារ ចំណេះដឹង និងជំនឿចិត្តដែលលោកស្រីមាន ព្រមទាំងការមិនងាយបោះបង់។ «មិនមែនជារឿងងាយស្រួលទេ សម្រាប់ការគ្រប់គ្រងអាជីវកម្មខុសៗគ្នា ប៉ុន្តែនៅពេលយើងមានបទពិសោធ នៅពេលឆ្លងកាត់ភាពបរាជ័យ ភាពជោគជ័យ ស្វែងយល់នៅព័ត៌មានថ្មីៗ វាធ្វើឱ្យយើងអាចក្កោប ការធ្វើអាជីវកម្មហ្នឹង ។ យើងចេះ អភិវឌ្ឍន៍ទៅមុខ មិនមែនយើងចេះតែនឹកឃើញទេ គឺយើងមានផែនការអាជីវកម្ម យើងមានគោលបំណង នរណាជាដៃគូអាជីវកម្មរបស់យើង? រៀបចំយុទ្ធសាស្រ្តទីផ្សារយ៉ាងម៉េច? ដើម្បីជួយអភិវឌ្ឍន៍អាជីវកម្មមួយៗឱ្យដើរ»។ នេះជាការបញ្ជាក់របស់លោកស្រី សូរីតា។

លោកស្រី គង់ សូរីតា ចង់ឱ្យស្រ្តីហ៊ានបង្កើតក្ដីសុបិន និងចេះអភិវឌ្ឍន៍សមត្ថភាពខ្លួន 

រយៈពេលជាង១០ឆ្នាំហើយ ដែលលោកស្រី សូរីតា បានប្រឡូកក្នុងវិស័យជំនួញ។ លោកស្រី សូរីតា ជាសហគ្រិនស្រ្តីលេចធ្លោម្នាក់ និងជាអ្នកដឹកនាំដ៏មានសមត្ថភាព។ សហគ្រិនស្រ្តី ដែលបានផ្ដល់តម្លៃចំពោះការអប់រំនេះ តែងតែស្វះស្វែងអភិវឌ្ឍន៍ចំណេះដឹងខ្លូន និងកសាងភាពលេចធ្លោសម្រាប់ខ្លួនឯង តាមរយៈការប្រកួតប្រជែង និងបានពានរង្វាន់សហគ្រិនឆ្នើមជាច្រើន ទាំងជាតិនិងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈបទពិសោធ សមត្ថភាព និងការប្រឹងប្រែង លោកស្រី សូរីតា បាននិពន្ធសៀវភៅពីរក្បាល ដែលមានចំណងជើងថា «Leading Ladies និង Dare to Dream » ក្នុងគោលបំណងលើកទឹកចិត្ត និងចែករំលែកបទពិសោធនៃការធ្វើអាជីវកម្មដល់ស្រ្តី។ លោកស្រីសូរីតា បានអះអាងដូច្នេះថា៖«នាងខ្ញុំគិតថា ចង់ធ្វើជាមនុស្សដែលលេចធ្លោ អីចឹងបើចង់ធ្វើជាមនុស្សដែលលេចធ្លោ យើងត្រូវធ្វើរឿងដែលលេចធ្លោ បានន័យថា​យើងត្រូវធ្វើការងារឱ្យខ្លាំង ឱ្យសកម្ម មានចិត្តមោះមុត អ្វីដែលសំខាន់ចុះចាញ់អ្វីដោយងាយទេ ប្រសិនយើងស្វែងរកថាការងារទាំងអស់ហ្នឹង ជាការងារដែលត្រឹមត្រូវ។ អីចឹងនាងខ្ញុំអាចនិយាយបានថា នាងខ្ញុំសាងសមត្ថភាពខ្លួនឯង ព្រោះនាងខ្ញុំរកឃើញថា បើសិនយើងចង់ខ្លាំងហើយ ប៉ុន្តែសួរថាយើងធ្វើរបៀបម៉េចដើម្បីយើងអាចទៅដល់ភាពខ្លាំងហ្នឹងកើត ? អីចឹងនាងខ្ញុំយកចំណេះដឹងជាគោល នាងខ្ញុំទម្លាប់ធ្វើការងារខ្លួនឯងឱ្យខ្លាំងពូកែ ហើយធ្វើនូវអ្វីដែលគេអត់ចូលចិត្តចង់ធ្វើ»។

ទន្ទឹមនឹងនេះ ស្រ្តីឆ្នើម ដែលកំពុងគ្រប់គ្រងអាជីវកម្មជាច្រើនក្នុងដៃ ក៏ចង់ឃើញស្រ្តីក្លាហានហ៊ានបង្កើតក្ដីសុបិនរបស់ខ្លួន កុំងាយបោះបង់ និងព្យាយាមអភិវឌ្ឍន៍សមត្ថភាព មិនថាការងារ និងការប្រកបអាជីវកម្មឡើយ។ លោកស្រីសូរីតា បានផ្ដាំដូច្នេះថា៖​« ប្រសិនយើងចង់យើងធ្វើទៅ ការងារ អាជីវកម្មអីក៏ល្អដែរ តែសំខាន់យើងត្រូវធ្វើដោយសប្បាយចិត្ត។ អ្វីដែលសំខាន់ទៀត ត្រូវប្រាប់ខ្លួនឯងថា បើសិនយើងធ្វើ ធ្វើឱ្យជោគជ័យ ព្រោះបើសិនយើងគ្រាន់តែធ្វើលេង យើងមានលុយក្នុងការបង្វិល និងខាត មិនអីទេ ចុះបើសិនយើងអត់មានថវិកាគ្រប់គ្រាន់ ធ្វើហើយបិទ យើងទៅចាប់ផ្ដើមអ្វីផ្សេងទៀត ថាតើយើងទទួលយកការបរាជ័យហ្នឹងបានអត់? ហើយរកស៊ីវាមានហានិភ័យច្រើនណាស់ យើងអត់អាចមើលឃើញតែចំណុចល្អ។ ឃើញតែគេជោគជ័យ ឃើញតែគេស្លៀកពាក់ស្អាតជាCEOហ្នឹង គឺយើងសរសើរ យើងគិតថាអស្ចារ្យទេ ប៉ុន្តែខាងក្រៅពួកគាត់មានបញ្ហាប្រឈមច្រើន។ អីចឹងបើយើងចង់ធ្វើជាម្ចាស់អាជីវកម្ម ឬសហគ្រិន យើងត្រូវរៀនទទួលថាយើងនឹងត្រូវប្រឈមអ្វីខ្លះ ?ទីមួយតាំងពីការគ្រប់គ្រងបុគ្គលិក បញ្ហាហិរញ្ញវត្ថុ ប្រកួតប្រជែង គឺសុទ្ធតែជាអ្វីដែលត្រូវជួប។អីចឹងបើយើងអត់បានដុសខាត់ផ្លូវចិត្តរឹងមាំទេ បរាជ័យល្មមៗ យើងបោះបង់ យើងអត់អាចជោគជ័យសូម្បីតែជីវិតរបស់យើងផ្ទាល់»៕

Tag:
 គង់ សូរីតា
  ​សហគ្រិន
 ជំនួញ
 អប់រំ
  WYELProgramme
  USAID
 TICamobdia
© រក្សាសិទ្ធិដោយ thmeythmey.com