COVID-19
ជាតិ
តុលាការភ្នំពេញ ផ្អាកបើកសវនាការពីរសប្តាហ៍ ដោយបារម្ភនឹងកូវីដ
30, Nov 2020 , 2:00 pm        
រូបភាព
តុលាការរាជធានីភ្នំពេញ ប្រកាសថា ការបើកសវនាការលើសំណុំរឿងរបស់អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងអ្នកជាប់ឃុំនៅពន្ធគារព្រៃស ត្រូវផ្អាករយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃ៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ការសម្រេចផ្អាកសវនាការនេះ គឺធ្វើទៅតាមសំណើរបស់ពន្ធនាគាររាជធានីភ្នំពេញនិងពន្ធនាគារព្រៃស។



តាមរយៈសេចក្តីជូនដំណឹងចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា តុលាការរាជធានីភ្នំពេញ អះអាងថា ទទួលបានការរាយការណ៍ពីពន្ធនាគាររាជធានីភ្នំពេញនិងពន្ធនាគារព្រៃសថា «មានការពាក់ព័ន្ធនឹងការរាលដាលនៃជំជឺកូវីដ-១៩ ដល់ពន្ធនាគារទាំង២នេះ។ តុលាការរាជធានីភ្នំពេញ ទទួលបានព័ត៌មានទៀតថា មន្រ្តីមួយចំនួននៃពន្ធនាគារទាំង២ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដូច្នេះ ការដឹកជនជាប់ឃុំទៅសវនាការ មិនអាចប្រព្រឹត្តទៅបានល្អ ព្រោះមិនមានកងកម្លាំងគ្រប់គ្រាន់ ហើយម្យ៉ាងទៀត ការផ្អាកដឹកជនជាប់ឃុំទៅសវនាការមួយរយៈនេះ ក៏ដើម្បីបង្ការការរាលដាលដល់ជនជាប់ឃុំដែរ។

យ៉ាងណាក៏ដោយ តុលាការរាជធានីភ្នំពេញ បញ្ជាក់ថា លើកលែងសំណុំរឿងចាំបាច់មួយចំនួន ដែលចៅក្រម អាចពិនិត្យបើកសវនាការឬមិនបើកសវនាការ តាមការជាក់ស្តែង។

ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺសំដៅលើការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើស្រ្តីម្នាក់ជាភរិយារបស់មន្រ្តីខ្ពស់នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃជាស្វាមី និងសមាជិកមួយចំនួនក្នុងគ្រួសារពួកគេ រួមទាំងអ្នកផ្សេងទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ។ ប្រមុខរដ្ឋភិបាល ចាត់ទុកព្រឹត្តិការណ៍នេះ ថាជាការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា។

គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មនុស្សជាង២,២ពាន់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយរកឃើញមនុស្ស១៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ។ ក្រសួង នៅតែបន្តធ្វើតេស្តរកមេរោគកូវីដ-១៩លើមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣២៣នាក់ ដោយក្នុងនោះ បានជាសះស្បើវិញ៣០១នាក់៕

Tag:
 COVID-19
  ផ្អាកសវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com