COVID-19
ជាតិ
សិស្សទី១២ ក៏ត្រូវផ្អាករៀនតាមសាលាដែរ ដោយត្រូវរៀនតាមអនឡាញវិញ
30, Nov 2020 , 3:10 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឲ្យផ្អាកដំណើរសិក្សារបស់សិស្សថ្នាក់១២ នៅតាមសាលារៀនជាបណ្តោះអាសន្នសិន។



តាមរយៈសារជាសំឡេង ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សំដៅចំទៅលោក ហង់ជួន ណារ៉ុន ថា៖«ក្រសួងអប់រំត្រូវធ្វើសកម្មភាពជាបន្ទាន់ទាក់ទិននឹងការបិទសាលារៀន បិទបវេសនកាល ហើយនៅក្នុងរយៈពេលរៀនបន្ត សម្រាប់សិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡង ក៏គួរតែផ្អាកសិន។ សាលា បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចគ្នាដែរ គឺត្រូវផ្អាកចំនួន១៤ថ្ងៃសិន»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា៖«ក្រសួងអប់រំ គោរពទទួលតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ មកដល់ពេលនេះ ក្រសួង កំពុងតែធ្វើលិខិត ថ្មីមួយ»។

នៅយប់ថ្ងៃទីម្សិលមិញ (២៩វិច្ឆិកា) លោក ហង់ជួន ណារ៉ុន បានប្រកាសបិទបញ្ចប់ឆ្នាំសិក្សាចាស់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយទុកតែថ្នាក់ទី១២ប៉ុណ្ណោះ ដែលត្រូវបន្តការសិក្សាតាមសាលារៀន ដ្បិតសិស្សថ្នាក់ទី១២ ត្រូវត្រៀមប្រឡងបាក់ឌុប នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ យ៉ាងណា ក្រោយទទួលបទបញ្ជារបស់នាយករដ្ឋមន្រ្តី ក្រសួងអប់រំ ក៏ត្រូវផ្អាកការសិក្សារបស់សិស្សថ្នាក់ទី១២ដែរ ដោយឲ្យពួកគេ រៀនតាមអានឡាញវិញ។

ចំពោះការប្រឡងឌីប្លូម នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ នៅតែដំណើរការទៅតាមការគ្រោងទុក។ ក្រសួងអប់រំ កំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាលឆ្នាំថ្មី៕

Tag:
 COVID-19
  ផ្អាកការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com