ជាតិ
ផ្លូវ៣៨ខ្សែក្រុងសៀមរាប មានរៀបបណ្តាញលូទឹកភ្លៀង ទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់ និងការបញ្ចៀសជន់លិចក្រុង លោក ស៊ុន ចាន់ថុល ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែដែលមានប្រវែងសរុបជិត១០៩គីឡូម៉ែត្រ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០។
× ការសាងសង់ផ្លូវតូច-ធំទាំង៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ នឹង មានរៀបចំបណ្តាញលូទឹកភ្លៀង បណ្តាញលូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់ និងប្រព័ន្ធបញ្ចៀសការជន់លិចទីក្រុងសៀមរាប។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ដោយបន្តថា ផ្លូវ៣៨ខ្សែនេះ នឹងមានការរៀបចំឱ្យមានផ្លូវថ្មើជើង ផ្លូវសម្រាប់ជនពិការ និងផ្លូវសម្រាប់ជិះកង់ ជាដើម។
បើតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែដែលមានប្រវែងសរុបជិត១០៩គីឡូម៉ែត្រ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០វិច្ឆិកានេះ ក្រៅពីមានរៀបចំបណ្តាញលូ និងប្រព័ន្ធបញ្ចៀសការលិចលង់ក្រុងហើយនោះ ក៏មានរៀបចំការដាក់បង្គោលភ្លើងសម្រាប់បំភ្លើងផ្លូវ រៀបចំប្រព័ន្ធខ្សែកាប ប្រព័ន្ធបញ្ជូនចរន្តអគ្គិសនី និងផ្លាកសញ្ញាចរាចរណ៍ផ្សេងៗ និងកាមេរ៉ាសុវត្ថិភាព ផងដែរ។
រចនាសម្ព័ន្ធនៃការសង់សាងផ្លូវទាំង៣៨ខ្សែដែលមានតម្លៃប្រមាណ៣៥០លានដុល្លារនេះ ត្រូវបានបែងចែកជាបួនប្រភេទ។ ប្រភេទផ្លូវទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ។ ផ្លូវនេះ គឺត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ។ ប្រភេទទី២៖ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ។ ផ្លូវបប្រភេទនេះ គឺត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូAC កម្រាស់៧សង់ទីម៉ែត្រពីលើ។ ប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ក៏ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ។ រីឯប្រភេទទី៤៖ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អនបោះ គឺត្រូវជួសជុលនិងអ៊ុតក្រាលបេតុងកៅស៊ូACឡើងវិញ ហើយ កំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ។ នេះបើតាម លោក ស៊ុន ចាន់ថុល។
កាលពីថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២០ ក្នុងដំណើរចុះត្រួតពិនិត្យគម្រោងការសាងសង់ផ្លូវ ក្នុងក្រុងសៀមរាប លោក ស៊ុន ចាន់ថុល បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងសាងសង់ឡើងដោយក្រុមហ៊ុន ចំនួនប្រាំមួយដោយបែងចែគ្នាធ្វើជាកំណាត់ៗ។ រដ្ឋមន្ត្រីសាធារណការរូបនេះ បានបញ្ជាក់ថា ការសាងសង់ផ្លូវទាំង៣៨ខ្សែរបស់ក្រុមហ៊ុនទាំង៦នោះ គឺនឹងមានក្រុមការងារជំនាញក្រសួងសាធារណការនឹងចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះ ដើម្បីឱ្យសាងសង់ផ្លូវនីមួយៗ អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារបច្ចេកទេស ដោយធានាបាននូវគុណភាពជាប់រឹងមាំ បញ្ចប់គម្រោងតាមផែនការ និងប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។
លោក ស៊ុន ចាន់ថុល ធ្លាប់ព្រមានដល់ក្រុមហ៊ុននីមួយៗដែលទទួលបន្ទុកសាង់សងផ្លូវទាំងនេះ ដូច្នេះ៖« បើអង្គភាពណា ធ្វើផ្លូវទាំងនោះ មិនត្រូវតាមបច្ចេកទេស និងស្តង់ដារទេ គឺក្រសួង មិនទូទាត់ប្រាក់ឱ្យ ឡើយ»។
ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបដែលកំពុងសាងសង់នោះ មានឈ្មោះ រុក្ខវិថីព្រះសីហនុ, វិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព, វិថីសម្តេចក្រឡាហោម ស ខេង, ផ្លូវ៧មករា, ផ្លូវលោកតាទៀវណឺយ, ផ្លូវស្របមាត់ស្ទឹងប៉ែកខាងកើត, ផ្លូវចូលបារាយណ៍ខាងលិច...៕
© រក្សាសិទ្ធិដោយ thmeythmey.com