សង្គមអន្តរជាតិ​
អន្តរជាតិ
លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់​ដែល​ត្រូវធ្វើឃាត ជា​នរណា​?
30, Nov 2020 , 9:39 pm        
រូបភាព
រូបគំនូររបស់លោក Mohsen Fakhrizadeh ដែលត្រូវបានចាត់ទុកជាអ្នកវិទ្យាសាស្ត្រ និងជាបុគ្គលដ៏សំខាន់លើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ រូបភាព៖ AFP
រូបគំនូររបស់លោក Mohsen Fakhrizadeh ដែលត្រូវបានចាត់ទុកជាអ្នកវិទ្យាសាស្ត្រ និងជាបុគ្គលដ៏សំខាន់លើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ រូបភាព៖ AFP
​មុន​ឧប្បទ្ទវហេតុ​បាញ់ប្រហារ​ក្នុង​ទីក្រុង Absard ភាគ​ខាងកើត​រដ្ឋធានី​តេ​ហេ​រ៉ង់ លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ និង​ជា​បុគ្គល​ដ៏​សំខាន់​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មិនមាន​មនុស្ស​ច្រើន​ឡើយ​ស្គាល់​។ គេ​មិនដឹងថា លោក​ជា​នរណា និង​មាន​តួនាទី​អ្វី​នៅក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់​។ ចំណែក​សារព័ត៌មាន​ក្នុងស្រុក​អ៊ីរ៉ង់ ក៏​មិនសូវ​បញ្ចេញ​តួនាទី​របស់​បុរស​វ័យ​៦២​ឆ្នាំនេះ​ពិតប្រាកដ​ដែរ​។ ពេលខ្លះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ ហៅ​លោ​កថា​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ ប៉ុណ្ណោះ​។​

 
​តើ​លោក Mohsen Fakhrizadeh គឺជា​នរណា និង​មាន​តួនាទី​អ្វី​នៅក្នុង​រដ្ឋាភិបាល​អ៊ីរ៉ង់​? ហើយ​តើ​បុរស​វ័យ ៦២​ឆ្នាំ​រូបនេះ មាន​តួនាទី​អ្វី​នៅក្នុង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​? 
 
អត្ថបទទាក់ទង
 
​លោក Mohsen Fakhrizadeh ជា​ជនជាតិ​អ៊ីរ៉ង់ ដែល​កើត​នៅក្នុង​ក្រុង​Qom ក្នុង​ឆ្នាំ​១៩៥៨​។ បុរស​រូបនេះ​ត្រូវបាន​អាមេរិក និង​អ៊ីស្រាអែល​ចាត់ទុកថា គឺជា​មនុស្ស​ដ៏​សំខាន់ នៅក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ បើតាម​កាសែត Times of Israel ក្នុង​ឆ្នាំ​២០១៨ លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ហៅ លោក Fakhrizadeh ជា «​ប្រធាន​គម្រោង​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​» យ៉ាងណាក៏ដោយ អ៊ីរ៉ង់ បាន​បដិសេធ​ការហៅ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បែបនេះ​។ 
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អ៊ីរ៉ង់ Javad Zarif  លោក Fakhrizadeh គឺជា​ប្រធាន​អង្គភាព​នវានុវត្តន៍ និង​ស្រាវជ្រាវ​នៃ​ក្រសួងការពារជាតិ និង​ជា​សាស្ត្រាចារ្យ​ប​ង្រៀ​ង​នៅ​សកល​វិទ្យាល័យ​Imam Hussein ប៉ុណ្ណោះ​។ 
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​អ៊ីរ៉ង់​រូបនេះ នៅតែ​ត្រូវបាន​គេ​មើលឃើញថា នៅតែមាន​តួនាទី​សំខាន់​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ នៅក្នុងពេល​ព្រឹត្តិការណ៍​បាញ់ប្រហារ លោក Fakhrizadeh អម​កង​អង្គរក្ស​ជាច្រើនរូប ដើម្បី​តាម​ការពារ​។ ការដាក់​អង្គរក្ស​តាមបែប​នេះ បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​មួយ​របស់លោក​Fakhrizadeh​។ 
 
​មិន​ត្រឹមតែ​ជា​ប្រធាន​អង្គភាព​នវានុវត្តន៍ និង​ស្រាវជ្រាវ​ប៉ុណ្ណោះ​ទេ លោក Fakhrizadeh ក៏​ជា​សមាជិក​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់​ផងដែរ​។ កាសែត The New York Times បាន​ប្រដូច​បុរស​វ័យ​៦២​ឆ្នាំ​រូបនេះ ស្មើនឹង​ប្រធាន​ទីពិសោធន៍ Los Alamos លោក Robert Oppenheimer ក្នុងអំឡុងពេល​អភិវឌ្ឍ​អាវុធ​អា​តូ​មិច​លើកដំបូង​លើ​ពិភពលោក​។ 
 
​ចំណែក​សារព័ត៌មាន BBC បាន​ហៅ​បុរស​រូបនេះ​ថា ជា​បុគ្គល​មាន​តួនាទី​យ៉ាងសំខាន់ ចាប់តាំងពី​អ៊ីរ៉ង់​ប្រកាស​លែង​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ដើមឆ្នាំ​២០២០ ដែល​ស្រដៀង​នឹង​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ហៅ​ដែរ​។ ដោយឡែក​ទីភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ (IAEA) នៅក្នុង​ឆ្នាំ​២០១១ កំណត់ថា លោក Fakhrizadeh គឺជា​អ្នកដឹកនាំ​នៅក្នុង​កិច្ចខិតខំ​អភិវឌ្ឍ​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ​។ 
 
​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​តួនាទី​របស់លោក Fakhrizadeh ច្បាស់​ទេ ប៉ុន្តែ​សារព័ត៌មាន ក៏ដូចជា​អ្នកជំនាញ​មួយចំនួន​យល់ថា បុរស​រូបនេះ គឺមាន​ចំណេះដឹង​ខ្លាំង​ខាង​ផ្នែក​នុយក្លេអ៊ែរ​។ បើតាម​ការអះអាង​លោក Karim Sadjadpour មន្ត្រីជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ដើម្បី​សន្តិភាព​អន្តរជាតិ  Carnegie Endowment  លោក​Fakhrizadeh ទំនងជា​មានចំណេះដឹង​ច្រើន​លើ​កម្មវិធី​នុយក្លេអ៊ែរ​ជាង​មនុស្ស​ដទៃទៀត​។ ទន្ទឹមនេះ លោក Karim បាន​បន្តថា ការបាត់បង់​អ្នកជំនាញ​នុយក្លេអ៊ែរ​ពេលនេះ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អ៊ីរ៉ង់​ផងដែរ​។ 
 
​ជាការ​ពិត ករណី​ស្លាប់​របស់លោក Fakhrizadeh បង្ក​ឲ្យ​ខូចប្រយោជន៍​អ៊ីរ៉ង់​ធំ​ណាស់ ដ្បិត​លោក​ត្រូវបាន​ចាត់ទុកជា​អ្នកជំនាញ​នុយក្លេអ៊ែរ​។ ជាពិសេស ព្រឹត្តិការណ៍​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មហិច្ឆតា​ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ថែមទៀត​។ 
 
​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ថែមទៀត​។ កន្លងមក ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក​ចូ បៃ​ឌិន បានប្រកាសថា នឹង​ស្តារ​ទំនាក់ទំនង​អាមេរិក​-​អ៊ីរ៉ង់​ឡើងវិញ បន្ទាប់ពី​ប្រទេស​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំ ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ហើយ​ថែមទាំង​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ និង​បាញ់សម្លាប់​មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ លោក Qasem Soleimani​។ បញ្ហា​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​លោក បៃ​ឌិន កាន់តែ​ពិបាក​ស្តារ​ទំនាក់ទំនង​អាមេរិក និង​អ៊ីរ៉ង់​ឡើងវិញ​។ 
 
​គិត​មកទល់ពេលនេះ មិនទាន់មាន​ភាគី​ណាមួយ ប្រកាស​ចេញមុខ​ផ្ទាល់​ថា​បាន​បង្ក​ឃាតកម្ម​នេះ​នៅឡើយ​ទេ ស្របពេល​អ៊ីរ៉ង់​កំពុង​ចោទ​អ៊ីស្រាអែល​នៅ​ពីក្រោយ​ហេតុការណ៍​នេះ និង​សងសឹក​ក្នុងពេល​ជាក់លាក់​មួយ​។ ខណៈ​ភាគី​អ៊ីស្រាអែល​វិញ មិនទាន់​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះឡើយ​។ 
 
​បើទោះបីជា​លោក Fakhrizadeh បាន​បាត់​បង់ជីវិត​មែន ប៉ុន្តែ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រកាសថា អ៊ីរ៉ង់​នឹង​បន្ត​កិច្ចការ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក Fakhrizadeh ថែមទៀត​។ ដោយឡែក​សភា​អ៊ីរ៉ង់​វិញ កំពុង​ពិនិត្យ​សេចក្តីស្នើច្បាប់ ដើម្បី​ធ្វើ​ឲ្យ​អ៊ីរ៉ង់​អាច​ចម្រាញ់​សា​ធាតុ​អ៊ុយ​រ៉ានី​ញ៊ូ​ម  យ៉ាងហោចណាស់ ១២០​គីឡូក្រាម ឬ​២០​ភាគរយ​ក្នុង​មួយឆ្នាំ​។ 
 
​ករណី​ស្លាប់​របស់លោក Fakhrizadeh កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ខួប​១០​ឆ្នាំ នៃ​ករណី​ឃាតកម្ម​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក Majid Shahriari ដែល​អ៊ីរ៉ង់ បន្ទោស​អ៊ីស្រាអែល​ថា​ជា​អ្នក​បង្កឡើង​ដូចគ្នា​៕ 

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com