អន្តរជាតិ
អ្នកធ្វើអត្តឃាតនៅជប៉ុនក្នុងខែតុលា មានចំនួនច្រើនជាងអ្នកស្លាប់ដោយសារកូវីដ-១៩ ប្រជាជនជប៉ុនពាក់ម៉ាស់ ក្រោយរដ្ឋាភិបាលដាក់ប្រទេសក្នុងស្ថានភាពអាសន្នដោយសារកូវីដ១៩។ រូបភាព៖AFP
× របាយការណ៍ប្រចាំខែតុលា ស្តីពីចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុនបង្ហាញថា ប្រជាជនជប៉ុនចំនួន២,១៥៣នាក់បានស្លាប់ខ្លួនក្នុងរយៈមួយខែ ដែលចំនួននេះគឺច្រើនជាងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នៅជប៉ុនតាំងតែពីមានករណីឆ្លងមកម្ល៉េះ។ ចំនួនអ្នកធ្វើអត្តឃាតជាស្ត្រីមានការកើនឡើងរហូតដល់ទៅ៨៣ភាគរយ ធៀបទៅនឹងបុរសការកើនឡើងមាន២២ភាគរយ។
ជប៉ុន ជាប្រទេសមួយមានអត្រាអ្នកធ្វើអត្តឃាតខ្ពស់បំផុតក្នុងលោក ដោយអត្រាអ្នកធ្វើអត្តឃាតមាន១៨,៥នាក់ ក្នុងចំណោម១សែននាក់ ដែលជាអត្រាទ្វេដងធៀបទៅនឹងអត្រាជាមធ្យមក្នុងតំប់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ អ្នកធ្វើអត្តឃាតមានចំនួនជាមធ្យម២ម៉ឺននាក់។ របាយការណ៍របស់ប៉ូលិសជប៉ុនបង្ហាញថា ករណីអត្តឃាតក្នុងខែតុលា មានចំនួនដល់ទៅ២,១៥៣ករណី ខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩មាន ២,០៨៧នាក់ចាប់តាំងតែពីមានការផ្ទុះឡើងនៃជំងឺនេះ។
ការយល់ដឹងពីដើមចមនៃការធ្វើអត្តឃាតនៅជប៉ុនជារឿងស្មុគស្មាញ ប៉ុន្តែការធ្វើការច្រើនម៉ោង សម្ពាធពីសាលារៀន ការនៅដាច់តែឯងក្នុងសង្គម និងវប្បធម៌មិនអើពើ និងបញ្ហាសុខភាពផ្លូវចិត្តជាកត្តារួមចំណែកក្នុងការធ្វើអត្តឃាត។ នេះបើយោងតាមលោក Michiko Ueda អ្នកជំនាញផ្នែកអត្តឃាត និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យWaseda។
ចំនួនស្ត្រីជប៉ុន ដែលធ្វើអត្តឃាតមានចំនួនតិចជាងបុរស ប៉ុន្តែអត្រាកំណើនមានរហូតដល់ទៅ៨៣ភាគរយ ទល់នឹងបុរស២២ភាគរយ បើធៀបទៅនឹងចំនួនអ្នកធ្វើអត្តឃាតក្នុងខែតុលា ឆ្នាំ២០១៩។ ហេតុផលមួយចំនួនដែលអាចពន្យល់ពីកំណើនអត្រាអត្តឃាតរបស់ស្ត្រីជប៉ុន មានការធ្វើការក្រៅម៉ោងក្នុងវិស័យសេវាកម្មសណ្ឋាគារ អាហារ និងការលក់ដូរ ដែលរងការបញ្ឈប់ពីការងារដោយសារផលប៉ះពាល់របស់ជំងឺកូវីដ-១៩។ ក្រៅពីនេះ ក៏មានផងដែរបន្ទុកបន្ថែមក្នុងការថែទាំគ្រួសារ ដូចជាការមើលថែកូននៅពេលសាលាបិទទ្វារ ឬពេលបិទកន្លែងថែទាំកុមារ។ នេះយោងតាមសារព័ត៌មាន CNN។
បន្ថែមពីនេះ សង្គមជប៉ុនមានទំនោរ មិនសូវខ្វល់ខ្វាយពីស្ត្រី និងអំពើចំពោះអ្នកទន់ខ្សោយនៅពេលមានហេតុការណ៍អាក្រក់កើតឡើង។ សង្គមជប៉ុន ក៏ម៉ាក់ងាយ បុគ្គលរូបណាដែលនិយាយពីរឿងឯកោ និងបញ្ហាដែលបុគ្គលនោះប្រឈមផងដែរ។ គំនិតបែបនេះ ធ្វើឲ្យអ្នកមានបំណងធ្វើអត្តឃាត មិនស្វែងរកជំនួយទាន់ពេល ឬស្វែងរកជំនួយតែម្តង។ ជាក់ស្តែង ក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៩០ ចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុនកើនឡើង ដោយចំនួនច្រើនបំផុតមានក្នុងឆ្នាំ២០០៣ ដែលមានអ្នកសម្លាប់ខ្លួនដល់ទៅ ៣ម៉ឺន៤ពាន់។ ភាគច្រើននៃចំនួននេះ មិនហ៊ាននិយាយពីសេចក្តីអាម៉ាស់ និងការបារម្ភពីការបាត់បង់ការងារ។
បើពិនិត្យលើអ្នកធ្វើអត្តឃាតតាមវ័យវិញ ការធ្វើអត្តឃាតជាកត្តាចម្បងក្នុងការស្លាប់របស់មនុស្សអាយុពី១៥ ទៅ៣៩ឆ្នាំ ខណៈអត្រាមរណភាព របស់យុវជនអាយុក្រោម២០ឆ្នាំមានការកើនឡើង តាំងពីមុនមានជំងឺកូវីដ-១៩មកម្ល៉េះ។ ជាមួយគ្នានេះ កុមារជប៉ុន៧៥ភាគរយ ក្នុងចំណោមកុមារ៨,៧០០នាក់ ក៏រងផលប៉ះពាល់ផ្លូវចិត្តអំឡុងពេលមានជំងឺកូវីដ-១៩ ដែរដោយសារការបិទសាលា មិនបានជួបមិត្តភ័ក្តិ ក៏ដូចជាកិច្ចការសាលាច្រើន។ នេះយោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលជាតិសម្រាប់សុខភាពកុមារ និងការអភិវឌ្ឍ៕
© រក្សាសិទ្ធិដោយ thmeythmey.com