អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ ជូនពរលោកបៃឌិនឆាប់ជា ក្រោយបាក់ឆ្អឹងប្រអប់ជើងស្ដាំពេលលេងជាមួយឆ្កែ ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ប្រធានធិបតីជាប់ឆ្នោត។ រូបភាព៖ AFP
× ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន បានជួបគ្រោះថ្នាក់ត្រង់ប្រអប់ជើងស្ដាំ នៅពេលលេងជាមួយឆ្កែលោកមួយក្បាល។ សម្រាប់របួសបាក់ឆ្អឹងប្រអប់ជើង ដែលគ្រូពេទ្យលោកបញ្ជាក់ថា ប៉ុនសរសៃសក់នេះ លោក បៃឌិន ទំនងជានឹងតម្រូវឲ្យពាក់ស្បែកជើងជំនួយពីរ ឬច្រើនសប្ដាហ៍ខាងមុខ។ បន្ទាប់ទទួលដំណឹងនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិ បានផ្ញើសារជូនពរលោកបៃឌិន ឆាប់ជាសះស្បើយ។
លោក ចូ បៃឌិន បានរងរបួសកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុង Newark រដ្ឋ Delaware នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងសេចក្តីថ្លែងការណ៍មួយ គ្រូពេទ្យរបស់លោក បៃឌិន វេជ្ជបណ្ឌិត Kevel O’Connor បានបញ្ជាក់ថា ការស្កេន X-rays បឋម មិនបានបង្ហាញការបាក់ឆ្អឹងត្រង់ណាមួយឡើយ តែការស្កែនលើក២ បានរកឃើញចំណុចប្រេះប៉ុនសរសៃសក់នៃឆ្អឹងតូចៗចំនួន២ ត្រង់កណ្ដាលប្រអប់ជើងស្ដាំរបស់លោក។
លោកវេជ្ជបណ្ឌិត O’Conner និយាយទៀតថា សម្រាប់របួសនេះ លោក បៃឌិន ទំនងជានឹងតម្រូវឲ្យពាក់ស្បែកជើងជំនួយដើរសម្រាប់ពេល ២ ឬច្រើនសប្ដាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។
ក្រោយទទួលដំណឹងពីរបួសនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរលើបណ្ដាញសង្គម Twitter ជូនពរលោក បៃឌិន ឲ្យឆាប់ជាសះស្បើយ។ នេះជាសារ Twitter តែមួយគត់ចាប់ពីចាញ់ឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ដែលលោក ត្រាំ មិនវាយប្រហារលើលោក បៃឌិន តាមរយៈការចោទប្រកាន់គ្មានភស្តុតាងថាការបោះឆ្នោតមានការលួចបន្លំ។
ជាទូទៅ ការបាក់ឆ្អឹង ជាក្តីកង្វល់មួយខណៈមនុស្សកាន់តែមានអាយុច្រើនទៅ តែលោកបៃឌិន ត្រូវមើលឃើញថារបួសស្រាល ដោយផ្អែកលើលទ្ធផលដែលបញ្ជាក់ពីសំណាក់គ្រូពេទ្យលោក។ នៅវ័យ ៧៨ឆ្នាំ លោក បៃឌិន នឹងក្លាយជាមនុស្សមានវ័យចំណាស់ជាងគេបង្អស់ ដែលឡើងគ្រងតំណែងជាប្រធានាធិបតីអាមេរិក នៅពេលលោកស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ។
សូមបញ្ជាក់ថា លោក បៃឌិន រងរបួសនេះពេលលេងជាមួយឆ្កែលោកមួយក្បាលឈ្មោះថា «Major» ដែលលោកយកមកចិញ្ចឹមក្នុងឆ្នាំ២០១៨។ នេះជាឆ្កែទី២របស់លោក បៃឌិន ហើយទី១មួយ ឈ្មោះថា «Champ» ដែលលោកទទួលបានជាអំណោយពីសំណាក់លោក បារ៉ាក់ អូបាម៉ា ក្រោយការបោះឆ្នោតឆ្នាំ២០០៨។ លោក បៃឌិន និងភរិយា ធ្លាប់បាននិយាយថា ពួកគេនឹងយកឆ្កែទាំងពីរនេះទៅចិញ្ចឹមនៅសេតវិមានអាមេរិក ហើយក៏មានគម្រោងយកឆ្មាមួយក្បាលទៀតមកចិញ្ចឹមផងដែរ។
កាលពីខែធ្នូ ឆ្នាំ២០១៩ លោក បៃឌិន បានបញ្ចេញរបាយការណ៍របស់គ្រូពេទ្យម្នាក់ ដែលបង្ហាញជាសាធារណៈថា លោកប្រើប្រាស់ថ្នាំម្យ៉ាងហៅថា «Statin» ដើម្បីរក្សាកូលេស្តេរ៉ូល (cholesterol» ។ ទោះជាបែបនេះ គ្រូពេទ្យលោក បានពិពណ៌នាលោក បៃឌិន ថា មានសុខភាពល្អប្រសើរ និងកម្លាំងមាំមួន ហើយសង្កត់ធ្ងន់ថា សុខភាពលោកបៃឌិន គឺល្អពេញលក្ខណៈក្នុងការអនុវត្តកាតព្វកិច្ចប្រធានាធិបតីដោយជោគជ័យ៕
Tag:
ដូណាល់ ត្រាំ
ចូ បៃឌិន
បោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com