ជាតិ
សង្គមជាតិ
សា​កល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ នឹង​អនុវត្ត​គោលការណ៍​កាត់បន្ថយ​បា្ល​ស្ទិ​ក​ដើម្បី​ការពារ​បរិស្ថាន​
01, Dec 2020 , 7:59 am        
រូបភាព
រូបភាពពីUNDP Cambodia
រូបភាពពីUNDP Cambodia
ដោយ:
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​(NUM) នឹង​អនុវត្ត​គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក​នៅក្នុង​សាលា ចាប់ពី​ខែមករា ឆ្នាំ​២០២១​។ គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក​នេះ គឺ​អនុវត្ត​ឡើង​ដើម្បី​ឲ្យ​និស្សិត និង​សាស្ត្រាចារ្យ ចូលរួម​ការពារ និង​ស្រឡាញ់​បរិស្ថាន​។

 
​លោក ហោ ប៉េង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា គម្រោង​«​បរិស្ថាន​ដែល​គ្មាន​ប្លា​ស្ទិ​ក​» នៅក្នុង​សាលា​នេះ មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​(UNDP Cambodia)​។ 
 
​បើតាម​លោក ហោ ប៉េង គម្រោង​កាត់បន្ថយ​ប្លា​ស្ទិ​ក​នៅក្នុង​សាលា​នេះ នឹង​បណ្តុះ​ស្មារតី​របស់​និស្សិត សាស្ត្រាចារ្យ និង​បុគ្គលិក​សាលា​ឲ្យ​ស្រឡាញ់ និង​គិតគូរ​ការពារ​បរិស្ថាន​។ «​ពិតណាស់  យើង​មាន​គោលដៅ​អប់រំ​យុវជន​យើង​ឲ្យ​មានការ​ចូលរួម​និង​ទទួលខុសត្រូវ​ចំពោះ​បរិ​ដ្ឋា​ន​ស្អាត​ជានិច្ច  ស្រឡាញ់​រុក្ខជាតិ ។ ប្រសិនជា​សាកលវិទ្យាល័យ​របស់គាត់​ស្អាត  ពួកគាត់​មាន​មោទនភាព  គាត់​ស្រឡាញ់​សាលា  និង​មាន​ប្រ​លឹ​ង​ជាមួយ​សាលា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហោ ប៉េង​។​
 
​ដើម្បី​អាច​ឲ្យ​និស្សិត​ទាំងអស់  អនុវត្តតាម​គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក នៅក្នុង​សាលា​មាន​ប្រសិទ្ធភាព លោក ហោ ប៉េង បាន​បញ្ជាក់ថា សាលា​នឹង​ចាត់ចែង​ឲ្យ​មាន​ក្រុមនិស្សិត​ស្ម័គ្រចិត្ត ដើម្បី​ចុះ​ណែនាំ​ដល់​និស្សិត ឲ្យ​យល់ដឹង​ពី​បញ្ហា​សំរាម​ប្លា​ស្ទិ​ក និង​ការកាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​។  លើសពីនេះ សាកលវិទ្យាល័យ​នឹង​បំពាក់​ម៉ាស៊ីនទឹក​ក្តៅ និង​ត្រ ជាក់ សម្រាប់​ដាក់​នៅ​ទីតាំង​ក្នុង​សាលា​ដើម្បី​ឲ្យ​និស្សិត គ្រូ និង​បុគ្គលិក​សាលា​ពិសារ​ដោយ​ឥតគិតថ្លៃ និង​ចែកជូន​ដប​ទឹក​សម្រាប់​ឲ្យ​និស្សិត និង​សាស្ត្រាចារ្យ​ដែល​នៅ​ជាន់​ទី​១ នៃ​អគារសិក្សា F ។   
 
​សកលវិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​និយាយថា និស្សិត និង​សាស្ត្រាចារ្យ​ណា​ដែល​មិនបាន​អនុវត្តតាម​គោលការណ៍​នោះ​ត្រឹមត្រូវ​ទេ សាលា​ក៏​មិន​ផាក​វិន័យ​អ្វី​នោះដែរ​។ លោក​បញ្ជាក់ថា​សាលា​គឺ​គ្រាន់តែ​ណែនាំ​ពួកគេ​ប៉ុណ្ណោះ​។ «​យើង​មិនមាន​វិធានការ​ដាក់ពិន័យ​អី​ទេ​។ យើង​គ្រាន់តែ​សូម​ឲ្យ​សាស្ត្រា​រ្យ​ជួយ​បន្ត​នែ​នាំ​ក្នង​ថ្នាក់រៀន​ឲ្យ​បានជា​ប់លាប់​និង​គ្រូ​ត្រូវជា​គម្រូ​មុនគេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហោ ប៉េង​។ 
 
​បើតាម​លោក ហោ ប៉េង ប្រសិន​និស្សិត​គ្រប់រូប គោរព​ទៅតាម​គោលការណ៍​កាត់បន្ថយ​បា្ល​ស្ទិ​ក​នេះ​បានល្អ​ប្រសើរ លោក ហោ ប៉េង ក៏​ចង់​ជំរុញ​ឲ្យ​សកល​វិទ្យាល័យ​ដទៃទៀត​អនុវត្តតាម​ផងដែរ​។ 
 
​គោលការណ៍​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក៏​កំពុង​អនុវត្ត​ឡើង​នៅតាម​សាលារៀន​មួយចំនួន​ផងដែរ​។ សាលារៀន​ទាំងនោះ​មានដូចជា វិទ្យាល័យ​កំពង់ក្តី ក្នុង​ខេត្តសៀមរាប វិទ្យាល័យ​ក្បាលទឹក ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​វិទ្យាល័យ​ឫស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​ក្នុង​មួយឆ្នាំ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ​ជិត​៤​លាន​តោន ដោយ​សំណល់​សរីរាង្គ​មាន​៦៥​ភាគរយ សំណល់​ថង់​ប្លា​ស្ទិ​ក មាន​២០​ភាគរយ និង​នៅ​សេសសល់​ជា​សំណល់​រឹង រួមទាំង​សំណល់​ផ្សេងៗ​។ ក្នុងចំណោម​សំណល់​ទាំងនោះ មាន​សំរាម​ត្រឹម​៥១​ភាគរយ​ប៉ុណ្ណោះ ដែល​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ហើយ​ចំណែកឯ សំរាម​៤៩​ភាគរយ​ទៀត ត្រូវបាន​បោះបង់ចោល​នៅតាម​ទីសាធារណៈ​នានា និង​តាម​ប្រភពទឹក​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​៕

Tag:
 បា្ល​ស្ទិ​ក​
 ​អប់រំ​
 ​សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com