ម្ចាស់រថយន្តដែលឈប់លើគំនូសផ្លូវថ្មើជើងនៃភ្លើងសញ្ញាចរាចរណ៍ រងពិន័យពី១៥ទៅ៣០ម៉ឺនរៀល
ជាតិ
រថយន្ត
សង្គមជាតិ
ម្ចាស់រថយន្តដែលឈប់លើគំនូសផ្លូវថ្មើជើងនៃភ្លើងសញ្ញាចរាចរណ៍ រងពិន័យពី១៥ទៅ៣០ម៉ឺនរៀល
30, Nov 2020 , 8:39 pm        
រូបភាព
ភ្នំពេញ៖ ម្ចាស់រថយន្តទាំងអស់ដែលធ្វើដំណើរលើផ្លូវហើយឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬក៏បើកបរហួសភ្លើងស្តុបចរាចរណ៍ នឹងរងការផាកពិន័យពី១៥ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល។ នេះជាការរលើកឡើងរបស់លោក គី ផល្លី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។



លោក គី ផល្លី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី៣០វិចិ្ឆកានេះ ថា ការពិន័យជាសាច់ប្រាក់លើម្ចាស់រថយន្តណាដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬក៏បើកបរហួសភ្លើងស្តុបចរាចរណ៍ គឺ ត្រូវបានបែងចែកជាពីរ ដោយរថយន្តធុនតូច ទទួលពិន័យចំនួន១៥ម៉ឺនរៀល និងរងយន្តធុនធ្ងន់ទទួលពិន័យ៣០ម៉ឺនរៀល។ 

បើតាមនាយរងការិយាល័យចរាចរណ៍ផ្លូវគោកដែលចំណុះឱ្យនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈរូបនេះការផាកពិន័យលើម្ចាស់រថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬក៏បើកបរហួសភ្លើងស្តុបចរាចរណ៍ បានដាក់ចេញជាច្បាប់ និងអនុវត្តទូទៅប្រទេស តាំងពីខែមីនា ឆ្នាំ២០២០ រហូតដល់។ លោក គី ផល្លា បានអះអាងថា ក្នុងរយៈពេលជិតមួយឆ្នាំមកនេះនៃការអនុវត្តច្បាប់លើការផាកពិន័យចំពោះម្ចាស់រថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬអ្នកបើកបរហួសភ្លើងស្តុបចរាចរណ៍នៅទូទាំងប្រទេស គឺមានរាជធានីភ្នំពេញ និងខេត្តសៀមរាប  ដែលករណីល្មើសច្បាប់ចរាចរណ៍ច្រើនជាងគេ។ 

ការអនុវត្តនៃការផាកពិន័យលើម្ចាស់រថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬអ្នកបើកបរហួសភ្លើងស្តុបចរាចរណ៍កន្លងមកនេះ គឺត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត បានធ្វើលិខិតអញ្ជើញទៅដល់ផ្ទះម្ចាស់រថយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នោះ មកផាកពិន័យនៅទីស្នាក់ការនគរបាលចរាចរណ៍ នានា។ នេះបើតាមលើកឡើងរបស់លោក គី ផល្លី ដោយបញ្ជាក់ដូច្នេះ៖«យើងមានទិន្នន័យសម្រាប់ពិនិត្យឬឆែក[ចំពោះរថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬអ្នកបើកបរហួសភ្លើងស្តុបចរាចរណ៍]តាមរយៈកាមេរ៉ាបាញ់ល្បឿន។ ហើយនៅពេលដែលគេឆែកឃើញរថយន្តល្មើសនៃច្បាប់ចរាចរណ៍ យើងនឹងធ្វើលិខិតអញ្ជើញគេដល់ផ្ទះ ដើម្បីឱ្យមកបង់ប្រាក់ពិន័យនៅតាមទីស្នាក់ការនគរបាលចរាចរណ៍]» ៕



 

Tag:
 ចរាចរណ៍
  គំនូសថ្មើជើង
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com