COVID-19
ជាតិ
​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ជា​ដំណាក់កាល​សាកល្បង​ដ៏​ធំ​បំផុត​របស់​កម្ពុជា​
30, Nov 2020 , 10:39 pm        
រូបភាព
ទិដ្ឋភាពបិទផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយមានព្រឹត្តិការណ៍២៨វិច្ឆិកា។ រូបរង្វង់មូល គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុង​ពិធីបើកការដ្ឋាន​សាងសង់និង​កែលម្អ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០។
ទិដ្ឋភាពបិទផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយមានព្រឹត្តិការណ៍២៨វិច្ឆិកា។ រូបរង្វង់មូល គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុង​ពិធីបើកការដ្ឋាន​សាងសង់និង​កែលម្អ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០។
​រយៈពេល​១៥​ថ្ងៃ ដោយ​គិតពី​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ទៅ គឺជា​ដំណាក់កាល ដែល​កម្ពុជា ត្រូវ​ឆ្លងកាត់​ការ​ទប់​ទល់នឹង​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​ចូល​សហគមន៍​។ ប្រមុខ​រដ្ឋាភិបាល លើកឡើងថា កម្ពុជា អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ដែល​ឆ្លង​ចូល​សហគមន៍​នេះ បាន​ឬ​មិនបាន គឺ​អាស្រ័យ​លើ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​និង​ការចូលរួម​របស់​ប្រជាជន​គ្រប់រូប​។



ថ្លែង​ចេញពី​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលម្អ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដូច្នេះ​ថា​៖ «​ពីថ្ងៃ​នេះ​ទៅ រយៈពេល​១៥​ថ្ងៃ​យ៉ាងតិច ជា​ដំណាក់កាល​សាកល្បង​ដ៏​ធំ​បំផុត​របស់​កម្ពុជា ឆ្លង​រួច មិន​រួច គឺ​នៅពេល​ហ្នឹងឯង​»​។​
 
​ប្រមុខ​រដ្ឋាភិបាល សង្ឃឹមថា ប្រជាពលរដ្ឋ នឹងចូលរួម​ជាមួយរ​ដ្ឋា​ភិ​បាល ដើម្បី​យកឈ្នះ​និង​បញ្ចប់ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»​។ ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺ​សំដៅលើ​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ម្នាក់​ជា​ភរិយា​របស់​មន្ត្រី​ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ជា​ស្វាមី និង​សមាជិក​មួយចំនួន​ក្នុង​គ្រួសារ​ពួកគាត់ រួមទាំង​អ្នក​ផ្សេងទៀត ត្រូវបាន​រកឃើញថា ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដែរ​។ ប្រមុខរដ្ឋ​ភិ​បាល ចាត់ទុក​ព្រឹត្តិការណ៍​នេះ ថា​ជាការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ជា​លើកដំបូង​នៅ​កម្ពុជា​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្កត់ធ្ងន់ថា បើ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​ឆ្លង​ចូល​សហគមន៍​នេះ មិនបាន​ទាន់ពេលវេលា​ទេ វា​ នឹង​បង្ក​គ្រោះមហន្តរាយ​ដល់​ប្រទេសជាតិ​។ សម្ត​ច ហៅ​ការប្រយុទ្ធ​ប្រឆាំងនឹង​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូល​សហគមន៍ ក្នុងដំណាក់កាល​នេះ ថា​ធំធេង​ជាង​ការធ្វើ​សង្គ្រាម​នៅតាម​ទល់ដែន​ទៅទៀត​។  
 
​សម្តេច​ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ជាមួយគ្នានេះ សម្តេច អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ បន្ត​ប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់ ចំពោះ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព និង ឧស្សាហ៍​លាងដៃ ជាដើម​។ 
 
​ទន្ទឹមនេះ សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ទៅ​អភិបាល​រាជធានី​-​ខេត្ត ឬ​មន្ត្រី​ថ្នាក់មូលដ្ឋាន ឲ្យ​ចុះទៅ​ផ្តល់​ថវិកា​យ៉ាងតិច​២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ និង​ស្បៀងអាហារ​ផ្សេងៗ​ទៀត ដល់​គ្រួសារ​ក្រីក្រ ដែលមាន​សមាជិក​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៥​ថ្ងៃ​។ សម្តេច ប្រាប់​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធប្រឆាំង ឲ្យ​យក​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន ទម្លាក់​ទៅ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត សម្រាប់​ចំណាយ​កា​រលើ​ការផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៥​ថ្ងៃ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មនុស្ស​ជាង​២,២​ពាន់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ដោយ​រកឃើញ​មនុស្ស​១៤​នាក់​ហើយ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្រសួង នៅតែ​បន្តធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​លើ​មនុស្ស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​។ បច្ចុប្បន្ន កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​៣២៣​នាក់ ដោយ​ក្នុងនោះ បានជា​សះ​ស្បើ​វិញ​៣០១​នាក់​។  
 
​មុន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ ស្ត្រី​ជា​ភរិយា​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​រូបនោះ បាន​ទៅ​ផ្សារ​អ៊ី​អន​១ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្ល៉ោះហើយ​ក្រសួងសុខាភិបាល ក៏​សម្រេច​បិទ​ផ្សារ​នេះ​មួយរយៈ​ខ្លី​សិន​។ ក្រសួងសុខាភិបាល ទទួលបាន​ព័ត៌មាន​ទៀតថា ស្ត្រី​រូបនេះ ក៏បាន​ទៅ​សណ្ឋាគារ​ភ្នំពេញ​ដែរ ដូច្នេះ សណ្ឋាគារ​នេះ ត្រូវ​បិទ​រយៈពេល​ខ្លី​ដូចគ្នា​។ 
 
​បន្ថែម​ពីនេះ ក្រសួងសុខាភិបាល នៅ​ទទួលបាន​ព័ត៌មាន​ទៀតថា កូនប្រុស​របស់​ស្ត្រី​រូបនោះ រៀន​នៅ​សាលា​ឯកជន​ឈ្មោះ​សាលារៀន​អន្តរទ្វីប​អ​មេ​រិ​កាំ​ង សាខា​ចាក់អង្រែ ដែលជា​ហេតុ​តម្រូវ​ឲ្យ​ក្រសួង​អប់រំ ត្រូវ​បិទ​សាលារៀន​អន្តរទ្វីប​អ​មេ​រិ​កាំ​ង​សាខា​ចាក់អង្រែ​រយៈពេល​២​សប្តាហ៍​។ ប៉​ន្តែ បន្ទាប់មក ក្រសួង​អប់រំ សម្រេច​បិទ​សាលា​ឯកជន​រយៈពេល​២​សប្តាហ៍ នៅ​ទូទាំងប្រទេស​តែម្តង​។ 
 
​ចំណែក សាលា​រដ្ឋ​វិញ ត្រូវ​ក្រសួង សម្រេច​បញ្ចប់​ឆ្នាំ​សិក្សា​ចាស់​ហើយ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ទៅ ហើយនឹង​ត្រូវ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។ លើកលែងតែ​សិស្ស​ថ្នាក់​ទី​១២​ប៉ុណ្ណោះ ដែល​ត្រូវ​បន្ត​ការសិក្សា​ជាធម្មតា ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០​។ រីឯ ការប្រឡង​ឌី​ប្លូ​ម នៅតែ​ប្រព្រឹត្ត​ទៅតាម​ការរៀបចំ​ទុក នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។  
 
​ថ្មីៗ​នេះ កម្ពុជា បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ដ៏​លំបាក​មួយ​រួចមកហើយ គឺ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​សំដៅ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​គណៈប្រតិភូ​របស់​លោក នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បន្ទាប់មក លោក ក៏​ត្រូវបាន​រកឃើញថា មាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ពេលទៅដល់​ប្រទេស​ថៃ​។  
 
​មាន​មនុស្ស​៣-៤​ពាន់​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ដោយ​រកឃើញ​មនុស្ស​៤​នាក់​។ អ្នក​ទាំង​៤​នោះ មាន​ជនជាតិខ្មែរ​៣​នាក់ គឺ តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម និង អង្គរក្ស ហើយ​ម្នាក់ទៀត គឺ​លោក​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​។ ក្នុងចំណោម​អ្នក​ទាំង​៤​នាក់ មាន​ម្នាក់ គឺ​តំណាងរាស្ត្រ បានជា​សះស្បើយ​វិញ​ហើយ​៕     
 

Tag:
 COVID-19
  ហ៊ុន សែន​
  ព្រឹត្តិការណ៍​២៨​វិច្ឆិកា
© រក្សាសិទ្ធិដោយ thmeythmey.com