COVID-19
អន្តរជាតិ
WHO ព្រមានថា គ្រុនចាញ់នឹងសម្លាប់មនុស្សច្រើនជាងកូវីដ-១៩ នៅតំបន់អនុសាហារ៉ា ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់នៅប្រទេសហ្កាណា។ រូបភាព៖AFP
× អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី៣០ វិច្ឆិកា បានព្រមានថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នៅតំបន់អនុសាហារាអាហ្វ្រិក (Sub-Saharan Africa) នឹងច្រើនជាងចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ទៅទៀត ដោយសារតែសេវាបង្ការជំងឺនេះត្រូវបានរំខាន អំឡុងពេលមានជំងឺឆ្លងកូវីដ-១៩។
របាយការណ៍ WHO ក្នុងឆ្នាំ២០១៩ បានបង្ហាញថា មនុស្សប្រមាណ៤សែន៩ពាន់នាក់ស្លាប់ ដោយសារជំងឺគ្រុនចាញ់ ដោយភាគច្រើនជាទារកដែលរស់នៅតំបន់ក្រីក្របំផុតក្នុងទ្វីបអាហ្វ្រិក។ ដោយសម្អាងលើរបាយការណ៍ចុងក្រោយបង្អស់ WHO ប៉ាន់ស្មានថា ចំនួនអ្នកស្លាប់ដោយសារគ្រុនឈាមនៅតំបន់អនុសាហារ៉ាអាហ្វ្រិក នឹងមានចំនួនច្រើនជាងអ្នកស្លាប់ដោយសារកូវីដ-១៩។
«ការប៉ាន់ស្មានរបស់យើង ស្ថិតលើកម្រិតនៃការរំខានលើការបង្ការដោយសារកូវីដ-១៩ និងដែលអាចបណ្តាលឲ្យចំនួនស្លាប់កើនឡើងពី២ម៉ឺន ទៅ១សែនករណីបន្ថែមនៅតំបន់អនុសាហារាអាហ្វ្រិក ដែលភាគច្រើនជាកុមារ»។ លោក Pedro Alsonso នាយកកម្មវិធីគ្រុនចាញ់របស់ WHO ប្រាប់អ្នកសារព័ត៌មានបែបនេះថ្ងៃទី៣០ ខែវិច្ឆិកា។
ក្នុងឆ្នាំ២០១៩ WHO អះអាងថា ជំងឺគ្រុនចាញ់មានចំនួន២២៩លាមករណីនៅទូទាំងពិភពលោក។WHO អះអាងថា ប្រទេសមួយចំនួន បានបង្ការការឆ្លងដោយជំងឺគ្រុនចាញ់បានយ៉ាងប្រសើរ បើទោះបីជាត្រូវប្រឈមជាមួយនឹងជំងឺកូវីដ-១៩ ក្តី។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ប្រទេសអាហ្វ្រិកមួយចំនួនដែលរងគ្រោះខ្លាំងនឹងជំងឺគ្រុនចាញ់ ពុំសូវជាមានការរីកចម្រើនប្រសើរប៉ុន្មានឡើយតាំងតែពីឆ្នាំ២០១៦ ក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់។
ដោយសារតែជំងឺនេះឆ្លងតាមមូសខាំ ប្រជាជនពាក់កណ្តាលពិភពលោកប្រឈមនឹងឆ្លងជំងឺនេះ។ ជំងឺគ្រុនចាញ់ សម្លាប់កុមារជាមធ្យមម្នាក់រៀងរាល់ពេល២នាទី។ ទោះជាយ៉ាងណាក្តី ការយកចិត្តទុកដាក់លើជំងឺនេះ ត្រូវបានបង្វែរដើម្បីបង្ការជំងឺឯទៀតដូចជាជំងឺកូវីដ-១៩ ជាដើម ដែលធ្វើឲ្យករណីឆ្លង និងស្លាប់មានការកើនឡើង។ លោក Pedro អះអាងថា ពិភពលោកដែលគ្មានជំងឺគ្រុនចាញ់ពិបាកនឹងសម្រេចបានណាស់សម្រាប់ជំនាន់នេះ។
លោក Peters Sand នាយកគ្រប់គ្រងការប្រយុទ្ធនឹងជំងឺអេដស៏ របេង និងគ្រុនចាញ់របស់អង្គការមូលនិធិពិភពលោក និយាយថា របាយការណ៍ខាងលើបានផ្សព្វផ្សាយទាន់ពេលវេលា។ នេះបើយោងតាមសារព័ត៌មាន Reuters។ លោកអះអាងថា ស្ថានប័នសុខភាពពិភពលោក សារព័ត៌មាន និងអ្នកនយោបាយ ផ្តោតការយកចិត្តទុកដាក់សឹងតែទាំងស្រុងទៅលើជំងឺកូវីត-១៩ ដែលមានន័យថា ជំងឺគ្រុនចាញ់ដែលសម្លាប់មនុស្ស៤សែននាក់រៀងរាល់ឆ្នាំ ទទួលបានការយកចិត្តទុកដាក់តិចតួច៕
© រក្សាសិទ្ធិដោយ thmeythmey.com