COVID-19
ជាតិ
តំណាងរាស្ត្រ​ខ្មែរ​ម្នាក់ ដែលជា​ពី​ជំងឺ​កូ​វីដ​-១៩ បាន​លាប់​ឡើងវិញ​
30, Nov 2020 , 5:59 pm        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា តំណាងរាស្ត្រ​ខ្មែរ​ម្នាក់ បាន​រើ​ជំងឺ​កូ​វីដ​-១៩​ឡើងវិញ ក្រោយ​បានជា​សះស្បើយ​រយៈពេល​ខ្លី​កន្លងមក​។ ការអះអាង​របស់​សម្តេច ធ្វើឡើង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​និង​កែលម្អ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​


​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា​៖«​សូម្បីតែ​តំណាងរាស្ត្រ​របស់​យើង​ម្នាក់ ជាប់ [​ពាក់ព័ន្ធ​] នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​ព្យាបាល​ជា​នៅ​មន្ទីរពេទ្យ ឥឡូវ​ហ្នឹង បានចាប់ផ្តើម​រើ​ឡើងវិញ ត្រូវយក​គាត់ ទៅ​មន្ទីរពេទ្យ​ឡើងវិញ​»​។ 
 
​ព្រឹត្តិការណ៍​៣​វិច្ឆិកា សំដៅ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​គណៈប្រតិភូ​របស់​លោក នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បន្ទាប់មក លោក ក៏​ត្រូវបាន​រកឃើញថា មាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ពេលទៅដល់​ប្រទេស​ថៃ​។ 
 
​តំណាងរាស្ត្រ​ខ្មែរ​រូបនេះ ជា​បុគ្គល​ម្នាក់ ក្នុងចំណោម​មន្ត្រី​និង​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេងទៀត ដែល​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ 
 
​មនុស្ស​៣​ទៅ​៤​ពាន់​នាក់ ដែល​សង្ស័យថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​។ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាស​លទ្ធផល​ថា រកឃើញ​ជនជាតិខ្មែរ​៣​នាក់ និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ​។ ជនជាតិខ្មែរ​ទាំង​៣​នោះ គឺ តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម និង អង្គរក្ស​។ ក្រោយ​ឆ្លងកាត់​ការព្យាបាល​មួយ​សប្តាហ៍ គឺ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា តំណាងរាស្ត្រ​រូបនោះ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំបាន​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​ឡើយ​ថា តំណាងរាស្ត្រ​រូបនោះ លាប់​ជំងឺ​កូ​វីដ​-១៩​ឡើងវិញ តាំងពី​ពេលណា​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការឆ្លើយតប​ពី​តំណាងរាស្ត្រ​រូបនោះ​ដោយផ្ទាល់​ទេ ដោយសារតែ​ទូរស័ព្ទ​ហៅ​មិន​ចូល ហើយ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក៏​មិនអាច​ទាក់ទង​បាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​។  
 
២​សប្តាហ៍​ក្រោយ គឺ​រហូតដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ប្រមុខ​រដ្ឋាភិបាល បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​មានន័យថា រដ្ឋាភិបាល អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​នេះ​បាន និង​មានន័យថា ព្រឹត្តិការណ៍​នេះ មិនបាន​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នកផ្សេង ក្រៅតែពី​មនុស្ស​ទាំង​៤​នាក់​នោះទេ​។ ក្រោយ​ឆ្លង​ផុត​ព្រឹត្តិការណ៍​៣​វិច្ឆិកា កម្ពុជា ក៏​បន្ត​ជួប​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ 
 
​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សំដៅលើ​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ម្នាក់​ជា​ភរិយា​របស់​មន្ត្រី​ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ជា​ស្វាមី និង​សមាជិក​មួយចំនួន​ក្នុង​គ្រួសារ​ពួកគេ រួមទាំង​អ្នក​ផ្សេងទៀត ត្រូវបាន​រកឃើញថា ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដែរ​។ ប្រមុខរដ្ឋ​ភិ​បាល ចាត់ទុក​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នេះ ថា​ជាការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ជា​លើកដំបូង​នៅ​កម្ពុជា​។​
 
​ក្រសួងសុខាភិបាល កំពុង​ធ្វើតេស្ត​លើ​មនុស្ស​ជា​បន្តបន្ទាប់ ដែល​សង្ស័យថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​៨​វិច្ឆិកា​។ ក្រសួងសុខាភិបាល រកឃើញ​មនុស្ស​ជាង​១០​នាក់​ហើយ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​នេះ​៕  
     
 

Tag:
 COVID-19
  រើ​ឡើងវិញ​
© រក្សាសិទ្ធិដោយ thmeythmey.com