ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការផ្អាកការហាត់ប្រាណ និងលេងកីឡាដែលមានលក្ខណប្រមូលផ្តុំរយៈពេល១៥ថ្ងៃ។ កិច្ចប្រជុំ សិក្ខាសាលា និងការជួបជុំមានគ្នាលើសពី២០នាក់ ក៏ត្រូវបានក្រសួងហាមផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ការផ្អាកនេះ គឺដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ការផ្អាកនេះ ត្រូវបានអនុវត្តតែក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបតែប៉ុណ្ណោះ។
បន្ថែមលើនេះ ក្រសួងអប់រំ បញ្ជាឲ្យផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងផ្អាកការសិក្សារបស់សិស្សថ្នាក់ទី១២ និងការរៀនបំប៉នត្រៀមប្រឡងនៅតាមគ្រឹះស្ថានសិក្សា ឬមានលក្ខណប្រមូលផ្តុំ។ ការរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងការជួបជុំមានគ្នាលើសពី២០នាក់ ក៏ត្រូវបានហាមផងដែរ។
ថ្វីដ្បិតក្រសួងអប់រំទើបតែប្រកាសឲ្យផ្អាកសាលាគ្រប់កម្រិតទាំងអស់ ប៉ុន្តែការប្រឡងឌីប្លូមដែលកំពុងតែប្រព្រឹត្តិទៅក៏នៅតែបន្តការប្រឡងដដែល។ ចំណែកការប្រឡងបាក់ឌុបនៅខែធ្នូខាងមុខ ក៏ក្រសួងនៅតែបន្តរៀបចំប្រឡងបានធម្មតាផងដែរ។
នៅថ្ងៃនេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការ ស្តីពីការផ្អាកការរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ចំនួន៥របស់ខ្លួនផងដែរ។ ពានរង្វាន់ទាំងនោះរួមមានការប្រកួតក្របខណ្ឌលីគពីរ, ជម្រើសជើងឯកហ្វ៊ូតសាល, លីគនារី, ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ និងក្រោម១៥ឆ្នាំ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទនៅទូទាំងប្រទេសរយៈពេល២សប្ដាហ៍ជាបណ្ដោះអាសន្ន។ ការអនុវត្តនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ការឹងបណ្តឹងឡើងវិញនេះ ធ្វើឡើងក្រោយកម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន១៤នាក់ ដោយពុំដឹងប្រភពច្បាស់លាស់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឈ្មោះឲ្យការឆ្លងកូវីដ-១៩មិនដឹងប្រភពនេះថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលសំដៅលើស្ត្រីជាភរិយារបស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងសមាជិកគ្រួសារ និងអ្នកផ្សេងទៀត ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មនុស្សជាង២,២ពាន់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយរកឃើញមនុស្ស១៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ។ ក្រសួង នៅតែបន្តធ្វើតេស្តរកមេរោគកូវីដ-១៩លើមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣២៣នាក់ ដោយក្នុងនោះ បានជាសះស្បើយវិញ៣០១នាក់៕