Lewis Hamilton ឈ្នះការប្រណាំង Formula One លើកទី១១រដូវកាលនេះ ក្នុងកម្មវិធី Bahrain Grand Prix ក្នុងប្រទេសបារ៉ែន ស្របពេលកីឡាករ Romas Grosjean ដែលបើកឲ្យក្រុម Haas-Ferrari ជួបគ្រោះថ្នាក់ដ៏រន្ធត់មិនធ្លាប់មានតាំងពីឆ្នាំ១៩៩១មក។
Grosjean ដែលបើកបរឲ្យក្រុម Haas-Ferrari ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារត្រូវភ្លើងឆេះខ្លួន បន្ទាប់ពីបើករថយន្តបុកនឹងរបាំងហើយផ្ទុះឆេះនាការប្រណាំង F1 នៅថ្ងៃទី២៩ ខែវិច្ឆិកា។ គ្រោះថ្នាក់ដែលបណ្តាលឲ្យរថយន្តឆេះដាច់ជាពីរនេះ កើតឡើងត្រឹម២៦នាទីក្រោយចាប់ផ្តើមប្រណាំងប៉ុណ្ណោះ។
អ្នកប្រណាំង F1 សញ្ជាតិបារាំងរូបនេះ ត្រូវភ្លើងឆេះ ហើយជាប់នៅក្នុងរថយន្តជិត៣០វិនាទីមុនពេលអាចចេញផុតពីអណ្ដាតភ្លើង ខណៈក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យបានយករូបគេទៅកាន់មន្ទីរពេទ្យ។
នៅក្នុងការប្រណាំងនៅប្រទេសបារ៉ែនសម្រាប់ឆ្នាំ២០២០ Hamilton នៅតែអាចទទួលបានជ័យជម្នះ បើទោះរូបគេបានក្លាយជាជើងឯកទៅហើយក្តី។ កំពូលអ្នកប្រណាំងសញ្ជាតិអង់គ្លេសដែលបើកបរឲ្យក្រុម Mercedes បានប្រជែងឈ្នះ Max Verstappen របស់ Red Bull ដោយប្រើថេរវេលា ២ម៉ោង ៥៩នាទី និង៤៧វិនាទី។ Alexander Albon អ្នកបើកបរសញ្ជាតិថៃ របស់ក្រុម Red Bull ទទួលបានចំណាត់ថ្នាក់ទី៣ក្នុងការប្រណាំលើកទី១៥នេះ៕