សង្គមអន្តរជាតិ​
អន្តរជាតិ
កសិករ​ឥណ្ឌា​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅពេលដែល​ពួកគេ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​
01, Dec 2020 , 7:59 pm        
រូបភាព
​ប៉ូលិស​ម្នាក់​ប្រឈមមុខ​ជាមួយនឹង​កសិក​រ​ម្នាក់ ក្នុងអំឡុងពេល​ដែលមាន​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​កសិកម្ម​ថ្មី​មួយ​នៅ​ជាយក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​ប៉ូលិស​ម្នាក់​ប្រឈមមុខ​ជាមួយនឹង​កសិក​រ​ម្នាក់ ក្នុងអំឡុងពេល​ដែលមាន​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​កសិកម្ម​ថ្មី​មួយ​នៅ​ជាយក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
ដោយ: VOA
​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាន​ប្រើ​កាណុង​បាញ់​ទឹក​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​នៅពេលដែល​កសិករ​រាប់ពាន់នាក់​ពី​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​នៅក្នុង​វិស័យ​កសិកម្ម​។ ប៉ុន្តែ​ចំណែកឯ​ក្រុម​កសិករ​វិញ​ខ្លាច​ថា វា​នឹងធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹងរង​ការកេងប្រវ័ញ្ច​ពី​សហគ្រាស​ធំៗ​។​

 
​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅ​ជាយក្រុង​ញូវដែលី ខណៈដែល​កសិករ​ដែល​ពោរពេញ​ទៅដោយ​កំហឹង​រុញច្រាន​របាំង​បេតុង​ការពារ​ដែល​ដាក់​នៅ​ព្រំដែន​ទីក្រុង​ដើម្បី​រារាំង​អ្នក​ហែ​ក្បួន​។ កសិករ​ខ្លះ​ព្យាយាម​យក​របាំង​ចេញ​នៅពេល​កំពុង​បក់​ទង់ជ័យ​និង​ស្រែក​ពាក្យស្លោក​នានា​។​
 
​កសិករ​ជាច្រើន​បានធ្វើ​ដំណើរ​លើ​ត្រាក់ទ័រ​និង​ម៉ូតូ​របស់​ពួកគេ​ពី​ភាគ​ខាងជើង​រដ្ឋ​Punjab ដែលជា​រដ្ឋ​កសិកម្ម ដោយ​សន្យាថា​នឹង​បោះជំរំ​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​រហូត​ទាល់តែ​រដ្ឋាភិបាល​កែប្រែ​ច្បាប់​ថ្មី​នេះ​។​
 
​កសិករ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅក្នុង​បាតុកម្ម​ដែល​កើតមានឡើង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ​។ នៅ​ថ្ងៃ​ទីមួយ ក្រុម​សន្តិសុខ​បាន​ប្រើ​កាណុង​បាញ់​ទឹក​ទៅកាន់​ក្រុម​កសិករ​នៅពេលដែល​ពួកគេ​បានធ្វើ​ដំណើរ​ឆ្លងកាត់រ​ដ្ឋ​ជិតខាង​គឺ​រដ្ឋ Haryana ដើម្បី​ទៅដល់​ទីក្រុង​ញូវដែលី​។​
 
​ជាច្រើន​ម៉ោង​ក្រោយពី​កសិករ​បានទាមទារ​រ​ក​ហេតុផល​ដែល​ហាម​មិន​ឲ្យ​ពួកគេ​ធ្វើបាតុកម្ម ប៉ូលិស​បានប្រកាសថា​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលទៅក្នុង​ទីក្រុង​។​
 
​លោក Amarinder Singh ប្រធាន​ក្រុមប្រឹក្សារដ្ឋ Punjab​ដែល​បាន​រិះគន់​ការប្រើប្រាស់​អ្វីដែល​លោក​ហៅថា​«​កងកម្លាំង​ដ៏​សាហាវ​» បាន​និយាយថា រដ្ឋាភិបាល​គួរតែ​ផ្តួចផ្តើម​«​កិច្ចពិភាក្សា​ភ្លាមៗ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​កសិក​រ​ទាក់ទិន​នឹង​ច្បាប់​កសិកម្ម​ថ្មី និង​ដោះស្រាយ​បញ្ហា​ដែល​កំពុង​លេចឡើង​»​។​
 
​ច្បាប់​ដែលមាន​លក្ខណៈ​ចម្រូងចម្រាស ហើយ​ត្រូវ​បានអនុម័ត​កាលពី​ខែកញ្ញា​នេះ មាន​គោលបំណង​កែប្រែ​ច្បាប់​ចាស់ៗ​រាប់​ទសវត្សរ៍ ដែល​អនុញ្ញាត​ឲ្យ​កសិករ​ភាគច្រើន​លក់​ផលិតផល​របស់​ពួកគេ​តាមរយៈ​ផ្សា​របោះ​ដុំ​របស់​រដ្ឋ​នៅក្នុង​តម្លៃ​ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល ហើយនឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ពួកគេ​ដើម្បី​លក់​ផលិតផល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។​
 
​លោកនាយក​រដ្ឋមន្ត្រី Narendra Modi បាន​ពណ៌នា​ច្បាប់​នេះ​ថា​ជា​«​ប្រវត្តិសាស្ត្រ​» ហើយ​លោក​និយាយថា​ច្បាប់​នេះ​នឹង​បង្កើន​ចំណូល​របស់​កសិករ ជំរុញ​ផលិតភាព​និង​រំដោះ​កសិករ​ចេញពី​ការពឹង​ផ្អែកលើ​ឈ្មួញកណ្តាល​។ អ្នកគាំទ្រ​ច្បាប់​នេះ​និយាយថា​វា​អាច​នឹង​ទាក់ទាញ​ការវិនិយោគ​ឯកជន​និង​ជួយ​ឲ្យ​វិស័យ​កសិកម្ម​ឥណ្ឌា​កាន់តែ​ទំនើប​។​
 
​ទោះយ៉ាងណា​កសិករ​ឥណ្ឌា​ដែល​ត្រូវបាន​ការពារ​ពី​ទីផ្សារសេរី​ជា​យូរ​មកហើយ ភ័យខ្លាច​ថា​ការដកចេញ​នូវ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​នឹង​ផ្តល់​អំណាច​ចរចា​តិចតួច​ដល់​ពួកគេ​ជាមួយនឹង​សហគ្រាស​ធំៗ​ហើយ​បង្ខំ​ឲ្យ​ពួកគេ​លក់​ផលិតផល​ក្នុងតម្លៃ​ទាប​។ នៅពេលដែល​ពួកគេ​កំពុង​ទាមទារ​ឲ្យ​តម្លៃ​ខ្ពស់ជាង​មុន​សម្រាប់​ផលដំណាំ​របស់​ពួកគេ ពួកគេ​បារម្ភ​ថា​ច្បាប់​ថ្មី​នេះ​នឹង​បន្ទាប​ចំណូល​របស់​អ្នក​នៅ​ជនបទ​បន្ថែមទៀត​។​
 
​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ឥណ្ឌា ពឹង​ផ្អែកលើ​កសិកម្ម ប៉ុន្តែ​វា​រួមចំណែក​តែ​១៧​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ឥណ្ឌា​។ កសិករ​ភាគច្រើន​មាន​ដី​តូច ហើយ​មាន​ចំណូល​តិចតួច ហើយ​ជា​ញឹកញាប់​ធ្លាក់​ក្នុង​បំណុល​។​
 
​អ្នកវិភាគ​ចំណីអាហារ​និង​គោលនយោបាយ​កសិកម្ម លោក Devinder Sharma បាន​និយាយថា​ទំហំ​នៃ​ការតវ៉ា​បង្ហាញថា កសិករ​«​មិន​យល់ស្រប​»​ជាមួយ​ផែនការ​របស់​រដ្ឋាភិបាល​។​
 
​លោក Sharma និយាយថា​៖«​កសិករ​នៃ​ប្រទេស​ឥណ្ឌា​មិន​ត្រូវបាន​ពិគ្រោះ​យោបល់​អំពី​ច្បាប់​នេះឡើយ​»​។​
 
​លោក​បន្តថា​៖ «​ជា​លទ្ធផល អ្នក​ដែល​សប្បាយរីករាយ​គឺ​វិស័យ​ឧស្សាហកម្ម​និង​ទីផ្សារ ខណៈដែល​កសិករ​ជឿថា ច្បាប់​នេះ​នឹងមាន​ផលប៉ះពាល់​អាក្រក់​ដល់​ពួកគេ​»​។​
 
​កសិករ​និយាយថា​ពួកគេ​នឹង​បន្តធ្វើ​បាតុកម្ម​រហូតដល់​រដ្ឋាភិបាល​ដកចេញ​កំណែទម្រង់​នេះ​។ កសិករ​ជាច្រើន​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ដំណើរ​វែងឆ្ងាយ​ក្នុង​យានជំនិះ​របស់​ពួកគេ​ដែលមាន​ទៅដោយ​ស្បៀងអាហារ​និង​សូម្បីតែ​ធុង​ហ្គាស​សម្រាប់​ចម្អិនម្ហូប​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com