សុខភាព
អត្ថបទពាណិជ្ជកម្ម
អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ស្គាល់​HbA1C!
01, Dec 2020 , 10:49 am        
រូបភាព
HbA1C ជា​មធ្យមភាគ​ជាតិ​ស្ករ រយៈពេល​៣​ខែ​ចុងក្រោយ របស់​មនុស្ស​យើង​។ កាលណា​យើង​ធ្វើតេស្ត HbA1C នេះ យើង​នឹង​អាច​ដឹង​ពី​មធ្យមភាគ​ជាតិ​ស្ករ រយៈពេល​៣​ខែ​ចុងក្រោយ ។ ដោយសារ​គ្រាប់​ឈាមក្រហម​យើង មាន​អាយុ​១២០​ថ្ងៃ គឺ​ប្រហាក់ប្រហែល​៣​ខែ​។ ហេតុនេះហើយ ការវាយតម្លៃ​កម្រិត​ជាតិ​ស្ករ ដែល​ទៅ​ខាំ​ជាប់​ទៅលើ​អេ​ម៉ូ​ក្លូ​ប៊ី​ន​នោះ​អាច​វាយតម្លៃ​ជាតិ​ស្ករ​របស់​យើង ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​។​
 
HbA1C មាន​តួនាទី​សំខាន់ ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទឹកនោមផ្អែម​។ កាលណា HbA1C ធំ​ជាង ឬ​ស្មើ​6.5% គឺ​អ្នកជំងឺ​មាន​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ​។ លើសពីនេះទៅទៀត HbA1C​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​តាមដាន​ប្រសិទ្ធភាព​ព្យាបាល ជំងឺ​ទឹកនោមផ្អែម​។ កាលណា HbA1C កើនឡើង​ខ្ពស់ អ្នកជំងឺ​នឹង​ប្រឈមមុខ​នឹង​ផលវិបាក​ផ្សេងៗ ដូចជា​ផលវិបាក​លើ​ភ្នែក លើ​តម្រងនោម លើ​ប្រព​ន្ធ័​សរសៃវិញ្ញាណ ឬ​លើ​សរសៃឈាម​បេះដូង​ជាដើម​។ ហេតុនេះហើយ សម្រាប់​បងប្អូន​ប្រជាជន​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ចាំបាច់​ត្រូវ​ស្គាល់​អ្វី​ដែលជា HbA1C​។​
 


​តើ HbA1C​ត្រូវ​ពិនិត្យ​នៅពេលណា​?
​ដោយសារ HbA1C ជា​មធ្យមភាគ​ជាតិ​ស្ករ រយៈពេល​៣​ខែ​ចុងក្រោយ ដូច្នោះ​ហើយ HbA1C​អាចធ្វើ​តេស្ដ​ពេលណា​ក៏បាន មុន​បាយ​ក៏បាន​។ នៅក្នុង​ការតាមដាន​ប្រសិទ្ធភាព នៃ​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម អ្នកជំងឺ​គួរ​គប្បី​ពិនិត្យ HbA1 C​យ៉ាងហោចណាស់​ឲ្យ​បាន ១ ឬ ២​ដង​ក្នុង​មួយឆ្នាំ ហើយ​រឹតតែ​ពិសេស ពិនិត្យ HbA1C គឺ​រាល់​៣​ខែម្ដង​។​
 
កត្តា​អ្វីខ្លះ​ដែល​អាចធ្វើ​ឲ្យ​បំរែបំរួល​ឬ​ប៉ះពាល់​សុ​ក្រិត​ភាព​HbA1C?
 
​កត្តា​ខ្លះ អាចធ្វើ​ឲ្យ​តម្លៃ HbA1C ទាប​ជាង​កម្រិត​ពិតប្រាកដ​ដូចជា​៖ ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ជំងឺ Thalasemie អ្នក​ដែល​បាត់បង់​ឈាម អ្នកជំងឺ​ដែល​ទើបតែ​ទទួល​ការបញ្ចូល​ឈាម និង​ស្ត្រី​មាន​ផ្ទៃពោះ​។​
 
​កត្តា​មួយចំនួនទៀត ដែល​អាចធ្វើ​ឲ្យ HbA1C ខ្ពស់ជាង​តម្លៃពិត មានដូចជា​៖ អ្នក​ជក់បារី អ្នក​ដែល​ខ្សោះ​ជាតិ​ទឹក​ខ្លាំង អ្នកជំងឺ​ដែលមាន​បញ្ហា​សួត ហើយ​គ្រាប់​ឈាមក្រហម​កើនឡើង និង​កង្វះ​អុកស៊ីហ្សែន​រ៉ាំរ៉ៃ​។​
 
​ដោយ​៖ វេជ្ជ​. ស៊ុំ ស​ត្ថា  ឯកទេស​ជំងឺ​ទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ភាតរៈសមាជិក American College of Endocrinology 
 

© រក្សាសិទ្ធិដោយ thmeythmey.com