ជាតិ
​​​ន​យោ​បាយ​ជាតិ​
គម្រោងលើកទី២៖ អ្នកស្រី មូរ សុខហួរ នឹងដឹកនាំក្រុមប្រឆាំងចូលកម្ពុជា នៅថ្ងៃ៤មករា២០២១
01, Dec 2020 , 11:40 am        
រូបភាព
អ្នកស្រី មូរ សុខហួរ ពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤។ កាលនោះ អ្នកស្រី និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំប្រមាណមួយសប្តាហ៍ ដោយសារតែអ្នកស្រី ទាមទារឲ្យអាជ្ញាធរ បើកទីលានប្រជាធិបតេយ្យ នៅក្បែរវត្តភ្នំឡើងវិញ។ (រូបពី AFP)
អ្នកស្រី មូរ សុខហួរ ពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤។ កាលនោះ អ្នកស្រី និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំប្រមាណមួយសប្តាហ៍ ដោយសារតែអ្នកស្រី ទាមទារឲ្យអាជ្ញាធរ បើកទីលានប្រជាធិបតេយ្យ នៅក្បែរវត្តភ្នំឡើងវិញ។ (រូបពី AFP)
«ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១» គឺជាកាលបរិច្ឆេទ ដែលក្រុមប្រឆាំង បានកំណត់ថា នឹងចូលកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាច ផ្តាំទុកជាមុនថា ពេលមកដល់កម្ពុជា ក្រុមប្រឆាំង នឹងត្រូវបានចាត់ការតាមផ្លូវច្បាប់។



អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសគម្រោងលើកទី២ថា អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស និងថ្នាក់ដឹកនាំនានារបស់គណបក្ស ដោយរួមទាំងសកម្មជនផ្សេងទៀត នឹងធ្វើមាតុភូមិនិវត្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែ អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ពុំបានបញ្ជាក់ថា លោក សម រង្ស៊ី ដែលជាអតីតប្រធាន ហើយបច្ចុប្បន្ននៅតែជាមេដឹកនាំកំពូលរបស់គណបក្ស នឹងរួមដំណើរជាមួយថ្នាក់ដឹកនាំនិងសកម្មជន ក្នុងការធ្វើមាតុភូមិវិវត្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ដែរឬក៏អត់ទេ។

អតីតគណបក្សប្រឆាំង បានប្រកាសគម្រោងលើកទី២ អំពីការធ្វើមាតុភូមិនិវត្តនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញពីក្រៅប្រទេសមក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ការប្រកាសពីគម្រោងធ្វើមាតុភូមិនិវត្តនេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំនៅក្រៅប្រទេស តាមរយៈការតភ្ជាប់ប្រព័ន្ធវីដេអូ (Video Conference) រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៧ ថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

សារព័ត៌មានថ្មីៗ បានផ្ញើសំណួរទៅកាន់អ្នកស្រី មូរ សុខហួរ តាមបណ្តាញទំនាក់ទំនងវាត់ស្អាប់ (WhatsApp) ដោយបានសួរអ្នកស្រីថា លោក សម រង្ស៊ី នឹងធ្វើដំណើរមកកម្ពុជាជាមួយអ្នកស្រី នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដែរឬទេ? ប៉ុន្តែ មិនទាន់ឃើញអ្នកស្រី ឆ្លើយតប។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ថ្នាក់ដឹកនាំនិងសកម្មជនអតីតគណបក្សប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស ហើយមានឈ្មោះក្នុងដីកាកោះហៅរបស់តុលាការរាជធានីភ្នំពេញ នឹងវិលមកកាន់កម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយដំណើរមាតុភូមិនិវត្តនេះ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ។ អ្នកស្រី មូរ សុខហួរ ក៏មានឈ្មោះក្នុងដីកាកោះហៅដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) នៅថ្ងៃទី១ ខែធ្នូនេះថា ក្រុមប្រឆាំងក្រៅប្រទេស គឺជាមនុស្ស ដែលប្រជាជនកម្ពុជា មិនស្វាគមន៍ ដូច្នេះ ពួកគេ មិនត្រូវបានចូលប្រទេសឡើយ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងដូច្នេះថា៖«សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ ដែលពាក់ព័ន្ធផ្លូវច្បាប់ បើមកដល់កម្ពុជា នឹងត្រូវចាត់ការតាមផ្លូវច្បាប់កម្ពុជា»។

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តុលាការរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើថ្នាក់ដឹកនាំ មន្រ្តី សកម្មជន និង អ្នកគាំទ្រនៃអតីតអតីតគណបក្សប្រឆាំងជិត១៣០នាក់ ពីបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ប៉ុន្តែជាក់ស្តែង មានជនជាប់ចោទតែជាង៣០នាក់ប៉ុណ្ណោះ ដែលបានចូលរួមសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ហើយពួកគេ សុទ្ធតែជាអ្នករស់នៅក្នុងប្រទេសកម្ពុជា។ ចំណែកជនជាប់ចោទជិត១០០ទៀត ដែលអវត្តមានពីសវនាការ ភាគច្រើនកំពុងរស់នៅឯក្រៅប្រទេស។

ក្នុងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រុមប្រឹក្សាជំនុំជម្រះ មិនទាន់បានសម្រេចសេចក្តីពីការមានទោសឬមិនមានទោសអ្វីឡើយ។ ក្រោយចប់សវនាការ មនុស្សជាង៣០នាក់នោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។ ក្រុមប្រឹក្សាជំនុំជម្រះ គ្រាន់តែសម្រេចច្របាច់សំណុំរឿងចូលគ្នាជា២សំណុំរឿង ហើយកំណត់ថា សំណុំរឿងទី១ នឹងត្រូវបន្តបើកសវនាការ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និង សំណុំរឿងទី២ នឹងត្រូវកំណត់បើកសវនាការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

មិនមែនតែអ្នកស្រី មូរ សុខហួរ ទេ ថ្នាក់ដឹកនាំកំពូលៗផ្សេងទៀតរបស់ក្រុមប្រឆាំង ដូចជា លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ុំ សំអាន លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ លោក ឡុង រី និង លោក ហូរ វ៉ាន់ និង ជាដើម សុទ្ធតែមានឈ្មោះក្នុងដីកា ដែលត្រូវចូលសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា តែពួកគេ អវត្តមាន ដ្បិតពួកគេ ស្ថិតនៅឯក្រៅប្រទេស។

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក បានប្រកាសគម្រោងលើកទី១ថា ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែគម្រោងនាកាលនោះត្រូវបរាជ័យ។ លោក សម រង្ស៊ី ចោទរដ្ឋាភិបាលកម្ពុជា ថាហាមក្រុមហ៊ុនយន្តហោះ មិនឲ្យដឹកលោក តែរដ្ឋាភិបាល តបថា លោក សម រង្ស៊ី មិនហ៊ានចូលកម្ពុជាដោយខ្លួនឯង។

រដ្ឋាភិបាល ចាត់ទុកគម្រោងលើកទី១ពីការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំក្រុមប្រឆាំង ថាដើម្បីផ្តួលរំលំរដ្ឋាភិបាល ម្ល៉ោះហើយ ទើបពួកគេ ត្រូវចោទពីឧបឃាត ដែលសំដៅលើការរៀបគម្រោងផ្តួលរដ្ឋាភិបាល ហើយអ្នក ដែលប្រកាសគាំទ្រគម្រោងមាតុភូមិនិវត្តរបស់មេដឹកនាំក្រុមប្រឆាំង ត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ]។ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក មិនត្រឹមតែជាប់ពីឧបឃាតទេ តែក៏ជាប់ពីបទរួមគំនិតក្បត់ [ជាតិ] ដែរ៕

Tag:
 មូរ សុខហួរ
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com