ជាតិ
ដំរី Kaavan ចាប់ផ្តើម​ជីវិត​លែង​ឯកោ​នៅ​ជម្រក​ថ្មី​នៃ​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
01, Dec 2020 , 2:26 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ ទីបំផុត ដំរី​ដែល​ឯកោ​ជាងគេ​លើ​លោក​ឈ្មោះថា ខា​វ៉ាន់ (Kaavan) បាន​ទៅដល់​ជម្រក​ថ្មី​ហើយ ស្ថិតនៅ​ភូមិសាស្ដ្រ​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ក្រោយ​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ា​គី​ស្ថាន​។ ដំរី ខា​វ៉ាន់ ចាប់ផ្តើម​ជីវិត​លែង​ឯកោ​ទៀត  ហើយ​វា​កំពុង​រីករាយ​នឹង​ជីវិត​ថ្មី​ក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​ធំ​មួយ និង​ដែលមាន​ដំរី​ញី​បី​ក្បាល​នៅ​ជាមួយ​វា​ផង​។​

 
 
​ក្នុង​ចម្ងាយ​ជាង​៣៧០០​គីឡូម៉ែត្រ ជើងហោះហើរ​ពិសេស​ដឹក​ដំរី​ខា​វ៉ាន់ បានមក​ដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប នា​វេលា​ម៉ោង ២​និង​១៥​នាទី​រសៀល​ថ្ងៃទី​៣០ វិច្ឆិកា ដោយមាន​មនុស្សម្នា​ច្រើន​នាក់​ចាំ​ទទួល​។ ក្នុងការ​ស្វាគមន៍​ចាំ​ទទួល​ដំរី​ឯកោ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​មួយ​នេះ រួមមាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា តារាចម្រៀង​ប៉ុប Cher ដែល​ផ្តើម​យុទ្ធនា​ការទាមទារ​សិទ្ធិសេរីភាព​ដល់​សត្វ​ដំរី​នេះ និង​មានការ​ប្រោះព្រំ​តាម​ពិធី​សាសនា ស្វាគមន៍​ដំរី​ខា​វ៉ាន់ មកកាន់​ទឹកដី​ប្រទេស​កម្ពុជា​។​
 


ក្រោយ​មកដល់​ព្រលានយន្តហោះ  ភ្លាមៗ​ក្រុមការងារ​រៀបចំ​និង​សម្របសម្រួល​ដឹក​ដំរី​ខា​វ៉ាន់ មិនទាន់​ទម្លាក់​កុងតឺន័រ​ពី​កន្ទុយ​យន្តហោះ​នោះទេ ដោយ​ទុកឱ្យ​ដំរី​នេះ​សម្រាក បន្ទាប់ពី​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​។ នៅ​ម៉ោង​ប្រមាណ​៤​រសៀល ខា​វ៉ាន់​បាន​ចុះ​ដល់​ដី និង​មាន​ពិធី​សាសនា​ស្វាគមន៍​វា​ផង​។ វត្តមាន​ដំរី​នេះ បាន​ទាក់ទាញ​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​ជាច្រើន ពិសេស​តារាចម្រៀង​ប៉ុប​សហរដ្ឋអាមេរិក Cher ក៏បាន​ទទួល​ស្វាគមន៍ ជាមួយនឹង​ការ​ជូនពរ​សត្វ​ឯកោ​នេះ ឱ្យមាន​ជីវិត​ដ៏​រីករាយ​នៅលើ​ទឹកដី​ថ្មី​ផងដែរ​។​
 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ រូបថត អ៊ីសា រ៉ហានី

ម៉ោង​ប្រមាណ​៥ សត្វ​ដំរី​ខា​វ៉ាន់ ដែល​កំពុងស្ថិត​នៅក្នុង​ទូ​កុង​តឺន័រ និង​មាន​ការចង់​ច្រ​វា​ក់ជើង ដើម្បី​ធានា​កុំឱ្យ​វា​កម្រើក បានចាប់ផ្តើម​ចាកចេញ​ពី​ព្រលានយន្តហោះ​អន្ដរជាតិ​សៀមរាប ឆ្ពោះទៅ​ដែនជម្រកសត្វព្រៃ​កម្ពុជា គូលែន​ព្រហ្ម​ទេព ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​១០០​គីឡូម៉ែត្រ ស្ថិតនៅ​តំបន់​ព្រំប្រទល់​ខេត្តសៀមរាប និង​ឧត្ដរមានជ័យ​។ ឡាន​ដឹក​ខា​វ៉ាន់ ដែល​រថ​យ្ត​ធុន​ធ្ងន់ បានធ្វើ​ដំណើរ​យឺតៗ ព្រោះ​បារម្ភ​ពី​សុខភាព​សត្វ​ដំរី​នេះ និង​បាន​ចំណាយពេល​ជិត​៣​ម៉ោង ទើប​ទៅដល់​គោលដៅ​។​
 


ទៅដល់​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព នា​ម៉ោង ជិត​៨​យប់ ខា​វ៉ាន់ នៅ​មិនទាន់​អាច​ចេញពី​ប្រអប់​ទូ​កុង​ធឺ​ណ័​រ​ទេ គឺ​ដំរីព្រៃ​អាស៊ី​ដ៏​កម្រ​មួយ​នេះ ត្រូវ​រង់ចាំ​រហូតដល់​ម៉ោងជាង​៩​យប់ ទើប​ក្រុមការងារ​សម្រួល​ឱ្យ​វា​ចេញពី​បន្ទប់​ដ៏​ចង្អៀត​នេះ​បាន​។​
 
​ដោយ​បារម្ភ​ខ្លាច​ដំរី​ផ្អើល និង​បារម្ភ​ពី​សុខភាព​របស់​វា អ្នកជំនាញ​ដំរី មិន​តម្រូវឱ្យ​បើកភ្លើង ឬ​ប្រើ​ភ្លើង​បំភ្លឺ​ណាមួយ​អំឡុងពេល​វា​ចេញមកក្រៅ​នោះទេ​។ ខា​វ៉ាន់ បានបង្ហាញ​កាយវិការ​រីករាយ​ក្នុង​កន្លែង​រស់នៅ​ថ្មី​របស់​វា និង​ដើរ​ចុះ​ដើរ​ឡើង​ស្ទើរ​ពេញ​បរិវេណ​ទ្រុង​ដែល​គេ​រៀបចំ ដែលមាន​ទំហំ ៥០​គុណ​៦០​ម៉ែត្រ​។ វា​នឹង​ត្រូវគេ​ដាក់​ផ្សាំ​ឱ្យនៅ​ក្នុងនេះ​រយៈពេល​៣​ខែ មុននឹង​ព្រលែង​ឱ្យ​រស់នៅ​បែប​ធម្មជាតិ លើ​គម្រប​ព្រៃឈើ​ជាង​៤​ពាន់​ហិកតា​។​


តារាចម្រៀង Cher រង់ចាំនៅមុខកុងតឺន័រដាក់ Kaavan នាអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

​ដំរី​ញី​៣​ក្បាល ដែល​នឹង​ក្លាយជា​ដៃគូ​របស់​ដំរី​ឈ្មោល​ខា​វ៉ាន់ រួមមាន ទី​១​ដំរី​ឈ្មោះ អា​រុណ​រះ (Arun Reah) អាយុ​៦០​ឆ្នាំ ទី​ពីរ​ដំរី​ឈ្មោះ ស្រី​ផ្ល​ក់ (Di Poh) អាយុ​៣៦​ឆ្នាំ និង​ទី​បី​ដំរី​ឈ្មោះ ស្រី​អៀន (Sarai Mia)​អាយុ​២៧​ឆ្នាំ​។ លោក ស៊ូ ពិសិដ្ឋ អ្នកមើលការខុសត្រូវ​ក្នុង​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព បានឱ្យដឹងថា ដំរី​ទាំងនេះ​ត្រូវបាន​ទិញយក​មកពី​តំបន់​ភូមិភាគ​ឦសាន និង​សុទ្ធតែ​មិនទាន់​មានកូន​ពីមុនមក​។​
 

​Cher និងក្រុមការងារពីប៉ាគីស្ថាន

ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ លោក ស៊ូ ពិសិដ្ឋ ប្រាប់ថា ដំរី​ខា​វ៉ាន់​មាន​សុខភាព​ល្អជា​ប្រក្រតី ហើយ​វា​ចាប់ផ្តើម​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​បណ្ដើរៗ​ជាមួយ​ដំរី​ញី​ឯទៀត តាមរយៈ​ប្រ​ម៉ោ​យ​របស់​ពួកវា (​ទ្រុង​វា​ត្រូវបាន​រៀបចំ​ដាក់​ក្បែរ​ដំរី​ផ្សេងទៀត​)​។ លោក ស៊ូ ពិសិដ្ឋ ប្រាប់ថា ដំរី​ខា​វ៉ាន់ ហាក់​បង្ហាញ​អារម្មណ៍​ឆាប់​សិ្ន​ទ្ធ​ស្នាល​ជាមួយ​ដំរី​ញី ឬ​មាន​អារម្មណ៍​ចង់​បន្ត​ពូជ​យ៉ាង​ដូច្នោះ​ដែរ​។​
 
​គួរ​រម្លឹ​កថា យុទ្ធនា​ការទាមទារ​សិទ្ធិសេរីភាព​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តរបស់​ដំរី​ខា​វ៉ាន់ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៦ ដោយ​អ្នកចម្រៀង​ប៉ុប​អាមេរិក Cher​។ នៅ​ថ្ងៃទី​១៧ កក្កដា តុលាការ​កំពូល​ប៉ា​គី​ស្ថាន សម្រេច​ជ្រើសរើស​កម្ពុជា​ជា​ជម្រក​ថ្មី​របស់​ដំរី ខា​វ៉ាន់​។  វា​នឹងត្រូវ​រស់នៅ​ជាមួយ​ដំរី​ញី​បី​ក្បាល​ទៀត​ក្នុង​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព ក្រោយ​មានការ​សម្របសម្រួល​ពី​អង្គការ​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS)៕
 





Kaavan នាព្រឹក​ថ្ងៃទី១ ខែធ្នូ ពោលគឺក្រោយសម្រាកបានយប់ដំបូងនៅដែនជម្រកកម្ពុជា។ រូបថត CWS


ទីកន្លែងជម្រក​ដែល​រៀបចំសម្រាប់ Kaavan។ រូបថត CWS


Kaavan បានជួបដំរីញីស្រីផ្លក់ DiPoh ជាលើកដំបូង។ រូបថត CWS


Tag:
 Kaavan
  ដំរី​
  គូលែន​ព្រហ្ម​ទេព​
© រក្សាសិទ្ធិដោយ thmeythmey.com