COVID-19
ជាតិ
សុវត្តិភាព ចរាចរណ៍
ប៉ូលិសចរាចរណ៍ភ្នំពេញ ផ្អាកផាកពិន័យ១៥ថ្ងៃ
01, Dec 2020 , 2:40 pm        
រូបភាព
រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១ រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០នេះ នឹងមិនមានការផាកពិន័យលើអ្នកដែលល្មើសក្នុងការបើកបរក្នុងរាជធានីភ្នំពេញឡើយ។ លោក ស ថេត ស្នងការរាជធានីភ្នំពេញ បានចេញបទបញ្ជាស្តីពីការផ្អាកផាកពិន័យនេះ ទៅកាន់បណ្តានគរបាលចរាចរណ៍។



សំឡេងរបស់លោក ស ថេត ដែលចេញបទបញ្ជាទៅកាន់បណ្តានគរបាលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ត្រូវបានគេចែករំលែកតៗគ្នា តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១ ខែធ្នូនេះ។ លោក ស ថេត ចេញបទបញ្ជានេះ បន្ទាប់ពីលោក ទទួលបានការណែនាំពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ 

លោកស្នងការរាជធានីភ្នំពេញ ប្រាប់នគរបាលចរាចរណ៍ថា ពួកគេ អាចត្រឹមតែជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋប៉ុណ្ណោះ តែមិនត្រូវផាកពិន័យឡើយ។ លោក បន្ថែមថា សូម្បីតែការពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ក៏ត្រូវផ្អាកដែរ។ លោក មានប្រសាសន៍ថា៖«រង់ចាំក្រោយថ្ងៃទី១៦ [ខែធ្នូ] យើង នឹងពិចារណាឡើងវិញ»។ 

ការផ្អាកផាកពិន័យចរាចរណ៍រយៈពេល១៥ថ្ងៃនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ខណៈកម្ពុជា កំពុងជួបព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ​សំដៅលើ​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ម្នាក់​ជា​ភរិយា​របស់​មន្ត្រី​ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ជា​ស្វាមី និង​សមាជិក​មួយចំនួន​ក្នុង​គ្រួសារ​ពួកគាត់ រួមទាំង​អ្នក​ផ្សេងទៀត ត្រូវបាន​រកឃើញថា ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដែរ​។ ប្រមុខរដ្ឋ​ភិ​បាល ចាត់ទុក​ព្រឹត្តិការណ៍​នេះ ថា​ជាការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ជា​លើកដំបូង​នៅ​កម្ពុជា​។

គិត​ត្រឹម​ថ្ងៃទី១ ខែធ្នូ មនុស្ស​ជាង៤,៨​ពាន់នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ដោយ​រកឃើញ​មនុស្ស​១៧នាក់​ហើយ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្រសួង នៅតែ​បន្តធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​លើ​មនុស្ស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​។ មកដល់ថ្ងៃទី១ ខែធ្នូនេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​៣២៦​នាក់ ដោយ​ក្នុងនោះ បានជា​សះ​ស្បើយ​វិញ​៣០៤​នាក់​៕

Tag:
 COVID-19
  ផ្អាកផាកពិន័យចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com