COVID-19
អន្តរជាតិ
អ្នកជំនាញ​អាមេរិក​៖ ចិន ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​មេដឹកនាំ​កូរ៉េខាងជើង​និង​គ្រួសារ​
01, Dec 2020 , 7:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ KCNA
​ចិន បានផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដែល​ស្ថិតក្នុង​ដំណាក់កាល​ពិសោធន៍​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន គ្រួសារ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកវិភាគ​អាមេរិក នៅ​ថ្ងៃទី​១ ខែធ្នូ ដោយ​ស្រង់​ប្រភពពី​ចារកិច្ច​ជប៉ុន​។​

 
​តាម​ការអះអាង​របស់​លោក Harry Kazianis អ្នកជំនាញ​កូរ៉េខាងជើង​នៅ​មជ្ឈមណ្ឌល​ផលប្រយោជន៍​ជាតិ (CNI) នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន លោក គីម ជុង​អ៊ុន​, មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង និង​ក្រុមគ្រួសារ ត្រូវបាន​ចាក់​វ៉ាក់សាំង ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​ពី​ចិន​។​
 
«​លោក គី​ុំ ជុង​អ៊ុន និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប រួមទាំង​សមាជិកគ្រួសារ​ត្រកូល គីម ត្រូវបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Kazianis នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ 19FortyFive ដោយ​បន្ថែមថា វ៉ាក់សាំង​ទាំងនោះ ត្រូវបាន​ផ្គត់ផ្គង់​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ 
 
​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ក្រុមហ៊ុន​ចិន​មួយណា ដែល​បានផ្តល់​វ៉ាក់សាំង​ដល់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​រូបនេះ និង​ថា​តើ​វ៉ាក់សាំង​ទាំងនោះ​មាន​ផលប៉ះពាល់ ឬ​អត់​។ ក្នុង​អត្ថបទ​ដដែល អ្នកជំនាញ​កូរ៉េខាងជើង​រូបនេះ បានបញ្ជាក់​ទៀតថា មាន​ក្រុមហ៊ុន​ចិន​ចំនួន​បី ដែល​កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងនោះ​មានដូចជា Sinovac Biotech, CanSinoBio និង Sinophram Group​។ 
 
​មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​កូ​វីដ​-១៩ មួយ​ករណី​នៅឡើយ​ទេ ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន នៅតែ​សង្ស័យថា ប្រទេស​នេះ​អាចមាន​កូ​វីដ​-១៩​។ បើតាម​ទីភ្នាក់ងារ​ចារកិច្ច​ជាតិ​កូរ៉េខាងត្បូង (NIS) ករណី​ឆ្លង​កូ​វីដ​-១៩ មិនអាច​ច្រានចោល​បានទេ ដោយសារ​ប្រទេសមួយ​នេះ នៅក្នុង​ខែមករា មុន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ខ្លាំង​នៅ​ចិន មាន​ការផ្តោះប្តូរ​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន និង​ពាណិជ្ជកម្ម​ជាដើម​។ 
 
​កន្លងទៅ ក្រុមហ៊ុន​មួយចំនួន បាន​ចោទ​កូរ៉េខាងជើង​ថា បាន​បញ្ជា​ឲ្យ​អ្នកជំនាញ​អ៊ីនធឺណិត​របស់ខ្លួន វាយប្រហារ​លើ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដើម្បី​លួច​យក​ទិន្នន័យ​។ ក្រុមហ៊ុន Microsoft នៅក្នុង​ខែវិច្ឆិកា​កន្លងទៅ បាន​អះអាងថា ក្រុមចោរ​អ៊ីនធឺណិត​កូរ៉េខាងជើង​ចំនួន​ពីរ​ក្រុម បាន​ព្យាយាម​វាយលុក​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​ជាច្រើន ដើម្បី​ប្រមូល​ទិន្នន័យ​វ៉ាក់សាំង​។ 
 
​ចំណែក​ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េខាងត្បូង ថ្មីៗ​នេះ អះអាងថា ខ្លួន​បានការ​ពារ​ពី​ការប៉ុនប៉ង​របស់​កូរ៉េខាងជើង ក្នុងការ​លួច​ទិន្នន័យ​លើ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​កូរ៉េខាងត្បូង​៕ 

Tag:
 ចិន​
  កូរ៉េខាងជើង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com