កីឡាអន្តរជាតិ
អន្តរជាតិ
Cavani ប្រឈម​មិនបាន​លេង​៣​ប្រកួត ក្រោយ​បង្ហោះ​សារ​ដែល​បង្កប់ន័យ​រើសអើង
01, Dec 2020 , 3:24 pm        
រូបភាព
Edinson Cavani ខ្សែប្រយុទ្ធ Manchester United បាន​សុំទោស​ចំពោះ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែល​ខ្លួន​លុបចោល​វិញ​។ Cavani បាន​បង្ហោះ​ឃ្លា​ជា​ភាសា​អេ​ស្ប៉ា​ញ​ដែល​ហាក់ដូចជា​បង្ហាញ​ពី​ការរើសអើង ក្រោយ​រកបាន​២​គ្រាប់​ឲ្យ​បិសាច​ក្រហម​ដើម្បី​ទទួលបាន​៣​ពិន្ទុ​កាលពី​សប្តាហ៍​មុន​។ ការ​បង្ហោះ​សារ អាចធ្វើ​ឲ្យ​រូបគេ​រង​ការពិន័យ​ផងដែរ​។



​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ក្លាយជា​វីរបុរស​សម្រាប់​ក្រុម Man Utd បន្ទាប់ពី​រូបគេ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ​ដោយ​ការ​វាយបក​លើ​ក្រុម Southampton ក្នុង​លទ្ធផល ៣-២ ក្នុង​ក្របខណ្ឌ Premier League​។​
 
​ក្រោយ​ការប្រកួត​ចប់ Cavani អតីត​ខ្សែប្រយុទ្ធ Napoli និង PSG បាន​បង្ហោះ​រូប​ដោយមាន​ភ្ជាប់​សារ​ខ្លី​ជា​ភាសា​អេ​ស្ប៉ា​ញ ប៉ុន្តែ​ក្រោយមក​ក៏​លុប​ទៅវិញ​។ សារ​ភាសារ​អេ​ស្ប៉ា​ញ Gracias negrito ដែល​ប្រែជា​ភាសា​ខ្មែរ​ថា​«​សូម​អរគុណ​ខ្មៅ​» ហាក់ដូចជា​បង្កប់ន័យ​រើសអើង​ជាតិ​សាសន៍​នេះ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បើក​ការស៊ើបអង្កេត ហើយ​អាច​នឹងត្រូវ​ដាក់ពិន័យ Cavani មិន​ឲ្យ​លេង​ចំនួន​៣​ប្រកួត​ផង​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្របពេល FA ធ្វើការ​លើ​ករណីនេះ Cavani បាន​បកស្រាយ​ថា ការ​បង្ហោះ​នោះ​ជាការ​គ្រោងទុក​សម្រាប់​ការស្វាគមន៍​ដល់​មិត្ត​ម្នាក់​និង​ដើម្បី​អរគុណ​ចំពោះ​ការអបអរសាទរ​បន្ទា​ប់​ពី​ការប្រកួត​ប៉ុណ្ណោះ​។​
 
«​ខ្ញុំ​ប្រឆាំង​ទាំងស្រុង​ចំពោះ​ការរើសអើង​ជាតិ​សាសន៍ និង​លុបចោល​សារ​ភ្លាមៗ​នៅពេលដែល​មានការ​ពន្យល់​ថា​វា​អាច​ត្រូវបាន​បកស្រាយ​អត្ថន័យ​ខុសគ្នា​។ ខ្ញុំ​សូម​សុំទោស​ដោយស្មោះ​ចំពោះ​រឿងនេះ​»​។ Cavani បន្ថែម​ដូច្នេះ​។​
 
​ក្លិប Man Utd ក៏បាន​ចេញ​សារ​ការពារ​កីឡាករ​របស់​ពួកគេ​ដែរ ដោយ​និយាយថា​៖ «Edinson  Cavani បាន​សុំទោស​ចំពោះ​រាល់​ការប្រព្រឹត្ត​ដោយ​អ​ចេតនា​នេះ​។ ក្លិប និង​កីឡាករ​របស់​យើង​ទាំងអស់​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​រហូតមក​»​។​
 
Luis Suarez ខ្សែប្រយុទ្ធ AT-Madrid និង​ជា​មិត្ត​រួម​ជាតិ​របស់ Cavani ដែរនោះ ក៏​ធ្លាប់បាន​ការពិន័យ​ចំនួន​៨​ប្រកួត​ផងដែរ ពីបទ​ប្រើពាក្យ​ស្រដៀង​គ្នា​នេះ​ទៅកាន់ Patrice Evra កាលពី​ឆ្នាំ ២០១១​។ កាលនោះ Suarez ជា​កីឡាករ​របស់ Liverpool ឯ Evra ជា​ខ្សែការពារ Man Utd ហើយ​អ្នក​ទាំង​ពីរបាន​ប៉ះទង្គិច​គ្នា​ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​៕
 

Tag:
 Manchester United
  Edinson Cavani
© រក្សាសិទ្ធិដោយ thmeythmey.com