ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានដើរដល់ផ្លូវបំបែកជាមួយកីឡាករ ឈិន ឈឿន និងកីឡាករ ណុប តុលា ក្រោយពួកគេរួមចំណែកជួយឲ្យក្លិបនេះគ្រងជើងឯករងលីគកំពូលឆ្នាំ២០២០។ បើតាមក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ ឈិន ឈឿន ត្រឡប់ទៅចូលរួមជាមួយសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈកីឡាករ ណុប តុលា ចូលរួមជាមួយណាហ្គាវើលដ៍។ ខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង បានចុះកិច្ចសន្យាលេងឲ្យក្លិបបឹងកេតសម្រាប់រដូវកាលឆ្នាំ២០២១-២០២២ ក្រោយចែកផ្លូវជាមួយក្លិបវិសាខា។
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការ ប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករពីររូបជាបន្តបន្ទាប់រួមមានកីឡាករ ឈិន ឈឿន និងកីឡាករ ណុប តុលា។ តែយ៉ាងណា ម្ចាស់ជើងឯកលីគកំពូលឆ្នាំ២០១៩ មួយនេះ មិនបានបញ្ជាក់ពីមូលហេតុ នៃការចែកផ្លូវនេះឡើយ ប៉ុន្តែទំនងជាកិច្ចសន្យារបស់ពួកគេអស់សុពលភាព។
ទោះបីយ៉ាងនេះក្តី ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ជូនពរឲ្យកីឡាករទាំងពីរទទួលបានជោគជ័យលើវិថីបាល់ទាត់ជាមួយទ្រនំថ្មី ក្នុងនោះខ្សែបម្រើ ឈិន ឈឿន ត្រឡប់ទៅចូលរួមជាមួយទ្រនំចាស់ ដែលខ្លួនធ្លាប់ជ្រកអស់រយៈពេល១៥ឆ្នាំ គឺសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ចំណែកកីឡាករ ណុប តុលា ចុះកិច្ចសន្យាលេងឲ្យក្លិបណាហ្គាវើលនៅរដូវកាលឆ្នាំ២០២១។
កីឡាករ ឈិន ឈឿន បានចុះកិច្ចសន្យាលេងក្លិបព្រះខ័នរាជស្វាយអំឡុងខែធ្នូ ឆ្នាំ២០១៩ ក្រោយចែកផ្លូវជាមួយទ័ព។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូងដោយធ្វើជាយុវជនថ្នាលរបស់ទ័ព។ បន្ទាប់មក រូបគេ ត្រូវបានដំឡើងឲ្យមកលេងក្នុងឈុតធំនៅឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៩។
កីឡាករមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ បានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ២៣ឆ្នាំ និងក្រុមជម្រើសជាតិនៅអំឡុងឆ្នាំ២០១១។
ចំណែកកីឡាករ ណុប តុលា បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដោយធ្វើជាយុវជនយុវជនរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅឆ្នាំ២០១១។ រូបគេត្រូវបានដំឡើងឲ្យមកលេងក្នុងក្រុមឈុតធំនៅឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០។ តុលា បានជួយឲ្យក្លិបមានមូលដ្ឋានខេត្តស្វាយរៀងមួយនេះ លើកពានលីគកំពូលចំនួនពីរលើកនៅឆ្នាំ២០១៣ និង២០១៩ និងគ្រងជើងឯកពានសម្តេច ហ៊ុន សែន ពីរលើកនៅឆ្នាំ២០១៥ និង២០១៧ និងជើងរងនៅឆ្នាំ២០១៦ និង ២០១៩។
កីឡាករមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះបានក្លាយជាសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំនៅឆ្នាំ២០១១។ ហើយបានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅឆ្នាំ២០១៣ និងជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនៅឆ្នាំ២០១៥។ តាមពិតកីឡាករ ណុប តុលា ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិតាំងពីឆ្នាំ២០១៥ មកម្ល៉េះ។
ជាមួយគ្នានេះ កាលពីពេលថ្មីៗ ក្លិបស្វាយរៀង ក៏បានប្រកាសពីការបន្តកិច្ចសន្យាថ្មីជាមួយកីឡាករ៦រូប រួមមានកីឡាករ ឃៀង ម៉េងហួរ, នី សុខរី, ត្រាយ វិចិត្រ, សួន សុវណ្ណ, មិន រតនៈ និងកីឡាករ គឹម សុខយុទ្ធ។
ស្របពេលជាមួយគ្នាផងដែរ ខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង បានចុះកិច្ចសន្យាលេងឲ្យក្លិបបឹងកេតសម្រាប់រដូវកាលឆ្នាំ២០២១-២០២២ ក្រោយចែកផ្លូវជាមួយក្លិបវិសាខា។ នេះបើយោងតាមការប្រកាសរបស់ក្លិបបឹងកេតនៅលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១ ខែធ្នូ នេះ។
មួយថ្ងៃក្រោយចាកចេញពីក្លិបវិសាខា ដែលខ្លួនបានចូលរួមជាមួយនៅឆ្នាំ២០១៨ កីឡាករ សាន គឺមហេង បានរកឃើញទ្រនំថ្មីរបស់ខ្លួនហើយ គឺក្លិបបាល់ទាត់បឹងកេត។ អតីតយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ ត្រូវជួយក្រុមជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២០ ប្រជែងដណ្តើមជើងឯកលីគកំពូល និងពានសម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០២១។
កីឡាករ សាន គឹមហេង ពេលបង្ហាញខ្លួនជាមួយក្រុមវិសាខាកាលពីពេលកន្លងទៅ
ជាពិសេសអតីតកីឡាករវិសាខារូបនេះ ត្រូវជួយក្រុមបឹងកេតប្រជែងដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2021 ដែលបឹងកេតទទួលបានកៅអីឡើងទៅលេងវគ្គចែកពូល ក្រោយឈ្នះជើងឯកលីគកំពូលរដូវកាលឆ្នាំ២០២០។
កីឡាករ សាន គឹមហេង បានចុះកិច្ចសន្យាលេងក្លិបជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយរូបគេត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រំសាយប្រមូលហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី។
ក្នុងអំឡុងពេលរួមរស់ជាមួយវិសាខា គឹមហេង បានរួមចំណែកជួយឲ្យក្លិបនេះទទួលបានលេខ៣ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨, ជើងឯករងលីគកំពូលឆ្នាំ២០១៩ និងលេខ៥នៅឆ្នាំ២០២០។ យើងសង្កេតឃើញថា នៅរដូវកាលឆ្នាំ២០២០ កន្លងទៅកីឡាករ សាន គឹមហេង ពុំសូវបានបង្ហាញខ្លួននោះទេ៕