អូស្ត្រាលី នឹងសហការអាមេរិកដើម្បីអភិវឌ្ឍមីស៊ីលស្វ័យនាំផ្លូវដែលមានល្បឿនលឿនជាងសំឡេង៥ដង (Hypersonic cruise) ក្នុងគោលដៅប្រជែងនឹងចិន និងរុស្ស៊ី ដែលក៏កំពុងអភិវឌ្ឍសព្វាវុធទំនើបដូចគ្នានេះ។ រដ្ឋមន្ត្រីការពារអូស្ត្រាលី អ្នកស្រី Linda Reynolds បានបញ្ជាក់បែបនេះ នៅថ្ងៃទី ១ ខែធ្នូ។
មីស៊ីលប្រភេទ Hypersonic មានសមត្ថភាពរត់លឿនជាង៥ដង បើធៀបនឹងល្បឿននៃសំឡេង (១២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង)។ បូកផ្សំនឹងល្បឿន ការធ្វើចលនា និងរយៈកម្ពស់ហោះហើរផងនោះ ធ្វើឲ្យមីស៊ីលទំនើបផុតលេខនេះពិបាកក្នុងការតាមចាប់ និងចាប់ស្ទាក់។
ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១ ខែធ្នូ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters អ្នកស្រី Linda Reynolds រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងកង់បេរ៉ា នឹងបន្តបោះទុនពង្រឹងសមត្ថភាពយោធាអូស្ត្រាលី ដើម្បីកំញើញឥរិយាបថគ្រោះថ្នាក់ប្រឆាំងប្រយោជន៍អូស្ត្រាលី។ អូស្ត្រាលី នឹងចាប់ដៃជាមួយអាមេរិកដើម្បីសម្រេចគោលដៅនេះ។
ទោះហៅការបង្កើតគម្រោងអភិវឌ្ឍមីស៊ីលទ្វេភាគីជាមួយសហរដ្ឋអាមេរិកនេះជាជោគជ័យមួយ អ្នកស្រីរដ្ឋមន្ត្រី ពុំបានបង្ហើបតម្លៃនៃអភិវឌ្ឍមីស៊ីលនេះ ឬក៏ពេលវេលាដែលពួកវាអាចដាក់ឲ្យប្រើប្រាស់ឡើយ។ អ្នកស្រី Reynolds អះអាងថា ការពង្រឹងយោធាអូស្ត្រាលីនេះ ក៏ផ្តល់ផលចំណេញដល់តំបន់ សម្ព័ន្ធ និងដៃគូសន្តិសុខរបស់អូស្ត្រាលី។ ត្រង់ចំណុចនេះ អ្នកស្រីសង្កត់ធ្ងន់ដូច្នេះថា៖«យើងរក្សាការតាំងចិត្តចំពោះសន្តិភាព និងស្ថិតភាពក្នុងតំបន់ ហើយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានវឌ្ឍនភាព បើកចំហ និងបរិយាបន្ន»។
អនុរដ្ឋលេខាធិការស្តីទីក្រសួងការពារអាមេរិក លោក Michael Kratsios បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងដែលមានឈ្មោះជាផ្លូវការថា «Southern Cross Integrated Flight Research Experiment (SCIFiRE)» ជាកិច្ចសហការរយៈពេល១៥ឆ្នាំរវាងយោធាអាមេរិកនិងអូស្ដ្រាលី។ «គំនិតផ្ដួចផ្ដើមនេះ នឹងមានសារសំខាន់ក្នុងអនាគតនៃការអភិវឌ្ឍ និងកិច្ចការស្រាវជ្រាវបច្ចេកវិទ្យា hypersonic»។ លោក Kratsios បញ្ជាក់បែបនេះ ហើយបន្តថា គម្រោងនេះ ក៏នឹងធានាថា អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដឹកនាំពិភពលោកដោយមានសមត្ថភាពយោធាជឿនលឿន។
ក្នុងឆ្នាំ២០២០ អូស្ត្រាលី បានត្រៀមទុកកញ្ចប់ថវិការហូតដល់៦,៨ពាន់លានដុល្លារសម្រាប់អភិវឌ្ឍប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយវែង និងល្បឿនលឿន ក្នុងនោះក៏មាន ការស្រាវជ្រាវលើបច្ចេកវិទ្យា hypersonic ផងដែរ។ កាលពីខែកក្កដា អូស្ត្រាលី បានប្រកាសថា ខ្លួននឹងបង្កើនការចំណាយការពារជាតិ៤០ភាគរយ ក្នុងពេល១០ឆ្នាំដើម្បីសម្រេចឲ្យបានសមត្ថភាពវាយប្រហាររយៈចម្ងាយវែងជាងមុនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
រុស្ស៊ី បានដាក់ពង្រាយមីស៊ីលប្រភេទ Hypersonic លើកដំបូង កាលពីឆ្នាំមុន ខណៈមន្ទីរបញ្ចកោណអាមេរិក បានធ្វើតេស្តមីស៊ីល Hypersonic ដូចគ្នានេះក្នុងឆ្នាំ២០១៧។ ចំណែក ចិនឯណោះវិញ ត្រូវបានអ្នកវិភាគសន្តិសុខវាយតម្លៃថា បានដាក់ពង្រាយ ឬហៀបនឹងដាក់ពង្រឹងប្រព័ន្ធមីស៊ីលប្រភេទ Hypersonic នេះដែរ។
យ៉ាងណាមិញ ការសហការអភិវឌ្ឍមីស៊ីលរវាងអូស្ត្រាលីនិងសហរដ្ឋអាមេរិក អាចបង្កើនភាពតានតឹងបន្ថែមទៀតក្នុងចំណងទាក់ទងរវាងអូស្ដ្រាលី និងចិន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាក់ចុះទាបខ្លាំង ហើយព្រឹត្តិការណ៍ប៉ះទង្គិចចុងក្រោយបង្អស់គឺ ក្រោយពីអូស្ត្រាលីបានរកឃើញថា ចិនប្រើយុទ្ធនាការឃោសនាមួលបង្កាច់អូស្ត្រាលីពាក់ព័ន្ធនឹងរូបភាពទាហនអូស្ត្រាលីម្នាក់កាន់កាំបិតប្រឡាក់សុទ្ធតែឈាមកាត់បំពង់កកូនក្មេងអាហ្វហ្កានីស្ថានម្នាក់។
មែនទែនទៅ ទំនាក់ទំនងអូស្ត្រាលីនិងចិន បានចាប់ផ្ដើមល្អក់កករខ្លាំង ក្រោយរដ្ឋាភិបាលក្រុងកង់បេរ៉ា បានទាមទារឲ្យបើកការស៊ើបអង្កេតរកប្រភពដើមនៃជំងឺកូវីដ-១៩ ដែលផ្ទុះឡើងដំបូងនៅចិន។ ជាការសកសឹង ចិនបានដាក់ពន្ធលើទំនិញនាំចូលពីអូស្ត្រាលីជាបន្តបន្ទាប់។