COVID-19
ជាតិ
តំណាងរាស្ត្រ និង​មន្ត្រីរាជការ​ជាង​១០០​នាក់​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​
01, Dec 2020 , 10:59 pm        
រូបភាព
កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានាពេលកន្លងមក
កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានាពេលកន្លងមក
​ភ្នំពេញ​៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​សរសេរ​លិខិត ជូនទៅ​រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដើម្បី​សុំ​ឲ្យ​មាន​វិធានការ​ពិនិត្យ​សុខភាព​លើ​ថ្នាក់ដឹកនាំ​រដ្ឋសភា តំណាងរាស្ត្រ និង​មន្ត្រីរាជការ​សរុប​ជាង​១០០​នាក់ ដែល​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។


​ក្នុង​លិខិត​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ឡេង ប៉េងឡុង ជម្រាប​លោក ម៉ម ប៊ុនហេង​ថា តំណាងរាស្ត្រ​ម្នាក់ បាន​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រ​សូង​មហាផ្ទៃ ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​នោះ មាន​ជំងឺ​កូ​វីដ​-១៩​។ លោក ឡេង ប៉េងឡុង ប្រា​ប់លោក ម៉ម ប៉ុន​ហេង ទៀតថា បន្ទាប់មក តំណាងរាស្ត្រ​រូបនោះ បាន​ចូលរួម​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា កាលពី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
 
​លិខិត ដែល​លោក ឡេង ប៉េងឡុង ផ្ញើជូន​លោក ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹងថា តំណាងរាស្ត្រ​និង​មន្ត្រីរាជការ មាន​ជាង​១០០​នាក់ ដែល​ស្ថិតក្នុង​អង្គប្រជុំ​នៃ​រដ្ឋសភា​ក្នុង​ថ្ងៃនោះ ហើយ​លើសពីនេះ នៅមាន​តំណាង​រដ្ឋាភិបាល​មួយចំនួនទៀត ក៏​ចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​ដែរ​។ 
 
​អគ្គលេខាធិការ​រដ្ឋសភា ស្នើ​ទៅ​រដ្ឋមន្ត្រី​សុខាភិបាល ឲ្យ​រៀប​ជួយ​រៀបចំ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​។ 
 
​លោក ឡេង ប៉េង​ឡេង ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ក្នុងចំណោម​ថ្នាក់ដឹកនាំ​រដ្ឋសភា តំណាងរាស្ត្រ មន្ត្រីរាជការ​របស់រ​ដ្ឋ​សភា និង តំណាង​រដ្ឋ​ភិ​បាល ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​រដ្ឋសភា ត្រូវបាន​បែងចែក​ជា​២​ក្រុម គឺ​ក្រុម​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ក្រុម​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ទាប​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ លោក បញ្ជាក់ថា ក្រុម​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ តែ​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ទាប នឹងមិន​ធ្វើតេស្ត​ឡើង ដោយ​គ្រាន់តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ 
​អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ មានប្រសាសន៍ថា​៖«​ឥឡូវ [​ក្រសួងសុខាភិបាល​] កំពុង​រៀបចំ [​ធ្វើតេស្ត​] ហើយ​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ មនុស្ស​ជាង​៤,៨​ពាន់​នាក់​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ ក្នុងចំណោម​ជាង​៤,៨​ពាន់​នាក់​នោះ ក្រសួងសុខាភិបាល រកឃើញ​មនុស្ស​១៧​នាក់​ហើយ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ ក្រសួងសុខាភិបាល នៅតែ​បន្តធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​លើ​មនុស្ស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​។ 
 
 ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សំដៅលើ​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ម្នាក់​ជា​ភរិយា​របស់​មន្ត្រី​ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ជា​ស្វាមី និង​សមាជិក​មួយចំនួន​ក្នុង​គ្រួសារ​ពួកគាត់​។ ក្រោយមក ក្រសួងសុខាភិបាល រកឃើញ​អ្នក​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ប្រមុខរដ្ឋ​ភិ​បាល ចាត់ទុក​ព្រឹត្តិការណ៍​នេះ ថា​ជាការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ជា​លើកដំបូង​នៅ​កម្ពុជា​។​
 
​មកដល់​ថ្ងៃទី​១ ខែធ្នូ​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​៣២៦​នាក់ ដោយ​ក្នុងនោះ បានជា​សះស្បើយ​វិញ​៣០៤​នាក់​៕
 
 
 
 

Tag:
 កូ​វីដ​-១៩
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com