ជាតិ
សង្គមជាតិ
ប្រធាន​មន្ទីរ​សុខាភិបាល​៖ អ្នកស្លាប់​ដោយសារ​ពុល​ស្រាស​នៅ​កំពង់ឆ្នាំង កើន​ដល់​៨​នាក់
01, Dec 2020 , 4:42 pm        
រូបភាព
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង​បានចុះទៅសួរសុខទុក្ខ​ប្រជាពលរដ្ឋពុលស្រា ដែល​កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ រូបភាពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង​បានចុះទៅសួរសុខទុក្ខ​ប្រជាពលរដ្ឋពុលស្រា ដែល​កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ រូបភាពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ អ្នក​សា្ល​ប់ កើនឡើង​ដល់​៨​នាក់ ខណៈ​១១៧​នាក់​ទៀត បានជា​សះស្បើយ​វិញ ក្នុងចំណោម​អ្នកពុល​ស្រាស​សរុប​១៣១​នាក់ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំ​។ នេះ​បើតាម​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។

 
​លោក ប្រាក់ វ៉ុ​ន បញ្ជាក់ថា អ្នកជា​សះស្បើយ​១១៧​នាក់​នោះ បាន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ហើយ ក្រោយពី​បាន​សម្រាក​ព្យាបាល​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លងមកនេះ​។ លោក បន្តថា ចំណែក​អ្នក​ដែល​មិនទាន់​ជាសះស្បើយ​មួយចំនួនទៀត កំពុងតែបន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មួយចំនួនទៀត ត្រូវបាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារតែ​ពួកគេ មាន​សភាព​ធ្ងន់ធ្ងរ​។  
 
​លោក ប្រាក់ វ៉ុ​ន បន្ថែមថា អាជ្ញាធរខេត្ត បាន​ចាត់វិធានការ​ហើយ លើ​អ្នកលក់​ស្រាស ដែល​បណ្តាល​ឲ្យ​មនុស្ស​១៣១​នាក់​ពុល​។ លោក មានប្រសាសន៍ថា​៖«​យើង​អត់​ទាន់​ដឹង​ពី​ប្រភព​ស្រា​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ យើង បានកំណត់​មុខសញ្ញា​អ្នកលក់​ស្រា​មួយចំនួន​ហើយ ដែល​លក់​ស្រា​មាន​កំហាប់​មេ​តា​ណុល​ខ្ពស់ ហើយ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ដើម្បី​បញ្ជូនទៅ​តុលាការ និង​បាន​ដកហូត​ស្រាស​»​។ 
 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង អះអាងថា ករណី​ពុល​ស្រាស​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ គឺ​បណ្តាលមកពី​ស្រាស ត្រូវបាន​ផលិត​ដោយមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។ លោក លើកឡើង​ទៀតថា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ករណី​ពុល​ស្រាស​នេះ​កើតឡើង​សាជាថ្មី ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់​ឆ្នាំ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​បិតស្រា​សលក់ និង​ណែនាំ​ឲ្យ​បញ្ឈប់​ពិសា​ស្រាស​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​។ 
 
​បើតាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខាងលើ​ដដែល ក្នុងចំណោម​មនុស្ស​១៣១​នាក់ ដែល​ពុល​ស្រាស​នោះ អ្នកខ្លះ ពុល ពេល​ទិញ​ស្រាស​យកទៅ​ពិសា​ជុំគ្នា​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ ហើយ​អ្នក​ខ្លះទៀត ពុល ពេល​ពិសា​ស្រាស​ក្នុង​ពិធី​បុណ្យសព​របស់​ស្ត្រី​ម្នាក់​៕ 
 

Tag:
 ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com