COVID-19
អន្តរជាតិ
វៀតណាម បិទ​ការហោះហើរ​ចូល​ស្រុក​ទាំងអស់ ក្រោយ​មាន​កូ​វីដ​-១៩ ចំនួន​ពីរ​ករណី​ទៀត​
02, Dec 2020 , 10:45 am        
រូបភាព
ក្រុមគ្រូពេទ្យវៀតណាមយកសំណាកពីប្រជាជន។ រូបភាព៖ Vietnam Express
ក្រុមគ្រូពេទ្យវៀតណាមយកសំណាកពីប្រជាជន។ រូបភាព៖ Vietnam Express
​វៀតណាម នៅ​ថ្ងៃទី​១ ខែធ្នូ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​ពីរ​បន្ថែមទៀត ដែល​ករណី​ទាំងពីរ​នេះ មាន​ទាក់ទង​នឹង​អ្នកជំងឺ​ដែលជា​គ្រូ​ភាសា​អង់គ្លេស​។ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ជាង​មុន ចាត់វិធានការ​ការពា​រ​មួយចំនួន និង​ផ្អាក​ការហោះហើរ​ចូលមកក្នុង​ស្រុក​ទាំងអស់​។

 
​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម លោក Nguyen Thanh Long នៅក្នុង​កិច្ចប្រជុំ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ​ពីរ​ករណី​បន្ថែមទៀត ដែល​ត្រូវជា​ក្មួយ និង​ជា​សិស្ស​របស់​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅក្នុង​ទីក្រុង​ហូជីមិញ​។ ករណី​ទាំងពីរ​នេះ ត្រូវបាន​រកឃើញ ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express​។ 
 
​កន្លងទៅ អាជ្ញាធរ​សុខាភិបាល​វៀតណាម បាន​រកឃើញ​អ្នកពាក់ព័ន្ធ​ជាមួយ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ចំនួន ១៣៧​នាក់ និង​បាន​ឲ្យ​អ្នក​ទាំងនោះ​ដាក់​ច​ត្តា​ឡី​ស័ក​។ មិនតែប៉ុណ្ណោះ វៀតណាម​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​របស់ខ្លួន នៅក្នុង​ទីក្រុង​ហូជីមិញ​ប្រុងប្រយ័ត្ន រក្សា​អនាម័យ និង​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ​។ 
 
​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​វៀតណាម លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុ​ក បាន​បញ្ជា​ឲ្យ​ផ្អាក​ជើងហោះហើរ​ចូលមកក្នុង​ស្រុក​ទាំងអស់ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​មកពី​ក្រៅប្រទេស​ផង ទុកពេល​ដោះស្រាយ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​ផង និង​អាច​គ្រប់គ្រង​មនុស្ស ដែល​ស្ថិតក្នុង​ច​ត្តា​ឡី​ស័ក​ផង​។ យ៉ាងណាក៏ដោយ ប្រជាជន​វៀតណាម ធ្វើដំណើរ​មក​ក្នុងប្រទេស​វិញ មិន​ត្រូវបាន​ហាមឃាត់​ឡើយ ដោយ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ជួយសង្គ្រោះ​ជន​ចាស់ជរា អ្នកជំងឺ និង​អ្នក​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ជាដើម​។ 
 
​ក្នុង​កិច្ចប្រជុំ​ដដែល​នេះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម ក៏បាន​ប្រាប់​ឲ្យ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​វិធានការ​តឹង​រ៉ឹ​ជាង​នេះ​លើ​ដំណើរការ​នៃ​ការដាក់​ច​ត្តា​ឡី​ស័ក​ផងដែរ​។ ករណី​ឆ្លង​ជា​សហគមន៍​នៅក្នុង​ទីក្រុង​ហូជីមិញ ដែល​អវត្តមាន​ជិត ៣​ខែ​កន្លងមកនេះ បាន​កើតមាន​ឡើងវិញ បន្ទាប់ពី​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​មិនបាន​ដាក់​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​ឆ្លងទៅ​គ្រូ​ភាសា​អង់គ្លេស ដែលជា​មិត្តភក្តិ​របស់ខ្លួន​តែម្ដង​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែវិច្ឆិកា វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ១៣៥១​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​ចំនួន ១១៩៥​នាក់​៕

Tag:
 វៀតណាម​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com