កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Inter ស្គាល់​ឈ្នះ​លើកដំបូង ឯ Real ចាញ់ Shakhtar ជា​លើក​ទី​២
02, Dec 2020 , 11:11 am        
រូបភាព
Inter Milan បាន​រកឃើញ​ជ័យជម្នះ​របស់ខ្លួន​លើកដំបូង​ក្នុងការ​ប្រកួត UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B ក្រោយ​យកឈ្នះ Borussia Moenchengladbach ក្នុង​លទ្ធផល ៣-២ នៅ​រាត្រី​ថ្ងៃទី​១ ខែធ្នូ​។ Real Madrid នៅតែ​បរាជ័យ​ក្រោម​ថ្វី​ជើង Shakhtar Donetsk ជា​លើក​ទី​២​។ ទាំង​៤​ក្រុម​អាច​ធ្លាក់ និង​ឡើងទៅ​វគ្គ​បន្ត​រៀងៗ​ខ្លួន​ក្នុងជំនួប​កាត់សេចក្តី​មួយ​លើកចុងក្រោយ​។​



​លទ្ធផល​ឈ្នះ ៣-២ បានធ្វើ​ឲ្យ​ក្រុម​របស់លោក Antonio Conte មាន​ដង្ហើម​ដើម្បី​បន្តទៅ​ប្រជែង​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ៣​គ្រាប់​របស់​ក្រុម​អ៊ីតាលី​សម្រេចបាន​ដោយ Matteo Darmian និង Romelu Lukaku ២​គ្រាប់ ឯ​ពីរ​គ្រាប់​របស់ Moenchengladbach ធ្វើបាន​ដោយ Alassane Plea ។​
 
​ឆ្លងកាត់​ការប្រកួត​៥​លើក Inter ចាញ់​២ ស្មើ​២ និង​ឈ្នះ​១​លើក រកបាន​៥​ពិន្ទុ នៅ​បាត​តារាង​ពូ​ល B ដោយ​ដេញតាម​ក្រុម​កំពូល​តារាង​ចំនួន​៣​ពិន្ទុ និង​លេខ​២ លេខ​៣ ចំនួន​២​ពិន្ទុ​។ ដោយសារ​ក្រុម​ទាំង​៤​ក្នុង​ពូ​ល​នេះ​មាន​ពិន្ទុ​ប្រដេញ​គ្នា​ដូច្នេះ​ពួកគេ​ត្រូវ​ប្រជែង​គ្នា​ការប្រកួត​នៅ​មួយ​លើកចុងក្រោយ​ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​នៅ​ឬ​ទៅ​វគ្គ​បន្ត​។​
 
​មូលហេតុ​ដែល Inter នៅមាន​ឱកាស​ច្រើន​ក្នុងការ​ប្រជែង​កៅអី​ទៅ​វគ្គ​ខ្វែង ក៏​ព្រោះ Real Madrid បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង Shakhtar ជា​លើក​ទី​២ ក្នុង​លទ្ធផល ២-០​។ ក្រុម​យក្ស​អេ​ស្ប៉ា​ញ បាន​ចាញ់​ក្រុម​អ៊ុយ​ក្រែ​ន​ម្តង​រួចមកហើយ​នៅ​ទឹកដី​ខ្លួន​ក្នុង​លទ្ធផល ៣-២​។​
 
​បរាជ័យ​នេះ ជា​រឿង​ដ៏​សោកស្តាយ​សម្រាប់​ក្រុម​លោក Zinedine Zidane ព្រោះ​ជ័យជម្នះ​ដើម្បី​៣​ពិន្ទុ​នៅ​ជំនួប​ទី​៥​នេះ នឹង​ជួយ​ពួកគេ​នឹង​ឡើង​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ ការប្រកួត​កាត់សេចក្តី​ចុងក្រោយ​ពូ​ល B នេះ Inter Milan ត្រូវ​ទទួល Shakhtar ខណៈ Real Madrid ស្វាគមន៍ Moenchengladbach នៅ​សប្តាហ៍​ក្រោយ​។ ក្រុម​ដែល​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១ និង​ទី​២ បាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម ឯ​លេខ​៣​សល់​កៅអី​លេង​នៅ Europa League បន្តទៀត​។​
 
​ដោយឡែក Liverpool បាន​កៅអី​ទៅ​វគ្គ​បន្ត​ជាមួយ​ក្រុម​អង់គ្លេស Chelsea និង Manchester City​។ ក្រោយ​ឈ្នះ Ajax ១-០ ក្រុម​ហង្ស​ក្រហម​កើន​ដល់​១២​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​ពូ​ល D​។ Atalanta នៅ​លេខ​២​មាន​៨​ពិន្ទុ ក្រោយ​ស្មើ FC Midtjylland ១-១ ខណៈ Ajax នៅ​លេខ​៣​មាន​៧​ពិន្ទុ ឯ​Midtjylland នៅ​បាត​តារាង​មាន​១​ពិន្ទុ​អស់​ឱកាស​ប្រជែង​កៅអី​ទាំងអស់​។​
 
​លទ្ធផល​ការប្រកួត​ដទៃទៀត​៖ 
 
​ពូ​ល A 
- Lokomotiv Moscow ១-៣ Salzburg 
- Atletico Madrid ១-១ Bayern Munich 
​ពូ​ល C
- FC Porto ០-០ Man City 
- Marseille ២-១ Olympiacos 
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com