ជាតិ
សង្គមជាតិ
ផ្សារ​ទំនើប​អ៊ី​អន​១​បើក​ដំណើការ​ឡើងវិញ តែ​មិន​អនុញ្ញាត​ឲ្យ​អ្នកមាន​កម្តៅ​៣៧,៥​អង្សា​ចូល​ឡើយ​
02, Dec 2020 , 11:33 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ផ្សារទំនើបអ៊ីអន
រូបពីទំព័រហ្វេសប៊ុករបស់ផ្សារទំនើបអ៊ីអន
ដោយ:
​ភ្នំពេញ​៖ ផ្សារ​ទំនើប​អ៊ី​អន​១​នឹង​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​២ ខែធ្នូ​នេះ ប៉ុន្តែ​កំណត់​លក្ខខណ្ឌ​មិន​ឲ្យ​អ្នកមាន​កម្តៅ​ចាប់ពី​៣៧,៥​អង្សា ចូល​ផ្សារ​ឡើយ ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ផ្សារ​ទំនើប​អ៊ី​អន​១ ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ពី​រដ្ឋាភិបាល​។

 
​មុន​អនុញ្ញាត​ឲ្យ​មនុស្ស​ចូលក្នុង​ផ្សារ​ទំនើប​នោះបាន គឺ​ត្រូវ​ឆ្លងកាត់​ការ​វាស់​កម្តៅ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​បាញ់​ទឹក​អាល់កុល ដែលមាន​បុគ្គលិក​ផ្សារ​ចាំ​ត្រួតពិនិត្យ ។ ចំណែក​ពលរដ្ឋ ដែល​ចូល​ផ្សារ​អ៊ី​អន ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​១,៥​ម៉ែត្រ​។ នេះ​បើតាម​ការផ្សាយ​របស់​ផ្សារ​ទំនើប​អ៊ី​អន​១​។ 
 
​គិត​មកដល់​ថ្ងៃទី​២ ខែធ្នូ​នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ និង​ធ្វើតេស្ត​មនុស្ស​ចំនួន​៨,២១២​នាក់​ហើយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ បើ​គិត​ជា​ចំនួន​សំណាក ក្រសួង​បានធ្វើ​តេស្ត​ចំនួន​២,៩១៧​សំណាក ដោយ​លទ្ធផល គឺ​អវិជ្ជមាន​កូ​វីដ​-១៩ ។ 
 
​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ពួកគេ​ទាំងអស់នោះ​នឹង​បន្ត​ធ្វើតេស្ត​ចំនួន​២​លើក​ទៀត លើក​ទី​២​នៅ​ថ្ងៃទី​៨ ខែធ្នូ លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​សរុប​ចំនួន​៣២៩​នាក់ ជាសះស្បើយ​ចំនួន​៣០៤​នាក់ និង​នៅសល់​ចំនួន​២៥​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕
 
 

Tag:
 ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com