អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក ថា គ្មាន​ភស្តុតាង​អាច​កែប្រែ​ជ័យជម្នះ​លោក បៃ​ឌិន ឡើយ​
02, Dec 2020 , 12:01 pm        
រូបភាព
រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr (ឆ្វេង) និងប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ ។ រូបពី AFP
រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr (ឆ្វេង) និងប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ ។ រូបពី AFP
ដោយ:
​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក លោក William Bar បាន​បញ្ជាក់ថា ក្រសួងយុត្តិធម៌​អាមេរិក រក​មិនឃើញ​ភស្តុតាង​ពាក់ព័ន្ធ​ការលួចបន្លំ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​បោះឆ្នោត ដែល​អាច​ផ្លាស់ប្តូរ​លទ្ធផល​បរាជ័យ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទល់នឹង​លោក ចូ បៃ​ឌិន ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​៣ ខែវិច្ឆិកា​ឡើយ​។ ការប្រកាស​នេះ គឺ​ផ្ទុយ​នឹង​ការប្ដឹងតវ៉ា​របស់លោក ត្រាំ ដែល​នៅតែ​មិនទាន់​ព្រម​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ដដែល ហើយ​បន្ត​ចោទ​គ្មាន​ភស្តុតាង​ថា ការបោះ​ឆ្ន​ត​មាន​ការលួចបន្លំ​។

 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក William Barr ដែល​ត្រូវបាន​មើលឃើញថា​ជាម​នុស្ស​ជំនិត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) និង​ក្រុម​រដ្ឋអាជ្ញា បានធ្វើការ​លើ​បណ្ដឹងតវ៉ា​និង​ព័ត៌មាន​ពាក់ព័ន្ធ​ការលួចបន្លំ​ការបោះឆ្នោត​ដែល​ពួកគេ​ទទួលបាន​។  ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា មកទល់ពេលនេះ គ្មាន​ឃើញ​មាន​ការលួចបន្លំ​ក្នុង​កម្រិត​មួយ ដែល​អាច​ផ្លាស់ប្តូរ​លទ្ធផល​ក្នុងការ​បោះឆ្នោត​ឡើយ​។ 
 
​ការលើកឡើង​របស់លោក Barr នេះ ធ្វើឡើង​ខណៈ​ក្រុម​ឃោសនា​លោក ត្រាំ ព្យាយាម​បញ្ជាក់ថា ពិត​ជាមាន​ការលួចបន្លំ​ការបោះឆ្នោត​ក្នុង​រដ្ឋ​គន្លឹះ ដូចជា រដ្ឋ Georgia, Michigan, Pennsylvania និង​រដ្ឋ​ដទៃទៀត ដោយ​សង្ឃឹម​រារាំង​ជ័យជម្នះ​លោក ចូ បៃ​ឌិន ដែល​នឹងត្រូវ​កំណត់​ជា​ផ្លូវការ​ក្នុងការ​បោះឆ្នោត​របស់​ប្រតិភូ​បោះឆ្នោត​នា​ថ្ងៃទី​១៤ ខែធ្នូ​។ 
 
​ជាមួយ​ការ​ឈ្នះ​ប្រតិភូ​បោះឆ្នោត ៣០៦ លោក បៃ​ឌិន កាន់កាប់​ប្រតិភូ​បោះឆ្នោត​លើស​ច្រើន​គួរសម បើ​ធៀប​នឹង​ចំនួន​ត្រូវការ ២៧០ ។ មិន​ត្រឹមតែ​ទទួលបាន​ប្រតិភូ​បោះឆ្នោត​លើស​លោក​ត្រាំ​ដែល​ទទួល​ត្រឹមតែ​២៣២ ប្រធានាធិបតី​ជាប់ឆ្នោត បៃ​ឌិន ថែមទាំង​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ពី​ប្រជាជន​អាមេរិក​លើស​លោក ត្រាំ ជាង​៦​លាន​សន្លឹក​ផងដែរ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​តប​នឹង​ការប្រកាស​របស់លោក Barr លោក Rudy Guilian និង​អ្នកស្រី Jenna Ellis មេធាវី​លោក​ត្រាំ បាន​លើកឡើងថា ការស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​អាមេរិក មិន​បញ្ជាក់​តថភាព​ក្នុងការ​បោះឆ្នោត​អាមេរិក​ឡើយ​។ «​យើង​នឹង​បន្ត​ស្វែងរក​ការពិត​តាមរយៈ​ប្រព័ន្ធតុលាការ និង​អង្គនីតិបញ្ញត្តិ​»​។ មេធាវី​លោក ត្រាំ ទាំងពីរ​នាក់ បញ្ជាក់បន្ថែម​បែបនេះ​។ 
 
​កន្លងទៅ ក្រុម​ឃោសនា​លោក ត្រាំ បាន​អះអាងថា ដំណើរការ​បោះឆ្នោត​អាមេរិក មាន​ការលួចបន្លំ ក្រោមរូបភាព​ជាច្រើន​ដូចជា សន្លឹកឆ្នោត​មាន​ច្រើនជាង​អ្នកមាន​សិទ្ធិ​បោះឆ្នោត ឈ្មោះ​ខ្មោច​រាប់ពាន់នាក់​ចេញទៅ​បោះឆ្នោត សន្លឹកឆ្នោត​ក្លែងក្លាយ និង​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​ត្រូវ​កែ​ឲ្យ​ចេញ​លទ្ធផល​លោក បៃ​ឌិន ឈ្នះ ជាដើម​។ ស្ទើរតែ​ទាំង​អស់នៃ​បណ្ដឹង​របស់​ពួកគេ ត្រូវបាន​តុលាការ​បដិសេធ ព្រោះតែ​ខ្វះខាត​ព័ស្តុតាង​រឹងមាំ​។ 
 
​ទាក់ទិន​នឹង​ការ​អះអាងថា​ការកេងបន្លំ​តាមរយៈ​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត លោក Bar ដែល​ត្រូវ​តែងតាំង​ផ្ទាល់​ដោយ​លោក ត្រាំ និយាយថា ក្រសួងយុត្តិធម៌ និង​ក្រសួង​សន្តិសុខ​មាតុភូមិ បាន​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ ហើយ​គ្មាន​រកឃើញ​អ្វី​ខុស​ប្រក្រតី​ធំដុំ​នោះឡើយ​។ 
 
​ថ្ងៃ​តែមួយ​នៃ​ការចុះផ្សាយ​កិច្ច​សម្ភាស​លោក លោក Barr ក៏ត្រូវ​បាន​កោះហៅ​ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ នៅ​សេត​វិមាន​អាមេរិក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន បាន​រាយការណ៍​ថា លោក ត្រាំ មិនសូវ​សប្បាយចិត្ត​ជាមួយ​ក្រសួងយុត្តិធម៌​អាមេរិក​ត្រង់​ថា ពួកគេ​មិន​ប្រឹងប្រែង​គាំទ្រ​លោក ហើយ​លោក Barr ត្រូវបាន​រាយការណ៍​ថា អាច​នឹងត្រូវ​អស់តំណែង​ទៀតផង​។ 
 
​ទោះបីជា​ប្រធានាធិបតី​ផុត​អាណត្តិ មិនទាន់​ព្រម​ចុះចាញ់ លោក បៃ​ឌិន ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ ចាប់ផ្ដើម​ដំណើរការ​ផ្ទេរអំណាច ដោយ​ញាប់ដៃ​ញាប់ជើង​រៀបចំ​គណៈរដ្ឋមន្ត្រី​។ មកដល់ពេលនេះ លោក​រើស​ប្រធាន​បុគ្គលិក​សេត​វិមាន ក្រុមការងារ​សន្តិសុខ​ជាតិ សេដ្ឋកិច្ច និង​ការបរទេស​៕  

Tag:
 អាមេរិក​
  William Barr
  ដូ​ណា​ល់ ត្រាំ​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com