ជាតិ
លោកស្រី ហ៊ីឡារី គ្លីនតុន ស្ញប់ស្ញែង Cher ដែលរកជីវិតថ្មីឲ្យ Kaavan នៅកម្ពុជា
02, Dec 2020 , 12:29 pm        
រូបភាព
រូបថត៖ CWS និង AFP
រូបថត៖ CWS និង AFP
ដោយ: រួបរួម
«តើមានអ្វីទៀតដែល Cher មិនអាចធ្វើបាន?»។ នេះជាសារនៅលើបណ្តាញសង្គម Twitter របស់លោកស្រី ហ៊ីឡារី គ្លីនតុន អតីតស្ត្រីទី១ និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ដោយស្ងប់ស្ងែងនឹងសកម្មភាពរបស់តារាចម្រៀង Cher ដែលព្យាយាមតស៊ូឲ្យសត្វដំរី Kaavan ចាកចេញពីភាពឯកោ។



អត្ថបទទាក់ទង


Cher អាយុ៧៤ឆ្នាំ ដែលមានឈ្មោះដើមថា Cherilyn Sarkisian ត្រូវបានចាត់ទុកជារាជិនីចម្រៀងប៉ុបរបស់អាមេរិក Goddess of Pop និងជាតារាភាពយន្តលំដាប់ពិភពលោក។ កាលពីអំឡុងយុទ្ធនាការបោះឆ្នោតនាឆ្នាំ២០១៦ Cher ចូលរួមយ៉ាងស្វិតស្វាញក្នុងការស្វែងមូលនិធិគាំទ្រលោកស្រី ហ៊ីឡារី ហើយបន្តដល់លោក ចូ បៃឌិន ក្នុងការប្រជែងតំណែងជាមួយលោក ដូណាល់ ត្រាំ នាឆ្នាំ២០២០ នេះ។

សម្រាប់លោកស្រី ហ៊ីឡារី គ្លីនតុន តារាចម្រៀង Cher អាចធ្វើបានគ្រប់យ៉ាង។ នេះបើយ៉ោងតាមអត្ថន័យនៃតំណភ្ជាប់អត្ថបទសារព័ត៌មាន ABC News ដែលដាក់ចំណងជើងថា៖ «ដំរីដ៏ឯកោបំផុតលើលោក ទទួលបានជំនួយមួយចំនួនពី Cher នាអំឡុងការរស់នៅជីវិតថ្មីនៅកម្ពុជា»។



នារយៈពេល៥ឆ្នាំកន្លងមកនេះ Cher បានចូលរួមយ៉ាងខ្លាំងក្លាក្នុងការទាមទារសេរីភាពឲ្យ Kaavan បន្ទាប់ពីគាត់បានឃើញញត្តិដែលរៀបរាប់ពីស្ថានភាពដ៏ឯកោ និងការរស់នៅដោយជាប់ច្រវាក់របស់ដំរីអាស៊ីមួយនេះនៅក្នុងសួនសត្វអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន។

Kaavan ជាអំណោយដែលរដ្ឋាភិបាលស្រីលង្កា ផ្តល់ទៅប៉ាគីស្ថាន ចាប់តាំងពីវាកើតមកនៅឆ្នាំ១៩៨៥។ ជីវិតរបស់វា មានភាពឯកោ ហើយកាន់តែខ្វះការយកចិត្តទុកដាក់ ក្រោយពេលដែលដំរីញី Saheli ដែលជាដៃគូ បានបាត់បង់ជីវិតនៅឆ្នាំ២០១២។

អាជ្ញាធរសួនសត្វរងការចោទប្រកាន់ថា ចិញ្ចឹម Kaavan មិនបានត្រឹមត្រូវ ដោយគ្មានទីលំហដកដង្ហើម អាងទឹកដ៏តូចដែលជាទូទៅមានសីតណ្ហភាព៤០ដឺក្រេ។ យុទ្ធនាការ #SaveKavaan ដែលផ្តួចផ្តើមដោយ Cher ទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ ចលនាទាមទារយ៉ាងផុសផុលតាមអ៊ីនធ័រណិតតាំងពីឆ្នាំ២០១៦មក នាំតុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា សម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ Kaavan។

នៅថ្ងៃទី៣០ ខែវិច្ឆិកា Kaavan ត្រូវបានដឹកចេញពីសួនសត្វអ៊ីស្លាម៉ាបាត មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបន្តទៅដែនជម្រកគូលែនព្រហ្មទេពក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលដោយអង្គការដែនជម្រកសត្វព្រៃកម្ពុជា (CWS)។

Cher រួមជាមួយក្រុមអភិរក្សសត្វ Free the Wild និងអ្នកជំនាញនៃអង្គការ Four Paws International ក៏បានជូនដំណើរ Kaavan មកដល់កម្ពុជាផ្ទាល់ផងដែរ ខណៈភាគីរដ្ឋាភិបាលកម្ពុជា មានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅចាំទទួលស្វាគមន៍។

ក្រោមការជ្រោមជ្រែងរបស់ Cher និងការដឹកនាំបង្វឹកដោយផ្ទាល់របស់វេជ្ជបណ្ឌិត Amir Khalil នៃអង្គការ Four Paws ដំរី Kaavan អាយុ៣៦ឆ្នាំ បានចាប់ផ្តើមជីវិតរបស់ខ្លួននៅទឹកដីកម្ពុជា ហើយផ្តើមមានទំនាក់ទំនងជាមួយដៃគូស្នេហាញីដល់ទៅ៣ក្បាល ក្នុងនោះមានអារុណរះ ស្រីផ្លក់ និងស្រីអៀន ដែលជាប្រភេទដំរីអាស៊ីដូចគ្នា។

រឿងរ៉ាវរបស់ Kaavan និងសកម្មភាពជ្រោមជ្រែងរបស់ Cher ទទួលបាននូវការចាប់អារម្មណ៍ពីបណ្តាសារព័ត៌មានធំៗនៅលើពិភពលោក ដោយភាគច្រើនស្វាគមន៍ចំពោះការចាកចេញពីភាពឯកោរបស់ Kaavan។



ក្នុងអាជីពរបស់ខ្លួនទាំងសំដែង និងចម្រៀង  Cher បានឈ្នះពានរង្វាន់រហូតដល់ទៅ១៤៦ (ក្នុងនោះមាន Academy Award, Grammy Award, Emmy Award, Golden Globe និង Best Actress Award នៅទិវាភាពយន្តក្រុង Cannes ជាដើម។

អាល់ប៊ុមចម្រៀងល្បីៗរបស់ Cher មានដូចជា "Dancing Queen" (2018), "Closer to the Truth" (2013), "Believe" (1998), "It's a Man's World" (1996), "Heart of Stone" (1989), "Cher" (1987), "Take Me Home" (1979), "Cherished" (1977), "I'd Rather Believe in You" (1976), "With Love, Cher" (1968), "All I Really Want to Do" (1965) ជាដើម។

រីឯភាព និងកម្មវិធីទូរទស្សន៍ មានដូចជា "Mamma Mia! Here We Go Again" (2018), "Zookeeper" (2011), "Will & Grace" (2000–2002), "Tea with Mussolini" (1999), "Prêt-à-Porter" (1994), "Dead Ringer" (1981), "Love, American Style" (1971), "The Man from U.N.C.L.E." (1967) ជាដើម៕


Tag:
 Kaavan
© រក្សាសិទ្ធិដោយ thmeythmey.com