កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Newcastle ឆ្លង​កូ​វីដ​-១៩​ច្រើន ដែល​ត្រូវ​ពន្យារពេល​ប្រកួត​ទល់ Aston សប្តាហ៍​នេះ​
02, Dec 2020 , 3:40 pm        
រូបភាព
​ការប្រកួត​រវាង Newcastle United និង Aston Villa ក្នុង​ក្របខណ្ឌ Premier League សប្តាហ៍​នេះ​ត្រូវ​ពន្យារពេល បន្ទាប់ពី​កីឡាករ​របស់​ក្រុម​សារិការ​ព្រៃ​ច្រើន​នាក់ ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ កូ​វីដ​-១៩ នៅឯ​ទីលាន​ហ្វឹកហាត់​។​



​ក្រោយ​រកឃើញថា មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​សកល ក្លិប Newcastle បានសម្រេច​បិទ​ទីតាំង​ហ្វឹកហាត់​របស់ខ្លួន​តែម្តង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ កីឡាករ និង​បុគ្គលិក​ជាច្រើន​នាក់​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​រៀងៗ​ខ្លួន​។​
 
​ដោយសារ​មាន​សមាជិក​ក្រុម​ចំនួន​៥​នាក់ និង​បុគ្គលិក​២​នាក់​ទៀត​ផ្ទុក​កូ​វីដ​-១៩ ក្លិប Newcastle បាន​ស្នើសុំ​ពន្យារពេល​ការប្រកួត​ទល់ Aston Villa នៅ​រាត្រី​ថ្ងៃទី​៤ ខែធ្នូ​នេះ ហើយ​លី​គ​ក៏បាន​យល់ព្រម​សំណើរ​នេះ​នៅ​ថ្ងៃទី​១ ធ្នូ​។ នេះ​ជាការ​ពន្យារពេល​ប្រកួត​លី​គ​កំពូល​អង់គ្លេស​ដោយសារ កូ​វីដ​-១៩ ជា​លើកដំបូង​ហើយ សម្រាប់​រដូវ​កាល​ថ្មី ២០២០-២១​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Steve Bruce អ្នកចាត់ការ​ទូទៅ​ក្រុម​សារិកា​ព្រៃ​បាន​អះអាងថា ក្រុម​របស់លោក​មាន​កីឡាករ​៣​រូប និង​បុគ្គលិក​១​រូប​ឆ្លង​រួចហើយ ក្នុងជំនួប​ដែល​យកឈ្នះ Crystal Palace ២-០ កាលពី​សប្តាហ៍​មុន​។​
 
​ក្រោយ​ពន្យារពេល​ជាមួយ Aston នៅ​សប្តាហ៍​បន្ទាប់​ពោលគឺ​នៅ​ថ្ងៃទី​១២ ខែធ្នូ Newcastle នឹងត្រូវ​ទទួលភ្ញៀវ West Brom មុន​ទៅ​ប៉ះ Leeds United នៅ​៣​ថ្ងៃ​បន្ទាប់​។ ក្រុម​លោក Bruce នៅ​មិនទាន់​ប្រាកដថា កីឡាករ​អាចជា​សះស្បើយ​ទាន់ពេល​ឬក៏​អត់​នោះទេ​៕
 

Tag:
 Newcastle United
  Premier League
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com