COVID-19
អន្តរជាតិ
អង់គ្លេស ជា​ប្រទេស​ដំបូង​គេ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Pfizer
02, Dec 2020 , 3:04 pm        
រូបភាព
ដប ដែលត្រូវបានសរសេរថា វ៉ាក់សាំងកូវីដ-១៩។ រូបភាព៖ Reuters
ដប ដែលត្រូវបានសរសេរថា វ៉ាក់សាំងកូវីដ-១៩។ រូបភាព៖ Reuters
​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២ ខែធ្នូ បាន​ក្លាយជា​ប្រទេស​ទីមួយ​លើ​ពិភពលោក អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​អាមេរិក Pfizer សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​។ វ៉ាក់សាំង​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ​។



​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​លោក Matt Hancock រដ្ឋាភិបាល បាន​ទទួលយក​ការណែនាំ​របស់​និយ័ត​ករ​ផលិតផល​សុខភាព និង​ថ្នាំពេទ្យ (MHRA) ដើម្បី​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង Pfizer ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​អង់គ្លេស បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Pfizer-BioNTech ៤០​លាន​ដូ​ស ដើម្បី​ចាក់​ពីរដង​លើ​ប្រជាជន​ខ្លួន ២០​លាន​នាក់​។ អាទិភាព នឹងត្រូវ​ផ្ដល់​ឲ្យ​មនុស្ស​ចាស់ គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​អ្នកមាន​ផ្ទុក​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​។ 
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ វ៉ាក់សាំង នឹងដាក់​ឲ្យ​ប្រើប្រាស់ ឬ​ដាក់លក់ ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ​នៅ​ចក្រភព​អង់គ្លេស​។ ការអនុម័ត​នេះ បានធ្វើ​ឲ្យ​អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​បំផុត​នៅលើ​ពិភពលោក ដែល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​។ 
 
​តាម​លទ្ធផល​បឋម​នៃ​ការពិសោធន៍​កន្លងមក ក្រុមហ៊ុន​ថ្នាំពេទ្យ Pfizer ដែល​សហការ​ជាមួយ​ក្រុមហ៊ុន BioNTech បាន​អះអាងថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រឆាំង​ជាមួយ​កូ​វីដ​-១៩ រហូតដល់ ៩៥​ភាគរយ​ឯណោះ​។ កម្រិត​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ គឺ​លើសពី​វ៉ាក់សាំង​ផ្សេងទៀត ដូចជា Moderna មាន​ប្រសិទ្ធភាព ៩៤,៥​ភាគរយ និង​ក្រុមហ៊ុន AstraZeneca ដែលមាន​ប្រសិទ្ធ​ភាពជា​មធ្យម​ប្រមាណ ៧០​ភាគរយ​៕ 

Tag:
 អង់គ្លេស​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com