ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​រុស្ស៊ី ពិភាក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​
02, Dec 2020 , 4:13 pm        
រូបភាព
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងកម្ពុជា-រូស្សី កាលពីថ្ងៃទី១ធ្នូ ២០២០។  (រូបេពីក្រសួងពាណិជ្ជកម្ម)
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងកម្ពុជា-រូស្សី កាលពីថ្ងៃទី១ធ្នូ ២០២០។ (រូបេពីក្រសួងពាណិជ្ជកម្ម)
​ភ្នំពេញ​៖ កម្ពុជា​-​រុស្ស៊ី បាន​ពិនិត្យ​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដើម្បី​ទាញយក​ផលប្រយោជន៍​រួមគ្នា​។ ការពិភាក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក អា​ណាត​តូ​លី បូ​រ៉ូ​វី​ក (Anatoly Borovik) អគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​។


​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ស្រង់​សម្តី​លោក អា​ណាត​តូ​លី បូ​រ៉ូ​វី​ក បាន​បញ្ជាក់ថា មេរោគ​កូ​វីដ​-១៩ កំពុង​បង្ក​ការរាំងស្ទះ​ដល់​ការបញ្ជាទិញ និង​ការដឹកជញ្ជូន​ទំនិញ​ទូទាំង​សកលលោក ជាពិសេស​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​រុស្ស៊ី​ធ្លាក់ចុះ​ទៀតផង​។ លោក​បន្តថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កម្ពុជា​-​រុស្ស៊ី ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០២០​នេះ គឺ​ធ្លាក់ចុះ​ប្រមាណ​១៨​ភាគរយ​។ 
 
​ទាក់ទង​នឹង​ការពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ លោក សុខ សុភ័ក្ត្រ បាន​បញ្ជាក់ថា កម្ពុជា​ត្រូវការ​វិនិយោគ​បន្ថែម​ពី​សហព័ន្ធ​រុស្ស៊ី ពិសេស​ផ្នែក​ម៉ាស៊ីន​ធុន​ស្រាល​និង​មធ្យម ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្ពុជា សម្រាប់​បង្កើន​ការប្រកួតប្រជែង​ក្នុងការ​នាំចេញ​។ លោក សង្កត់ធ្ងន់ថា​៖ «​កម្ពុជា​បង្ហាញ​បំណង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​រុស្ស៊ី ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​»​។ 
 
​ជុំវិញ ការសិក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​រុស្ស៊ី​នេះ លោក ស៊ា​ង ថែ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ Telegram ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ គឺ​ត្រូវ​សិក្សា​ឲ្យ​ឃើញ​ជាមុនសិន​ពី​ផលប្រយោជន៍​រវាង​ភាគី​ទាំងពីរ ទើប​ចាប់ផ្ដើម​បើក​ការចរចា​។ 
 
«​ចំពោះ​ផលប្រយោជន៍ យើង​អាច​មើលឃើញ​ជារួម​ថា ការបើក​ច្រក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ ជាមួយនឹង​កិច្ចសម្របសម្រួល​កាន់តែ​ប្រសើរ វា​នឹង​ជួយ​ជំរុញ​ឲ្យ​ការនាំចេញ​របស់​យើង​កាន់តែ​បាន​ច្រើន​។ ផលិតផល​ដែល​កម្ពុជា អាច​នាំចេញ​បាន មាន កសិផល​, ផលិតផល​កែច្នៃ​, សម្លៀកបំពាក់​, ស្បែកជើង​, ទោចក្រយាន ជាដើម​»​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ា​ង ថៃ​។ 
 
​កន្លងមក​កម្ពុជា​សម្រេច​បាន​កិច្ចព្រមព្រៀង​ជាច្រើន រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១២​តុលា​ឆ្នាំ​២០២០​។ ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (CKFTA) បានបញ្ចប់​ជុំ​ទី​៤​នៅ​វិច្ឆិកា ឆ្នាំ​២០២០​។ លើសពីនេះ កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​(RCEP) ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០២០ បន្ថែម​លើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​+១ (​ជាមួយ​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​និង​ណូ​វែ​ល​សេ​ឡង់ និង​ហុងកុង​) ដែល​កំពុងផ្តល់​ទីផ្សារ​យ៉ាង​ធំ​ទូលាយ​ដល់​កម្ពុជា​៕ 
 

Tag:
 ពាណិជ្ជកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com