កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Arsenal នៅ​កេ​ន​យ៉ា សម្លាប់​បុរស​ម្នាក់​ដែល​ចំអក​ខ្លួន​ក្រោយ​ចាញ់ Wolves
02, Dec 2020 , 10:59 pm        
រូបភាព
​បុរស​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​កេ​ន​យ៉ា បន្ទាប់ពី​ចំអក​រឿង​ក្រុម Arsenal ចាញ់ Wolverhampton Wanderers ក្នុង​លទ្ធផល ២-១ កាលពី​សប្តាហ៍​មុន​។ អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ​ពិតជា​មិន​សប្បាយចិត្ត​ឡើយ ដ្បិត​រង​បរាជ័យ​៣​លើក​ក្នុង​ដី​រដូវ​កាល​នេះ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៤​ក្នុង​តារាង Premier League​។​


​បើតាម​ការចុះផ្សាយ​រប​ស់ Goal ក្រុម​អ្នកគាំទ្រ Arsenal បានសម្លាប់​បុរស​ម្នាក់​នោះ​នៅឯ​មជ្ឈមណ្ឌល Kinamba នៅតាម​បណ្តោយ​ផ្លូវ Naivasha-Kirima​។ មូលហេតុ ដែល​នាំ​ឲ្យ​មានការ​វាយ​រហូតដល់​ស្លាប់​នេះ គឺ​ដោយសារ​បុរស​នោះបាន​ចំអក​ទៅ​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​ដោយ​ក្រុម​ចាញ់ Wolves ក្នុងការ​ប្រកួត​លី​គ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា​។​
 
​នេះ​ជា​បរាជ័យ​លើក​ទី​៥ និង​លើក​ទី​៣​នៅ​កីឡដ្ឋាន Emirate របស់​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ Mikel Arteta នៅ​រដូវ​កាល ២០២០-២១​នេះ ក្នុងចំណោម​ការប្រកួត​ទាំង​១០​លើក​។ Arsenal រកបាន​តែ​១៣​ពិន្ទុ​ប៉ុណ្ណោះ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៤​បណ្តោះអាសន្ន​។​
 
​ដោយសារ​មួម៉ៅ​នឹង​លទ្ធផល​ចាញ់ និង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផង អំពើហិង្សា​ក៏បាន​កើត​ឡើយ​តែម្តង​។ Goal បន្តថា មាន​បុរស​វ័យ​កណ្តាល​ម្នាក់​ត្រូវបាន​គេ​វាយ​ចំក្បាល​នឹង​ដុំថ្ម​នៅពេល​ចាប់ផ្តើម​និយាយ​ចំអក​ទៅកាន់​អ្នកគាំទ្រ​របស់​ក្រុម Arsenal បន្ទាប់ពី​ការប្រកួត​ចាញ់​។ 
 
«​អ្នកគាំទ្រ Arsenal កំពុង​មើល​ការប្រកួត​ផ្ទាល់​ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ នៅពេល​ឃាតកម្ម​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​៣០ វិច្ឆិកា​នោះ​។ អ្នកស្លាប់​មាន​ឈាម​ហូរ​ចេញពី​ក្បាល​យ៉ាងច្រើន​នៅលើ​ផ្លូវ ក្បែរ​កន្លែង​មិត្តភក្តិ​របស់​ជនរងគ្រោះ​កំពុង​ផឹកស៊ី​»​។​
 
​ក្រោយ​កើតហេតុ ប៉ូលិស​កេ​ន​យ៉ា​បាន​បើក​ការស៊ើបអង្កេត និង​ចាប់ខ្លួន​ជនដៃដល់​ដែល​ពាក់ព័ន្ធ​នឹង​ឃាត​កម្មនេះ​។ 
 
​រឿង​ដ៏​អកុសល​នេះ មិនមែន​ទើប​កើត​ឡើងជា​លើក​ទី​១​ទេ​នៅក្នុង​ប្រទេស​កេ​ន​យ៉ា នៃ​ទ្វីបអាហ្វ្រិក​នេះឡើយ​។ កាលពី​ឆ្នាំ​២០១៤ អ្នកគាំទ្រ Arsenal បាន​ចាក់​សម្លាប់​អ្នក​ទ្រ Liverpool ម្នាក់ បន្ទាប់​ក្រុម​ពួកគេ​បរាជ័យ​ក្នុង​លទ្ធផល ៥-១ នា​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​៕
 

Tag:
 Arsenal
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com