ប្រធាន​រណសិរ្ស​២​ធ្នូ រម្លឹក​ពី​អ្នកស្នេហាជាតិ ដែល​បូជាជីវិត ដើម្បី​រំដោះប្រទេស​
ជាតិ
សង្គមជាតិ
ប្រធាន​រណសិរ្ស​២​ធ្នូ រម្លឹក​ពី​អ្នកស្នេហាជាតិ ដែល​បូជាជីវិត ដើម្បី​រំដោះប្រទេស​
02, Dec 2020 , 5:21 pm        
រូបភាព
សម្តេច ហេង សំរិន ថ្លែងក្នុងពិធីប្រារព្ធខួប៤០ឆ្នាំនៃការបង្កើតរណសិរ្ស២ធ្នូ ដែលរៀបចំឡើងកាលពីឆ្នាំ២០១៨។ រូបពីក្រសួងព័ត៌មាន
សម្តេច ហេង សំរិន ថ្លែងក្នុងពិធីប្រារព្ធខួប៤០ឆ្នាំនៃការបង្កើតរណសិរ្ស២ធ្នូ ដែលរៀបចំឡើងកាលពីឆ្នាំ២០១៨។ រូបពីក្រសួងព័ត៌មាន
​នា​ទិវា​រម្លឹក​ខួបកំណើត​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ឬ​ហៅ​ខ្លី​ថា រណសិរ្ស​២​ធ្នូ សម្តេច ហេង សំរិន ដែលជា​ប្រធាន​ពេល​រណសិរ្ស​នេះ ត្រូវបាន​បង្កើតឡើង​ដំបូង នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ បាន​បង្ហោះ​សារ​រម្លឹក​គុណ​របស់​យុទ្ធជន​និង​អ្នកស្នេហាជាតិ ដែល​ហ៊ាន​លះបង់​ជីវិត ដើម្បី​ចូលរួម​រំដោះ​ប្រទេសជាតិ​និង​ប្រជាជន​ពី​របប​ខ្មែរក្រហម​។ បច្ចុប្បន្ន រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។

 
​សម្តេច ហេង សំ រិ​ន ប្រធានរដ្ឋសភា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​ទម្រាំ​មាន​ថ្ងៃនេះ យើង​បានធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ ឆ្លងកាត់​ការលំបាក ឧបសគ្គ​រាប់ម៉ឺន​ជំពូក​។ ឥស្សរជន អតីត​យុទ្ធ [​ជន​] អ្នកស្នេហាជាតិ​យើង​រាប់មិនអស់ បាន​ពលី​កម្ម​អាយុជីវិត បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ដោយ​មិន​ខ្លាច​នឿយហត់ និង​ស្តាយស្រណោះ​អាយុជីវិត​នោះឡើយ​»​។​
 
​សម្តេច ហេង សំរិន បានលើកឡើង​នូវ​ពាក្យ​មួយ​ឃ្លា ដែល​គណបក្ស​ប្រជាជន​តែង​លើកឡើងថា មាន​២​ធ្នូ ឆ្នាំ​១៩៧៨ ទើប​មាន​៧​ខែមករា ឆ្នាំ​១៩៧៩ ហើយ​មាន​៧​ខែមករា ឆ្នាំ​១៩៧៩ ទើប​មាន​ថ្ងៃនេះ​។ សម្តេច បន្តថា រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​បាន​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​ខ្មែរ​ពីរ​បប​ខ្មែរក្រហម​ទេ តែ​ថែមទាំង​បាន​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​ផងដែរ​។ 
 
​ដោយ​យល់ថា សន្តិភាព​បានមក​ដោយ​លំបាក​បែបនេះហើយ ទើប​ប្រធានកិត្តិយស​គណបក្សកាន់អំណាច​រូបនេះ បន្ត​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ​និង​ថែរក្សា​សន្តិ​ភា​ភ​។​
 
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្សកាន់អំណាច ដែល​ត្រូវបាន​ចាត់ទុកជា​ឥស្សរជន​ម្នាក់​នៃ​ចលនា​រណសិរ្ស​២​ធ្នូ​ដែរនោះ រំលេច​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស​២​ធ្នូ និង​ជ័យជម្នះ​៧​មករា​ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​។ នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ»​។ 
 
​រណសិរ្ស​២​ធ្នូ ត្រូវបាន​បង្កើតឡើង នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និង សម្តេច ហ៊ុន សែន ត្រូវបាន​ចាត់ទុកជាមនុស្ស​សំខាន់ ក្នុង​ចលនា​រណសិរ្ស​២​ធ្នូ​នេះ​។ មកដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ រណសិរ្ស​២​ធ្នូ មាន​អាយុកាល​៤២​ឆ្នាំ​ហើយ​។ ដោយសារតែ​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ការ​ប្រារព្ធ​ពិធី​រម្លឹក​ខួប​៤២​ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស​២​ធ្នូ មិនត្រូវ​បានរៀបចំ​ឡើង​នោះទេ​៕ 
 
 
 

Tag:
 ខួប​រណសិរ្ស​២​ធ្នូ​
  ហេង សំរិន​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com