សង្គមអន្តរជាតិ​
អន្តរជាតិ
សភា​កូរ៉េខាងត្បូង អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​តារា K-pop ពន្យារពេល​បម្រើ​យោធា
02, Dec 2020 , 5:59 pm        
រូបភាព
ដោយ:
​សភា​កូរ៉េខាងត្បូង បានអនុម័ត​ច្បាប់​ដែល​បើកផ្លូវ​ឲ្យ​តារាចម្រៀង K-pop ពន្យារពេល​ចូល​បម្រើ​យោធា ប្រសិនបើ​ពួកគេ​មាន​ស្នាដៃ​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ​។ ច្បាប់​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ចម្រៀង​ប្រុស BTS មានលទ្ធភាព​លើក​ពេល​បម្រើ​កាតព្វកិច្ច​យោធា​រហូតដល់​អាយុ ៣០​ឆ្នាំ ។   

 
 
​តាមច្បាប់​កូរ៉េខាងត្បូង បុរស​កូរ៉េខាងត្បូង​ដែលមាន​អវយវៈ​រឹងមាំ ចន្លោះ​ពី​អាយុ ១៨ ឆ្នាំ ដល់ ២៨​ឆ្នាំ ត្រូវ​ចូល​បម្រើ​យោធា​របស់​ប្រទេស​ខ្លួន​រយៈពេល​២០​ខែ ឬ ១​ឆ្នាំ​៨​ខែ​។ ក៏ប៉ុន្តែ​ក្រោម​ច្បាប់​ថ្មី​ដែល​ទើប​អនុម័ត តារាចម្រៀង K-pop អាច​ពន្យារពេល​ចូល​បម្រើ​កាតព្វកិច្ច​ពួកគេ​បាន ប្រសិនបើ​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រី​វប្បធម៌​។ 
 
​ច្បាប់​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន នៅមុន​ថ្ងៃ​ខួបកំណើត​២៨​ឆ្នាំ​របស់​សមាជិក​ចាស់​ជាងគេ​របស់​ក្រុម​ចម្រៀង​បុរស BTS របស់​កូរ៉េខាងត្បូង Jin ។ តាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ច្បាប់​ដែល​ទើប​កែប្រែ​រួច​ហៅថា ច្បាប់​បម្រើការ​យោធា ឬ Military Service Act ចែង​ដូច្នេះ​ថា​៖« តារាចម្រៀង Pop ដែល​ទទួលបាន​អនុសាសន៍​ពី​រដ្ឋមន្ត្រី​វប្បធម៌​ដើម្បី​ពង្រឹង​មុខមាត់​ប្រទេស​កូរ៉េ​ទាំង​ក្នុងស្រុក និង​នៅ​ទូទាំង​ពិភពលោក ត្រូវ​អនុញ្ញាត​ឲ្យ​លើក​ពេល​បម្រើការ​កាតព្វកិច្ច​យោធា​រហូតដល់​អាយុ​៣០​ឆ្នាំ​»​។​
 
​ក្រុម​ចម្រៀង​បុរស BTS  មាន​ភាព​ល្បី​រន្ទឺ​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ កាលពី​សប្ដាហ៍​មុន ពួកគេ បាន​ក្លាយជា​ក្រុម​ចម្រៀង K-pop ដំបូង​ដែល​ទទួលបាន​ការតែងតាំង​សម្រាប់​ពានរង្វាន់ «Grammy Award» ឆ្នាំ​២០២១​។ បទ​ចម្រៀង​ល្បី​ចុងក្រោយ​ពួកគេ​ចំណងជើង «Dynamite» ត្រូវបានតែងតាំង​ក្នុង​ចំណាត់ថ្នាក់ «Best Pop Duo/Group Performance» ជាមួយ​តារាចម្រៀង​អាមេរិក Lady Gaga និង Taylor Swift ។​
 
​ជាមួយគ្នានេះដែរ ក្រុម​ចម្រៀង BTS នេះ ក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ក្លាយជា​ក្រុម​ចម្រៀង​កូរ៉េ​ទីមួយ ដែល​ហក់​ដល់​កំពូល​តា​រាង​បទ​ចម្រៀង ១០០ របស់ Billboard Hot ហើយក៏​ជា​ក្រុម​ទីមួយ ដែលមាន​បទ​ចម្រៀង​មិន​ច្រៀង​ជា​ភាសា​អង់គ្លេស អាច​ឡើង​គ្រង​តំណែង​លេខ​មួយ​នោះ​។ ក្រុម BTS ក៏​ទទួល​ការកោតសរសើរ​ពី​សំណាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ផងដែរ ដែល​បាន​និយាយថា ពួកគេ​បាន​សរសេរ​ជំពូក​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​ចម្រៀង K-pop៕ 

Tag:
 កូរ៉េខាងត្បូង​
  K-pop
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com